១ កូរិនថូស 2:7-10
១ កូរិនថូស 2:7-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។ គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។ ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។
១ កូរិនថូស 2:7-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ។ ព្រះជាម្ចាស់បានសម្តែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។
១ កូរិនថូស 2:7-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្ដីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា គ្មានចៅហ្វាយណាក្នុងលោកីយនេះ បានស្គាល់សេចក្ដីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ