១ កូរិនថូស 14:3-5
១ កូរិនថូស 14:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផ្ទុយទៅវិញ អ្នកដែលថ្លែងទំនាយ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់នឹងស្អាងចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។ អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។
១ កូរិនថូស 14:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ផ្ទុយទៅវិញ អ្នកណាថ្លែង*ព្រះបន្ទូល អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្តគេ។ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។ ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។
១ កូរិនថូស 14:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯអ្នកដែលអធិប្បាយវិញ អ្នកនោះនិយាយនឹងមនុស្ស សំរាប់នឹងស្អាងចិត្ត កំឡាំងចិត្ត ហើយកំសាន្តចិត្ត អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង