១ កូរិនថូស 2:12-16
១ កូរិនថូស 2:12-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។ យើងនិយាយសេចក្តីទាំងនេះ មិនមែនដោយពាក្យសម្ដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសម្ដី ដែលព្រះវិញ្ញាណបង្រៀនវិញ ទាំងបកស្រាយសេចក្តីខាងវិញ្ញាណ ដល់អស់អ្នកដែលមានព្រះវិញ្ញាណ។ អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។ អស់អ្នកដែលមានព្រះវិញ្ញាណ គេពិចារណាយល់គ្រប់ទាំងអស់ ហើយគ្មានអ្នកណាអាចពិចារណាយល់ពីអ្នកនោះបានឡើយ។ «ដ្បិតតើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់ ដើម្បីនឹងបង្រៀនព្រះអង្គបាន? » តែយើងមានគំនិតរបស់ព្រះគ្រីស្ទហើយ។
១ កូរិនថូស 2:12-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីឲ្យស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។ យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលព្រះវិញ្ញាណបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលព្រះវិញ្ញាណ។ រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់ទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ រីឯអ្នកដែលបានទទួលព្រះវិញ្ញាណវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ ដ្បិតក្នុងគម្ពីរមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់ព្រះអម្ចាស់? តើអ្នកណាអាចថ្វាយយោបល់ ព្រះអង្គបាន? »។ រីឯយើងវិញ យើងមានគំនិតរបស់ព្រះគ្រិស្ត*ហើយ។
១ កូរិនថូស 2:12-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង ហើយយើងក៏និយាយពីសេចក្ដីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្ដីខាងឯវិញ្ញាណ ដោយសារសេចក្ដីខាងឯវិញ្ញាណផង ប៉ុន្តែ មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ ឯមនុស្សខាងវិញ្ញាណវិញ គេពិចារណាយល់គ្រប់ទាំងអស់បាន តែមិនត្រូវអ្នកណាពិចារណាខ្លួនឡើង ដ្បិតតើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ។