១ កូរិនថូស 2:1-5
១ កូរិនថូស 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ កាលខ្ញុំបានមកជួបអ្នករាល់គ្នា ខ្ញុំមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាខ្ពង់ខ្ពស់ ដើម្បីប្រកាសពីអាថ៌កំបាំងរបស់ព្រះដល់អ្នករាល់គ្នាឡើយ។ ដ្បិតខ្ញុំបានតាំងចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនព្រមដឹងអ្វី ក្រៅពីព្រះយេស៊ូវគ្រីស្ទ និងពីព្រះអង្គដែលទ្រង់ត្រូវឆ្កាងនោះឡើយ។ ខ្ញុំបានមករកអ្នករាល់គ្នា ទាំងទន់ខ្សោយ ទាំងភិតភ័យ ហើយញាប់ញ័រជាច្រើន។ ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។
១ កូរិនថូស 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីឲ្យខ្ញុំដឹងអ្វីក្រៅពីព្រះយេស៊ូគ្រិស្តនោះឡើយ ជាពិសេស អំពីព្រះយេស៊ូគ្រិស្តដែលបានសោយទិវង្គតនៅលើឈើឆ្កាង។ ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ ពាក្យសម្ដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសម្តែងឫទ្ធានុភាពវិញ ដើម្បីកុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
១ កូរិនថូស 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម ដើម្បីនឹងប្រាប់សេចក្ដីបន្ទាល់ពីព្រះដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្គាល់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្ដីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ ឯពាក្យសំដី នឹងវោហារអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ នឹងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។