១ កូរិនថូស 14:10-15

១ កូរិនថូស 14:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ក្នុង​លោក​នេះ មាន​សំឡេង​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ នោះ​ចូរ​ខំ​ឲ្យ​បាន​ល្អ​វិសេស​ចុះ ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។

១ កូរិនថូស 14:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។ រីឯ​បងប្អូន​វិញ បើ​បងប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះ‌អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំនុំ*។ ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។

១ កូរិនថូស 14:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នៅ​ក្នុង​លោកីយ​នេះ មាន​សូរ​សំឡេង​ជា​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ​ទាន ខាង​ឯ​វិញ្ញាណ នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​នៃ​ពួក​ជំនុំ​ឡើង ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ