១ កូរិនថូស 14:26-33
១ កូរិនថូស 14:26-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ បងប្អូនអើយ តើត្រូវធ្វើដូចម្តេច? ពេលអ្នករាល់គ្នាមកជួបប្រជុំគ្នា គ្រប់គ្នាមានទំនុកតម្កើង មានសេចក្តីបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ។ ចូរធ្វើគ្រប់ការទាំងអស់សម្រាប់ស្អាងចិត្តចុះ។ បើមានអ្នកណានិយាយភាសាដទៃ ត្រូវនិយាយតែពីរ ឬបីនាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗ រួចត្រូវមានម្នាក់បកប្រែផង។ តែបើគ្មានអ្នកណាបកប្រែទេ ត្រូវឲ្យគេនៅស្ងៀមក្នុងក្រុមជំនុំចុះ ហើយនិយាយទៅកាន់ព្រះតែក្នុងចិត្តទៅ។ ឯអ្នកដែលថ្លែងទំនាយ ចូរឲ្យពីរ ឬបីនាក់និយាយ ហើយឲ្យអ្នកឯទៀតៗពិចារណាមើល។ បើមានអ្នកណាម្នាក់ទៀតអង្គុយនៅទីនោះ បានទទួលការបើកសម្ដែងដែរ ត្រូវឲ្យអ្នកមុននៅស្ងៀមសិន។ ដ្បិតអ្នករាល់គ្នាទាំងអស់ អាចថ្លែងទំនាយបានម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយឲ្យគ្រប់គ្នាបានទទួលការលើកទឹកចិត្ត ឯវិញ្ញាណរបស់ពួកអ្នកដែលថ្លែងទំនាយ គឺស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងទំនាយនោះឯង ដ្បិតព្រះមិនមែនជាព្រះដែលឥតសណ្ដាប់ទេ គឺជាព្រះនៃសេចក្តីសុខសាន្តវិញ។ ដូចនៅក្នុងក្រុមជំនុំទាំងអស់របស់ពួកបរិសុទ្ធដែរ
១ កូរិនថូស 14:26-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ដូច្នេះ តើត្រូវធ្វើដូចម្ដេច? ពេលបងប្អូនរួមប្រជុំគ្នា ប្រសិនបើម្នាក់ច្រៀងបទលើកតម្កើងព្រះជាម្ចាស់ ម្នាក់បង្រៀន ម្នាក់ពន្យល់សេចក្ដីដែលព្រះជាម្ចាស់សម្តែងប្រាប់ ម្នាក់និយាយភាសាចម្លែកអស្ចារ្យ* ម្នាក់ទៀតបកប្រែ ត្រូវធ្វើការទាំងអស់នេះ ដើម្បីកសាងក្រុមជំនុំ។ បើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ ត្រូវឲ្យពីរ ឬបីនាក់យ៉ាងច្រើននិយាយ ហើយនិយាយម្នាក់ម្ដងៗ ដោយមានអ្នកបកប្រែផងដែរ។ ប្រសិនបើគ្មានអ្នកបកប្រែទេនោះ បងប្អូនត្រូវនៅស្ងៀម កុំនិយាយភាសាចម្លែកអស្ចារ្យក្នុងក្រុមជំនុំឡើយ ចូរនិយាយតែក្នុងចិត្ត និងនិយាយទៅកាន់ព្រះជាម្ចាស់បានហើយ។ រីឯការថ្លែងព្រះបន្ទូលវិញ ត្រូវឲ្យពីរ ឬបីនាក់ថ្លែង ហើយអ្នកឯទៀតៗត្រូវពិចារណាមើល។ បើមាននរណាម្នាក់ដែលអង្គុយក្នុងអង្គប្រជុំនោះ បានទទួលគំនិតអ្វីមួយពីព្រះជាម្ចាស់ ត្រូវឲ្យអ្នកកំពុងនិយាយផ្អាកសិន ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្តគ្រប់ៗគ្នា។ ព្រះអំណោយទានខាងការថ្លែងព្រះបន្ទូល ស្ថិតនៅក្រោមអំណាចរបស់អ្នកថ្លែងព្រះបន្ទូល ដ្បិតព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការខ្វះសណ្ដាប់ធ្នាប់ទេ គឺព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុខសាន្ត។
១ កូរិនថូស 14:26-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ធ្វើដូចម្តេច បងប្អូនអើយ កាលណាអ្នករាល់គ្នាប្រជុំ នោះគ្រប់គ្នាមានទំនុកដំកើង មានសេចក្ដីបង្រៀន មានសេចក្ដីបើកសំដែង មាននិយាយភាសាដទៃ មានសេចក្ដីបកប្រែដែរ ត្រូវឲ្យធ្វើការទាំងអស់ សំរាប់នឹងស្អាងចិត្តឡើង បើមានអ្នកណានិយាយជាភាសាដទៃ នោះនិយាយបានតែ២ឬ៣នាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗផង រួចត្រូវមានអ្នក១ជាអ្នកបកប្រែ បើគ្មានអ្នកណាសំរាប់បកប្រែទេ នោះត្រូវឲ្យគេនៅស្ងៀមក្នុងពួកជំនុំចុះ ហើយទូលដល់ព្រះដោយខ្លួនឯងវិញ ឯអ្នកដែលអធិប្បាយ នោះទុកឲ្យ២ឬ៣នាក់សំដែងទៅ ហើយឲ្យអ្នកឯទៀតគិតពិចារណាចុះ បើមានអ្នកណាទៀតអង្គុយនៅទីនោះ ដែលក៏មានសេចក្ដីសំរាប់នឹងបើកសំដែងដែរ នោះត្រូវឲ្យអ្នកមុនផ្អាកនៅស្ងៀមសិន ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសំដែងម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀនតាម ហើយឲ្យគ្រប់គ្នាបានសេចក្ដីទូន្មានដែរ ឯវិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះនៅក្រោមអំណាចអ្នកនោះឯង ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្ដីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្ដីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ។