១ កូរិនថូស 2:1-10

១ កូរិនថូស 2:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

បង‌ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា ខ្ញុំ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ដើម្បី​ប្រកាស​ពី​អាថ៌​កំបាំង​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​ឡើយ។ ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ព្រម​ដឹង​អ្វី ក្រៅ​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ពី​ព្រះ‌អង្គ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​នោះ​ឡើយ។ ខ្ញុំ​បាន​មក​រក​អ្នក​រាល់​គ្នា ទាំង​ទន់​ខ្សោយ ទាំង​ភិត‌ភ័យ ហើយ​ញាប់‌ញ័រ​ជា​ច្រើន។ ពាក្យ​សម្ដី និង​ការ​ប្រកាស​របស់​ខ្ញុំ មិន​មែន​ដោយ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ទេ គឺ​ដោយ​ការ​សម្ដែង​ចេញ​របស់​ព្រះ‌វិញ្ញាណ និង​ព្រះ‌ចេស្តា ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​រាល់​គ្នា​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស តែ​ពឹង​ផ្អែក​លើ​ព្រះ‌ចេស្តា​របស់​ព្រះ​វិញ។ ក៏​ប៉ុន្តែ ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ យើង​និយាយ​តាម​ប្រាជ្ញា តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ៍​នេះ ឬ​របស់​ពួក​ចៅ‌ហ្វាយ​នៅ​លោកីយ៍​នេះ ដែល​ត្រូវ​សាប​សូន្យ​នោះ​ទេ គឺ​យើង​និយាយ​តាម​ប្រាជ្ញា​របស់​ព្រះ ជា​សេចក្តី​អាថ៌‌កំបាំង ហើយ​បាន​លាក់​ទុក ដែល​ព្រះ​បាន​តម្រូវ​ទុក​មក តាំង​ពី​មុន​កំណើត​ពិភព‌លោក សម្រាប់​ជា​សិរីល្អ​ដល់​យើង។ គ្មាន​ចៅ‌ហ្វាយ​ណា​ក្នុង​លោកីយ៍​នេះ បាន​យល់​សេចក្តី​នេះ​ឡើយ ដ្បិត​បើ​គេ​យល់​មែន នោះ​គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ដែល​ប្រកប​ដោយ​សិរីល្អ​នោះ​ទេ។ ប៉ុន្តែ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អ្វី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​មនុស្ស​មិន​ដែល​នឹក​ដល់ នោះ​ជា​អ្វី​ដែល​ព្រះ​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ» ព្រះ​បាន​សម្ដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ទាំង​នេះ តាម​រយៈ​ព្រះ‌វិញ្ញាណ​ព្រះ‌អង្គ ដ្បិត​ព្រះ‌វិញ្ញាណ​ទត​មើល​អ្វីៗ​ទាំង‌អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់​ដល់​បងប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន‌វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។ ពេល​ខ្ញុំ​នៅ​ជា​មួយ​បងប្អូន ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​គប្បី​ឲ្យ​ខ្ញុំ​ដឹង​អ្វី​ក្រៅ​ពី​ព្រះ‌យេស៊ូ​គ្រិស្ត​នោះ​ឡើយ ជា​ពិសេស អំពី​ព្រះ‌យេស៊ូ​គ្រិស្ត​ដែល​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង។ ខ្ញុំ​បាន​មក​រក​បងប្អូន​ទាំង​ទន់​ខ្សោយ ទាំង​ភ័យ​ខ្លាច ទាំង​ញាប់​ញ័រ​យ៉ាង​ខ្លាំង។ ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​ព្រះ‌វិញ្ញាណ​បាន​សម្តែង​ឫទ្ធា‌នុភាព​វិញ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​បងប្អូន​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​មនុស្ស​លោក តែ​ពឹង​ផ្អែក​លើ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ ប៉ុន្តែ សេចក្ដី​ដែល​យើង​ប្រៀន‌ប្រដៅ​ក្នុង​ចំណោម​អ្នក​ដែល​មាន​ជំនឿ​គ្រប់​លក្ខណៈ​ហើយ​នោះ ក៏​ជា​ប្រាជ្ញា​ម្យ៉ាង​ដែរ តែ​មិន​មែន​ជា​ប្រាជ្ញា​របស់​មនុស្ស​លោក ឬ​ជា​ប្រាជ្ញា​របស់​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ ដែល​នឹង​ត្រូវ​វិនាស​សាប‌សូន្យ​ទៅ​នោះ​ទេ។ យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​ព្រះ‌ជាម្ចាស់ ដែល​ព្រះអង្គ​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះអង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​ព្រះអង្គ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុងរឿង​មក​យើង។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​គ្រប់‌គ្រង​មនុស្ស​លោក​នេះ បាន​ស្គាល់​ប្រាជ្ញា​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​គេ​ពិត​ជា​បាន​ស្គាល់​មែន គេ​មិន​ឆ្កាង​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង​នោះ​ឡើយ។ ប៉ុន្តែ ដូច​មាន​ចែង​ទុក​មក​ថា៖ «អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ អ្វីៗ​ដែល​ត្រចៀក​ស្ដាប់​មិន​ឮ និង​អ្វីៗ​ដែល​ចិត្ត​មនុស្ស​នឹក​មិន​ដល់​នោះ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​ទុក សម្រាប់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ» ។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​ព្រះ‌វិញ្ញាណ ដ្បិត​ព្រះ‌វិញ្ញាណ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ក៏​ព្រះអង្គ​ឈ្វេង​យល់​ដែរ។

ចែក​រំលែក
អាន ១ កូរិនថូស 2

១ កូរិនថូស 2:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រីឯ​ខ្ញុំ បង​ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្ដី​បន្ទាល់​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ខ្ញុំ​បាន​ផ្តាច់​ចិត្ត​ថា នៅ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​មិន​ព្រម​ស្គាល់​រឿង​អ្វី​ទៀត ក្រៅ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ​ទេ ហើយ​គឺ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​ផង ខ្ញុំ​ក៏​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ទាំង​មាន​សេចក្ដី​កំសោយ ភិត‌ភ័យ ហើយ​ញាប់‌ញ័រ​ជា​ច្រើន​ដែរ ឯ​ពាក្យ​សំដី នឹង​វោហារ​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះ‌វិញ្ញាណ នឹង​ព្រះ‌ចេស្តា​វិញ​ទេ​តើ ដើម្បី​កុំ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​បាន​តាំង​នៅ ដោយ​ប្រាជ្ញា​របស់​មនុស្ស​ឡើយ គឺ​ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ​វិញ។ ប៉ុន្តែ នៅ​ក្នុង​ចំណោម​មនុស្ស​គ្រប់​លក្ខណ៍ នោះ​យើង​ខ្ញុំ​ក៏​និយាយ​តាម​ប្រាជ្ញា​ដែរ តែ​មិន​មែន​តាម​ប្រាជ្ញា​របស់​លោកីយ​នេះ ឬ​របស់​ពួក​ចៅហ្វាយ​នៅ​លោកីយ​នេះ ដែល​ត្រូវ​សាប‌សូន្យ​នោះ​ទេ គឺ​និយាយ​តាម​តែ​ប្រាជ្ញា​នៃ​ព្រះ​វិញ ជា​សេចក្ដី​អាថ៌‌កំបាំង​ដ៏​លាក់​ទុក ដែល​ព្រះ​បាន​គិត‌គូ តាំង​ពី​មុន​អស់​ទាំង​កល្ប សំរាប់​ជា​សិរី‌ល្អ​ដល់​យើង​រាល់​គ្នា គ្មាន​ចៅហ្វាយ​ណា​ក្នុង​លោកីយ​នេះ បាន​ស្គាល់​សេចក្ដី​អាថ៌‌កំបាំង​នោះ​ឡើយ បើ​បាន​ស្គាល់ នោះ​គេ​មិន​បាន​ឆ្កាង​ព្រះ‌អម្ចាស់​ដ៏​មាន​សិរី​ទេ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ​សេចក្ដី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក សំរាប់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់» ព្រះ‌ទ្រង់​បាន​សំដែង​ឲ្យ​យើង​រាល់​គ្នា​ឃើញ​សេចក្ដី​ទាំង​នោះ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដ្បិត​ព្រះ‌វិញ្ញាណ​នៃ​ទ្រង់​ស្ទង់​មើល​គ្រប់​ទាំង​អស់ ព្រម​ទាំង​សេចក្ដី​ជ្រាល‌ជ្រៅ​នៃ​ព្រះ​ដែរ

ចែក​រំលែក
អាន ១ កូរិនថូស 2