១ កូរិនថូស 2:6-12

១ កូរិនថូស 2:6-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក៏​ប៉ុន្តែ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ យើង​និយាយ​តាម​ប្រាជ្ញា តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅ‌ហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាប​សូន្យ​នោះ​ទេ គឺ​យើង​និយាយ​តាម​ប្រាជ្ញា​របស់​ព្រះ ជា​សេចក្តី​អាថ៌‌កំបាំង ហើយ​បាន​លាក់​ទុក ដែល​ព្រះ​បាន​តម្រូវ​ទុក​មក តាំង​ពី​មុន​កំណើត​ពិភព‌លោក សម្រាប់​ជា​សិរីល្អ​ដល់​យើង។ គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។ ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ» ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។ ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។ ឥឡូវ​នេះ យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ៍​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​យើង​ស្គាល់​អំណោយ‌ទាន​ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:6-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប‌សូន្យ​ទៅ​នោះ​ទេ។ យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុងរឿង​មក​យើង។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​នោះ​ឡើយ។ ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ» ។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះអង្គ​ឈ្វេង​យល់​ដែរ។ ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។ ចំពោះ​យើង យើង​ពុំ​បាន​ទទួល​វិញ្ញាណ​លោកីយ៍​ទេ គឺ​យើង​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ ដើម្បី​ឲ្យ​ស្គាល់​អ្វីៗ​ដែល​ព្រះអង្គ​ប្រោស​ប្រទាន​មក​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:6-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ​នេះ ដែល​ត្រូវ​សាប‌សូន្យ​នោះ​ទេ គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ​នេះ បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។ ឯ​យើង​រាល់​គ្នា យើង​មិន​បាន​ទទួល​វិញ្ញាណ​របស់​លោកីយ​ទេ គឺ​ទទួល​ព្រះ‌វិញ្ញាណ​ដែល​មក​ពី​ព្រះ​វិញ ដើម្បី​ឲ្យ​បាន​ស្គាល់​អស់​ទាំង​ព្រះ‌គុណ ដែល​ព្រះ​បាន​ផ្តល់​មក​យើង

ចែក​រំលែក
អាន ១ កូរិនថូស 2