១ កូរិនថូស 14:13-25

១ កូរិនថូស 14:13-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។ ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។ បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។ មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា៖ «យើង​នឹង​និយាយ​ទៅ​កាន់​សាសន៍​នេះ ដោយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ស្តាប់​យើង​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ។ ភាសា​ដទៃ​ជា​ទី​សម្គាល់​មួយ មិន​មែន​សម្រាប់​ពួក​អ្នក​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​មិន​ជឿ ឯ​ការ​ថ្លែង​ទំនាយ​វិញ មិន​មែន​សម្រាប់​ពួក​អ្នក​មិន​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​ជឿ​វិញ។ ដូច្នេះ បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ប្រជុំ​គ្នា ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​អ្នក​ដែល​មិន​ដឹង ឬ​អ្នក​មិន​ដែល​ជឿ​ចូល​មក តើ​គេ​នឹង​មិន​និយាយ​ថា អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ? តែ​បើ​ថ្លែង​ទំនាយ​ទាំង‌អស់​គ្នា​វិញ ហើយ​មាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ខ្លះ​ដែល​មិន​ដឹង​ចូល​មក នោះ​គេ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​សារ​អ្នក​រាល់​គ្នា ហើយ​គេ​ត្រូវ​វិនិច្ឆ័យ​ដោយ​សារ​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នោះ សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​គេ នឹង​បង្ហាញ​ចេញ​មក ហើយ​គេ​នឹង​ក្រាប​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ ទាំង​ប្រកាស​ថា៖ «ព្រះ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន» ។

១ កូរិនថូស 14:13-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ បើ​បងប្អូន​អរ​ព្រះ‌គុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បងប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បងប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បងប្អូន​និយាយ​អ្វី​ផង​នោះ! បងប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បងប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បងប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុម‌ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។ បងប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ថា: «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល» ។ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។ ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បងប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។ ផ្ទុយ​ទៅ​វិញ បើ​បងប្អូន​ថ្លែង​ព្រះ‌បន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។ ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ទាំង​ប្រកាស​ថា: «ព្រះ‌ជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បងប្អូន​មែន!» ។

១ កូរិនថូស 14:13-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ ឯ​អ្នកៗ​អរ​ព្រះ‌គុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ជា​ច្រើន លើស​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់ ប៉ុន្តែ ក្នុង​ពួក​ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​៥​ម៉ាត់​ដោយ​នូវ​ប្រាជ្ញា​ខ្ញុំ ដើម្បី​នឹង​បង្រៀន​ដល់​មនុស្ស​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​១​ម៉ឺន​ម៉ាត់​វិញ។ បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូន‌ង៉ែត​ចុះ តែ​ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់» បាន​ជា​ភាសា​ដទៃ នោះ​សំរាប់​ជា​ទី​សំគាល់ មិន​មែន​ដល់​ពួក​អ្នក​ដែល​ជឿ​ទេ គឺ​ដល់​អស់​ពួក​អ្នក​ដែល​មិន​ជឿ​វិញ តែ​ការ​អធិប្បាយ នោះ​មិន​មែន​សំរាប់​ពួក​អ្នក​ដែល​មិន​ជឿ គឺ​សំរាប់​ពួក​អ្នក​ដែល​ជឿ​វិញ ដូច្នេះ បើ​កាល​ណា​ពួក​ជំនុំ​ទាំង​មូល​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក នោះ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី តែ​បើ​គ្រប់​គ្នា​អធិប្បាយ​វិញ ហើយ​មាន​មនុស្ស​ដែល​មិន​ជឿ ឬ​មនុស្ស​ខ្លះ​ដែល​មិន​ចេះ គេ​ចូល​មក នោះ​គេ​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ដោយ‌សារ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ដែរ យ៉ាង​នោះ អស់​ទាំង​សេចក្ដី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សំដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។