១ កូរិនថូស 2:1-12
១ កូរិនថូស 2:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ កាលខ្ញុំបានមកជួបអ្នករាល់គ្នា ខ្ញុំមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាខ្ពង់ខ្ពស់ ដើម្បីប្រកាសពីអាថ៌កំបាំងរបស់ព្រះដល់អ្នករាល់គ្នាឡើយ។ ដ្បិតខ្ញុំបានតាំងចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំមិនព្រមដឹងអ្វី ក្រៅពីព្រះយេស៊ូវគ្រីស្ទ និងពីព្រះអង្គដែលទ្រង់ត្រូវឆ្កាងនោះឡើយ។ ខ្ញុំបានមករកអ្នករាល់គ្នា ទាំងទន់ខ្សោយ ទាំងភិតភ័យ ហើយញាប់ញ័រជាច្រើន។ ពាក្យសម្ដី និងការប្រកាសរបស់ខ្ញុំ មិនមែនដោយពាក្យប្រកបដោយប្រាជ្ញាដែលពូកែបញ្ចុះបញ្ចូលនោះទេ គឺដោយការសម្ដែងចេញរបស់ព្រះវិញ្ញាណ និងព្រះចេស្តា ដើម្បីកុំឲ្យជំនឿរបស់អ្នករាល់គ្នាពឹងផ្អែកលើប្រាជ្ញារបស់មនុស្ស តែពឹងផ្អែកលើព្រះចេស្តារបស់ព្រះវិញ។ ក៏ប៉ុន្តែ ក្នុងចំណោមមនុស្សពេញវ័យ យើងនិយាយតាមប្រាជ្ញា តែមិនមែនតាមប្រាជ្ញារបស់លោកីយ៍នេះ ឬរបស់ពួកចៅហ្វាយនៅលោកីយ៍នេះ ដែលត្រូវសាបសូន្យនោះទេ គឺយើងនិយាយតាមប្រាជ្ញារបស់ព្រះ ជាសេចក្តីអាថ៌កំបាំង ហើយបានលាក់ទុក ដែលព្រះបានតម្រូវទុកមក តាំងពីមុនកំណើតពិភពលោក សម្រាប់ជាសិរីល្អដល់យើង។ គ្មានចៅហ្វាយណាក្នុងលោកីយ៍នេះ បានយល់សេចក្តីនេះឡើយ ដ្បិតបើគេយល់មែន នោះគេមិនឆ្កាងព្រះអម្ចាស់ដែលប្រកបដោយសិរីល្អនោះទេ។ ប៉ុន្តែ ដូចមានសេចក្តីចែងទុកមកថា៖ «អ្វីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តមនុស្សមិនដែលនឹកដល់ នោះជាអ្វីដែលព្រះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ព្រះបានសម្ដែងឲ្យយើងឃើញសេចក្តីទាំងនេះ តាមរយៈព្រះវិញ្ញាណព្រះអង្គ ដ្បិតព្រះវិញ្ញាណទតមើលអ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះ។ ដ្បិតតើអ្នកណាស្គាល់គំនិតមនុស្សបាន ក្រៅពីវិញ្ញាណអ្នកនោះដែលនៅក្នុងខ្លួន? ឯព្រះក៏ដូច្នោះដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះ ក្រៅពីព្រះវិញ្ញាណរបស់ព្រះនោះឡើយ។ ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់លោកីយ៍ទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យយើងស្គាល់អំណោយទានដែលព្រះបានប្រទានមកយើង។
១ កូរិនថូស 2:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីឲ្យខ្ញុំដឹងអ្វីក្រៅពីព្រះយេស៊ូគ្រិស្តនោះឡើយ ជាពិសេស អំពីព្រះយេស៊ូគ្រិស្តដែលបានសោយទិវង្គតនៅលើឈើឆ្កាង។ ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ ពាក្យសម្ដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺព្រះវិញ្ញាណបានសម្តែងឫទ្ធានុភាពវិញ ដើម្បីកុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ប៉ុន្តែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះ ដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។ យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់ព្រះជាម្ចាស់ ដែលព្រះអង្គបង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺព្រះអង្គបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះ បានស្គាល់ប្រាជ្ញារបស់ព្រះអង្គទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ ប៉ុន្តែ ដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្តមនុស្សនឹកមិនដល់នោះ ព្រះជាម្ចាស់បានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ» ។ ព្រះជាម្ចាស់បានសម្តែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។ ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯព្រះជាម្ចាស់ក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីព្រះអង្គបាន ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នោះឡើយ។ ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលព្រះវិញ្ញាណដែលមកពីព្រះជាម្ចាស់ ដើម្បីឲ្យស្គាល់អ្វីៗដែលព្រះអង្គប្រោសប្រទានមកយើង។
១ កូរិនថូស 2:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម ដើម្បីនឹងប្រាប់សេចក្ដីបន្ទាល់ពីព្រះដល់អ្នករាល់គ្នាទេ ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្គាល់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្ដីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ ឯពាក្យសំដី នឹងវោហារអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ នឹងព្រះចេស្តាវិញទេតើ ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។ ប៉ុន្តែ នៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរ តែមិនមែនតាមប្រាជ្ញារបស់លោកីយនេះ ឬរបស់ពួកចៅហ្វាយនៅលោកីយនេះ ដែលត្រូវសាបសូន្យនោះទេ គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្ដីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា គ្មានចៅហ្វាយណាក្នុងលោកីយនេះ បានស្គាល់សេចក្ដីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ ដូចមានសេចក្ដីចែងទុកមកថា «សេចក្ដីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្ដីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» ព្រះទ្រង់បានសំដែងឲ្យយើងរាល់គ្នាឃើញសេចក្ដីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្ដីជ្រាលជ្រៅនៃព្រះដែរ ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។ ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង