១ កូរិនថូស 14:22-25
១ កូរិនថូស 14:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ភាសាដទៃជាទីសម្គាល់មួយ មិនមែនសម្រាប់ពួកអ្នកជឿទេ គឺសម្រាប់ពួកអ្នកមិនជឿ ឯការថ្លែងទំនាយវិញ មិនមែនសម្រាប់ពួកអ្នកមិនជឿទេ គឺសម្រាប់ពួកអ្នកជឿវិញ។ ដូច្នេះ បើក្រុមជំនុំទាំងមូលមកជួបប្រជុំគ្នា ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានអ្នកដែលមិនដឹង ឬអ្នកមិនដែលជឿចូលមក តើគេនឹងមិននិយាយថា អ្នករាល់គ្នាឆ្កួតទេឬ? តែបើថ្លែងទំនាយទាំងអស់គ្នាវិញ ហើយមានអ្នកដែលមិនជឿ ឬអ្នកខ្លះដែលមិនដឹងចូលមក នោះគេភ្ញាក់ដឹងខ្លួនឡើងដោយសារអ្នករាល់គ្នា ហើយគេត្រូវវិនិច្ឆ័យដោយសារអ្នករាល់គ្នាដែរ។ យ៉ាងនោះ សេចក្តីលាក់កំបាំងក្នុងចិត្តរបស់គេ នឹងបង្ហាញចេញមក ហើយគេនឹងក្រាបមុខដល់ដីថ្វាយបង្គំព្រះ ទាំងប្រកាសថា៖ «ព្រះពិតជាគង់នៅក្នុងចំណោមអ្នករាល់គ្នាមែន» ។
១ កូរិនថូស 14:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ការនិយាយភាសាចម្លែកអស្ចារ្យជាទីសម្គាល់មួយសម្រាប់អ្នកមិនជឿ គឺមិនមែនសម្រាប់អ្នកជឿទេ។ រីឯការថ្លែងព្រះបន្ទូលវិញ ជាទីសម្គាល់មួយសម្រាប់អ្នកជឿ មិនមែនសម្រាប់អ្នកមិនជឿនោះឡើយ។ ដូច្នេះ នៅពេលប្រជុំគ្នា ប្រសិនបើក្រុមជំនុំ*ទាំងមូលនាំគ្នានិយាយភាសាចម្លែកអស្ចារ្យនោះ ហើយប្រសិនបើមានអ្នកដែលគ្រាន់តែមកស្ដាប់ ឬអ្នកមិនជឿចូលមក គេមុខជាពោលថា បងប្អូនសុទ្ធតែជាមនុស្សវិកលចរិតមិនខាន!។ ផ្ទុយទៅវិញ បើបងប្អូនថ្លែងព្រះបន្ទូលទាំងអស់គ្នា ហើយមានអ្នកមិនជឿ ឬអ្នកដែលគ្រាន់តែចង់ស្ដាប់ចូលមក នោះពាក្យទាំងអស់ដែលគេបានឮ មុខជានាំឲ្យគេដឹងថា ខ្លួនមានកំហុស ត្រូវជាប់ទោស។ ពេលនោះ គំនិតលាក់កំបាំងលេចចេញពីចិត្តរបស់គេ ហើយគេក៏ក្រាបចុះ ដាក់មុខដល់ដី ថ្វាយបង្គំព្រះជាម្ចាស់ ទាំងប្រកាសថា: «ព្រះជាម្ចាស់ពិតជាគង់នៅក្នុងចំណោមបងប្អូនមែន!» ។
១ កូរិនថូស 14:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បានជាភាសាដទៃ នោះសំរាប់ជាទីសំគាល់ មិនមែនដល់ពួកអ្នកដែលជឿទេ គឺដល់អស់ពួកអ្នកដែលមិនជឿវិញ តែការអធិប្បាយ នោះមិនមែនសំរាប់ពួកអ្នកដែលមិនជឿ គឺសំរាប់ពួកអ្នកដែលជឿវិញ ដូច្នេះ បើកាលណាពួកជំនុំទាំងមូលប្រជុំគ្នានៅកន្លែងណាមួយ ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានមនុស្សដែលមិនចេះ ឬមនុស្សមិនជឿគេចូលមក នោះតើគេមិនថាអ្នករាល់គ្នាឆ្កួតទេឬអី តែបើគ្រប់គ្នាអធិប្បាយវិញ ហើយមានមនុស្សដែលមិនជឿ ឬមនុស្សខ្លះដែលមិនចេះ គេចូលមក នោះគេត្រូវភ្ញាក់ដឹងខ្លួនឡើង ដោយសារអ្នករាល់គ្នា ហើយត្រូវអ្នករាល់គ្នាពិចារណាខ្លួនដែរ យ៉ាងនោះ អស់ទាំងសេចក្ដីលាក់កំបាំងក្នុងចិត្តគេ នឹងបានសំដែងមក ហើយយ៉ាងនោះ គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំដល់ព្រះវិញ ព្រមទាំងធ្វើបន្ទាល់ថា ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន។