១ កូរិនថូស 14:13-22

១ កូរិនថូស 14:13-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។ ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។ បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។ មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា៖ «យើង​នឹង​និយាយ​ទៅ​កាន់​សាសន៍​នេះ ដោយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ស្តាប់​យើង​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ។ ភាសា​ដទៃ​ជា​ទី​សម្គាល់​មួយ មិន​មែន​សម្រាប់​ពួក​អ្នក​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​មិន​ជឿ ឯ​ការ​ថ្លែង​ទំនាយ​វិញ មិន​មែន​សម្រាប់​ពួក​អ្នក​មិន​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​ជឿ​វិញ។

១ កូរិនថូស 14:13-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ បើ​បងប្អូន​អរ​ព្រះ‌គុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បងប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បងប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បងប្អូន​និយាយ​អ្វី​ផង​នោះ! បងប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បងប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បងប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុម‌ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។ បងប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ថា: «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល» ។ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។

១ កូរិនថូស 14:13-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ ឯ​អ្នកៗ​អរ​ព្រះ‌គុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ជា​ច្រើន លើស​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់ ប៉ុន្តែ ក្នុង​ពួក​ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​៥​ម៉ាត់​ដោយ​នូវ​ប្រាជ្ញា​ខ្ញុំ ដើម្បី​នឹង​បង្រៀន​ដល់​មនុស្ស​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​១​ម៉ឺន​ម៉ាត់​វិញ។ បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូន‌ង៉ែត​ចុះ តែ​ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់» បាន​ជា​ភាសា​ដទៃ នោះ​សំរាប់​ជា​ទី​សំគាល់ មិន​មែន​ដល់​ពួក​អ្នក​ដែល​ជឿ​ទេ គឺ​ដល់​អស់​ពួក​អ្នក​ដែល​មិន​ជឿ​វិញ តែ​ការ​អធិប្បាយ នោះ​មិន​មែន​សំរាប់​ពួក​អ្នក​ដែល​មិន​ជឿ គឺ​សំរាប់​ពួក​អ្នក​ដែល​ជឿ​វិញ