១ កូរិនថូស 14:1-40

១ កូរិនថូស 14:1-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ដេញ​តាម​សេចក្តី​ស្រឡាញ់ ហើយ​សង្វាត​ឲ្យ​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ​ចុះ ជា​ពិសេស​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​ថ្លែង​ទំនាយ។ ដ្បិត​អ្នក​ណា​និយាយ​ភាសា​ដទៃ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ គឺ​និយាយ​ទៅ​កាន់​ព្រះ​វិញ ព្រោះ​គ្មាន​អ្នក​ណា​យល់​បាន​ទេ ព្រោះ​អ្នក​នោះ​និយាយ​ជា​សេចក្តី​អាថ៌‌កំបាំង ដោយ​ព្រះ‌វិញ្ញាណ។ ផ្ទុយ​ទៅ​វិញ អ្នក​ដែល​ថ្លែង​ទំនាយ អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស សម្រាប់​នឹង​ស្អាង​ចិត្ត លើក​ទឹក​ចិត្ត និង​កម្សាន្ត​ចិត្ត។ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ អ្នក​នោះ​ស្អាង​ចិត្ត​ខ្លួន​ឯង តែ​អ្នក​ណា​ដែល​ថ្លែង​ទំនាយ ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង‌អស់​គ្នា តែ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ថ្លែង​ទំនាយ​ជា​ជាង ដ្បិត​អ្នក​ដែល​ថ្លែង​ទំនាយ វិសេស​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​លែង​តែ​អ្នក​នោះ​បក​ប្រែ​ផង ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ​ឡើង។ ឥឡូវ​នេះ បង‌ប្អូន​អើយ បើ​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា​ដោយ​និយាយ​ភាសា​ដទៃ តើ​ខ្ញុំ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា? លើក​លែង​តែ​ខ្ញុំ​និយាយ​ទៅ​អ្នក​រាល់​គ្នា​ដោយការ​បើក​សម្ដែង ឬ​ដោយ​ចំណេះ​ដឹង ដោយ​សេចក្តី​ទំនាយ ឬ​ដោយ​សេចក្តី​បង្រៀន​វិញ។ សូម្បី​តែ​ឧបករណ៍​តន្ដ្រី​ដែល​គ្មាន​ជីវិត ដូច​ជា​ខ្លុ​យ ឬ​ស៊ុង​ក្តី ក៏​ដូច​គ្នា បើ​វា​មិន​បញ្ចេញ​សំឡេង​ខុស​ពី​គ្នា​ទេ ធ្វើ​ដូច‌ម្តេច​ឲ្យ​ដឹង​បាន​ថា ឧបករណ៍​ដែល​កំពុង​លេង​នោះ ជា​ខ្លុយ ឬ​ជា​ស៊ុង​ទៅ​បាន? ហើយ​បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​អ្នក​ណា​នឹង​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន? ឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ប្រសិន‌បើ​អណ្តាត​មិន​ប​ញ្ចេញ​ពាក្យ​ដែល​ស្តាប់​បាន ធ្វើ​ដូច‌ម្តេច​ឲ្យ​គេ​ដឹង​ថា​អ្នក​រាល់​គ្នា​និយាយ​ពី​អ្វី​ទៅ​បាន? ដូច្នេះ អ្នក​រាល់​គ្នា​នឹង​និយាយ​ទៅ​កាន់​ខ្យ​ល់​ហើយ។ នៅ​ក្នុង​លោក​នេះ មាន​សំឡេង​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ។ ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មិន​យល់​ន័យ​របស់​សំឡេង​នោះ​ទេ ខ្ញុំ​នឹង​ដូច​ជា​ជន​បរទេស​ចំពោះ​អ្នក​និយាយ ហើយ​អ្នក​និយាយក៏​ដូច​ជា​ជនបរទស​ចំពោះ​ខ្ញុំ​ដែរ។ អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ‌ទាន​ខាង​វិញ្ញាណ នោះ​ចូរ​ខំ​ឲ្យ​បាន​ល្អ​វិសេស​ចុះ ដើម្បី​ស្អាង​ចិត្ត​ក្រុម​ជំនុំ។ ហេតុ​នេះ អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ផង។ ដ្បិត​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​វិញ្ញាណ​ខ្ញុំ​អធិស្ឋាន តែ​គំនិត​របស់​ខ្ញុំ​ឥត​រិះ​គិត​អ្វី​ឡើយ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​វិញ្ញាណ ហើយក៏​អធិស្ឋាន​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយក៏​ច្រៀង​ដោយ​គំនិត​របស់​ខ្ញុំ​ដែរ។ ម្យ៉ាង​វិញ​ទៀត បើ​អ្នក​សូម​ពរ​ដោយ​វិញ្ញាណ​តែ​ប៉ុណ្ណោះ ធ្វើ​ម្តេច​ឲ្យ​អ្នក​ចូល​រួម​ដែល​មិន​ដឹង​អាច​នឹង​ពោល​ពាក្យ «អាម៉ែន» ចំពោះ​ពាក្យ​អរ​ព្រះ‌គុណ​របស់​អ្នក​រាល់​គ្នា​បាន បើ​អ្នក​នោះ​មិន​ដឹង​ថា​អ្នក​និយាយ​ពី​អ្វី​ផង​នោះ? ដ្បិត​អ្នក​អរ​ព្រះ‌គុណ​បាន​ល្អ​មែន​ហើយ តែ​អ្នក​ដទៃ​មិន​បាន​ទទួល​ការ​ស្អាង​ចិត្ត​ទេ។ ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ច្រើន​ជាង​អ្នក​រាល់​គ្នា​ទាំង‌អស់ ប៉ុន្តែ ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ស៊ូ​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់​ខ្ញុំ ដើម្បី​នឹង​បង្រៀន​មនុស្ស​ឯទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​មួយ​ម៉ឺន​ម៉ាត់​វិញ។ បង‌ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​ដូច​ជា​កូន​ក្មេង​ឡើយ ខាង​ឯ​សេចក្ដី​អាក្រក់ ចូរ​ដូច​ជា​កូន​ង៉ែ​ត​ចុះ តែ​ខាង​ឯ​ការ​យល់​ដឹង ចូរ​ពេញ​វ័យ​ឡើង។ មាន​សេចក្តី​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ថា៖ «យើង​នឹង​និយាយ​ទៅ​កាន់​សាសន៍​នេះ ដោយ​មនុស្ស​ដែល​និយាយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក៏​គេ​មិន​ស្តាប់​យើង​ដែរ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ។ ភាសា​ដទៃ​ជា​ទី​សម្គាល់​មួយ មិន​មែន​សម្រាប់​ពួក​អ្នក​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​មិន​ជឿ ឯ​ការ​ថ្លែង​ទំនាយ​វិញ មិន​មែន​សម្រាប់​ពួក​អ្នក​មិន​ជឿ​ទេ គឺ​សម្រាប់​ពួក​អ្នក​ជឿ​វិញ។ ដូច្នេះ បើ​ក្រុម​ជំនុំ​ទាំង​មូល​មក​ជួប​ប្រជុំ​គ្នា ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​អ្នក​ដែល​មិន​ដឹង ឬ​អ្នក​មិន​ដែល​ជឿ​ចូល​មក តើ​គេ​នឹង​មិន​និយាយ​ថា អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ? តែ​បើ​ថ្លែង​ទំនាយ​ទាំង‌អស់​គ្នា​វិញ ហើយ​មាន​អ្នក​ដែល​មិន​ជឿ ឬ​អ្នក​ខ្លះ​ដែល​មិន​ដឹង​ចូល​មក នោះ​គេ​ភ្ញាក់​ដឹង​ខ្លួន​ឡើង​ដោយ​សារ​អ្នក​រាល់​គ្នា ហើយ​គេ​ត្រូវ​វិនិច្ឆ័យ​ដោយ​សារ​អ្នក​រាល់​គ្នា​ដែរ។ យ៉ាង​នោះ សេចក្តី​លាក់​កំបាំង​ក្នុង​ចិត្ត​របស់​គេ នឹង​បង្ហាញ​ចេញ​មក ហើយ​គេ​នឹង​ក្រាប​មុខ​ដល់​ដី​ថ្វាយ‌បង្គំ​ព្រះ ទាំង​ប្រកាស​ថា៖ «ព្រះ​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន» ។ ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។ បើ​មាន​អ្នក​ណា​និយាយ​ភាសា​ដទៃ ត្រូវ​និយាយ​តែ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្ត​ងៗ រួច​ត្រូវ​មាន​ម្នាក់​បក​ប្រែ​ផង។ តែ​បើ​គ្មាន​អ្នក​ណា​បក​ប្រែ​ទេ ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ក្រុម​ជំនុំ​ចុះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​តែ​ក្នុង​ចិត្ត​ទៅ។ ឯ​អ្នក​ដែល​ថ្លែង​ទំនាយ ចូរ​ឲ្យ​ពីរ ឬ​បី​នាក់​និយាយ ហើយ​ឲ្យ​អ្នក​ឯទៀតៗ​ពិចារណា​មើល។ បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​អង្គុយ​នៅ​ទី​នោះ បាន​ទទួល​ការ​បើក​សម្ដែង​ដែរ ត្រូវ​ឲ្យ​អ្នក​មុន​នៅ​ស្ងៀម​សិន។ ដ្បិត​អ្នក​រាល់​គ្នា​ទាំង‌អស់ អាច​ថ្លែង​ទំនាយ​បាន​ម្នាក់​ម្ត​ងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀ​ន ហើយ​ឲ្យ​គ្រប់​គ្នា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ឯ​វិញ្ញាណ​របស់​ពួក​អ្នក​ដែល​ថ្លែង​ទំនាយ គឺ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ទំនាយ​នោះ​ឯង ដ្បិត​ព្រះ​មិន​មែន​ជា​ព្រះ​ដែល​ឥត​សណ្ដាប់​ទេ គឺ​ជា​ព្រះ​នៃ​សេចក្តី​សុខ‌សាន្ត​វិញ។ ដូច​នៅ​ក្នុង​ក្រុម​ជំនុំ​ទាំង​អស់​របស់​ពួក​បរិសុទ្ធ​ដែរ ស្ត្រីៗ​ត្រូវ​ស្ងាត់​ស្ងៀម​នៅ​ក្នុង​ក្រុម​ជំនុំ ដ្បិត​មិន​អនុញ្ញាត​ឲ្យ​និយាយ​ឡើយ គឺ​នាង​ត្រូវ​ចុះ​ចូល ដូច​មាន​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ស្រាប់។ ប្រសិន‌បើ​មាន​អ្វី​មួយ​ដែល​នាង​ចង់​ដឹង ត្រូវ​សួរ​ប្តី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ស្រ្ដីៗ​និយាយ​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។ តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​អ្នក​រាល់​គ្នា​មក​ឬ? ឬ​មួយ​មាន​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ​ដែល​ទទួល​បាន? ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ទំនាយ ឬ​ថា ខ្លួន​ជា​អ្នក​មាន​អំណោយ‌ទាន​ខាង​វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្តី​ដែល​ខ្ញុំ​សរ‌សេរ​មក​អ្នក​រាល់​គ្នា​នេះ ជា​ព្រះឱវាទ​របស់​ព្រះ‌អម្ចាស់។ បើ​អ្នក​ណា​មិន​ទទួល​ស្គាល់​សេចក្ដី​នេះ​ទេ ត្រូវ​ឲ្យ​អ្នក​នោះ​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ចុះ។ ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ តែ​ត្រូវ​ធ្វើ​ការ​ទាំង‌អស់​ដោយ​សមរម្យ ហើយ​ដោយ​មាន​សណ្ដាប់​ធ្នាប់​ចុះ។

១ កូរិនថូស 14:1-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ត​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ​ដែរ ជា​ពិសេស ការ​ថ្លែង​ព្រះ‌បន្ទូល*។ អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* អ្នក​នោះ​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់ មិន​មែន​និយាយ​ទៅ​កាន់​មនុស្ស​ទេ ដ្បិត​គ្មាន​នរណា​យល់​ន័យ ព្រោះ​ព្រះ‌វិញ្ញាណ​នាំ​ចិត្ត​អ្នក​នោះ​ឲ្យ​ថ្លែង​ពី​សេចក្ដី​ដ៏​លាក់​កំបាំង។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ថ្លែង*​ព្រះ‌បន្ទូល អ្នក​នោះ​និយាយ​ទៅ​កាន់​មនុស្ស ដើម្បី​ជួយ​កសាង ដាស់‌តឿន និង​លើក​ទឹក​ចិត្ត​គេ។ អ្នក​ណា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ អ្នក​នោះ​កសាង​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ រីឯ​អ្នក​ថ្លែង​ព្រះ‌បន្ទូល​វិញ កសាង​ក្រុម‌ជំនុំ។ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទាំង​អស់​គ្នា ក៏​ប៉ុន្តែ លើស​ពី​នេះ​ទៅ​ទៀត ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ចេះ​ថ្លែង​ព្រះ‌បន្ទូល។ អ្នក​ថ្លែង​ព្រះ‌បន្ទូល​សំខាន់​ជាង​អ្នក​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទៅ​ទៀត លើក‌លែង​តែ​អ្នក​និយាយ​នោះ​បក​ប្រែ​ឲ្យ​គេ​យល់ ដើម្បី​កសាង​ក្រុម‌ជំនុំ ទើប​សំខាន់។ បងប្អូន​អើយ ប្រសិន​បើ​ខ្ញុំ​មក​រក​បងប្អូន ទាំង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តើ​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន? បើ​ខ្ញុំ​មក ដោយ​នាំ​យក​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង​ប្រាប់ ឬ​និយាយ​អំពី​គម្រោង‌ការ​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ដឹង ថ្លែង​ព្រះ‌បន្ទូល ឬ​បង្រៀន ទើប​មាន​ប្រយោជន៍​ដល់​បងប្អូន​ជាង។ ប្រសិន​បើ​ឧបករណ៍​តន្ត្រី​ដូច​ជា​ខ្លុយ ឬ​ពិណ មាន​សំឡេង​មិន​ខុស​ពី​គ្នា​ទេ ធ្វើ​ម្ដេច​នឹង​ឲ្យ​យើង​ដឹង​ថា​ជា​សំឡេង​ខ្លុយ ឬ​សំឡេង​ពិណ​បាន? បើ​ត្រែ​បញ្ចេញ​សំឡេង​មិន​ច្បាស់ តើ​នរណា​នឹង​រៀបចំ​ខ្លួន​ទៅ​ច្បាំង? រីឯ​បងប្អូន​ក៏​ដូច្នោះ​ដែរ ប្រសិន​បើ​បងប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ តែ​មិន​បក​ស្រាយ​ន័យ​ទេ​នោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​គេ​ដឹង​សេចក្ដី​ដែល​បងប្អូន​និយាយ​នោះ​កើត? ដូច្នេះ បងប្អូន​និយាយ​ឥត​បាន​ការ​អ្វី​សោះ!។ ក្នុង​លោក​នេះ មាន​ពាក្យ​ជា​ច្រើន​ឥត​គណនា តែ​ពាក្យ​នីមួយៗ​សុទ្ធ​តែ​មាន​ន័យ។ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​មិន​យល់​ន័យ​នៃ​ពាក្យ​ណា​មួយ​ទេ​នោះ អ្នក​និយាយ​មើល​មក​ខ្ញុំ​ដូច​ជា​ជន​បរទេស ហើយ​ខ្ញុំ​មើល​ទៅ​អ្នក​និយាយ​នោះ​វិញ ដូច​ជា​ជន​បរទេស​ដែរ។ រីឯ​បងប្អូន​វិញ បើ​បងប្អូន​ប៉ង‌ប្រាថ្នា​ចង់​បាន​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌វិញ្ញាណ ដូច្នេះ ត្រូវ​រក​ឲ្យ​បាន​ច្រើន​បរិបូណ៌​ទៅ ជា​ពិសេស រក​ព្រះ‌អំណោយ​ទាន​សម្រាប់​កសាង​ក្រុម‌ជំនុំ*។ ហេតុ​នេះ អ្នក​ដែល​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​អធិស្ឋាន*​សុំ​ឲ្យ​ចេះ​បក​ប្រែ​ន័យ​ផង។ ប្រសិន​បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ចម្លែក វិញ្ញាណ​ខ្ញុំ​នៅ​អធិស្ឋាន​ពិត​មែន ប៉ុន្តែ ប្រាជ្ញា​របស់​ខ្ញុំ​នៅ​ស្ងៀម ឥត​រិះគិត​អ្វី​ទេ។ ដូច្នេះ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ខ្ញុំ​នឹង​អធិស្ឋាន​ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​អធិស្ឋាន ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ ខ្ញុំ​នឹង​ច្រៀង ដោយ​ប្រើ​វិញ្ញាណ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​នឹង​ច្រៀង​ដោយ​ប្រើ​ប្រាជ្ញា​របស់​ខ្ញុំ​ផង​ដែរ។ បើ​បងប្អូន​អរ​ព្រះ‌គុណ​ព្រះអង្គ ដោយ​វិញ្ញាណ​របស់​បងប្អូន​តែ​ប៉ុណ្ណោះ ធ្វើ​ម្ដេច​នឹង​ឲ្យ​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ អាច​នឹង​ពោល​ពាក្យ «អាម៉ែន» យល់​ស្រប​នឹង​ពាក្យ​អរ​ព្រះ‌គុណ​របស់​បងប្អូន​បាន ប្រសិន​បើ​គ្នា​មិន​ដឹង​ថា​បងប្អូន​និយាយ​អ្វី​ផង​នោះ! បងប្អូន​បាន​អរ​ព្រះ‌គុណ​ដូច្នេះ ល្អ​វិសេស‌វិសាល​ហើយ តែ​បងប្អូន​ពុំ​បាន​កសាង​ជំនឿ​អ្នក​ដែល​មក​ស្ដាប់​នោះ​ទេ។ ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ព្រោះ​ខ្ញុំ​ចេះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​លើស​បងប្អូន​ទាំង​អស់​គ្នា​ទៅ​ទៀត ក៏​ប៉ុន្តែ នៅ​ក្នុង​ក្រុម‌ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​ប្រាំ​ម៉ាត់​ដែល​គេ​យល់ ដើម្បី​ទូន្មាន​អ្នក​ឯ​ទៀតៗ​ជា​ជាង​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​មួយ​ម៉ឺន​ម៉ាត់ ដែល​គ្មាន​នរណា​ស្ដាប់​បាន។ បងប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ថា: «យើង​និយាយ​ទៅ​កាន់​ប្រជា‌រាស្ត្រ​នេះ តាម​រយៈ​សាសន៍​ដែល​និយាយ​ភាសា​ដទៃ តាម​រយៈ​បបូរ​មាត់​ជន​បរទេស ប៉ុន្តែ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​មិន​ស្ដាប់​យើង​ដដែល» ។ ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​មិន​ជឿ គឺ​មិន​មែន​សម្រាប់​អ្នក​ជឿ​ទេ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ជា​ទី​សម្គាល់​មួយ​សម្រាប់​អ្នក​ជឿ មិន​មែន​សម្រាប់​អ្នក​មិន​ជឿ​នោះ​ឡើយ។ ដូច្នេះ នៅ​ពេល​ប្រជុំ​គ្នា ប្រសិន​បើ​ក្រុម‌ជំនុំ*​ទាំង​មូល​នាំ​គ្នា​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​នោះ ហើយ​ប្រសិន​បើ​មាន​អ្នក​ដែល​គ្រាន់​តែ​មក​ស្ដាប់ ឬ​អ្នក​មិន​ជឿ​ចូល​មក គេ​មុខ​ជា​ពោល​ថា បងប្អូន​សុទ្ធ​តែ​ជា​មនុស្ស​វិកល‌ចរិត​មិន​ខាន!។ ផ្ទុយ​ទៅ​វិញ បើ​បងប្អូន​ថ្លែង​ព្រះ‌បន្ទូល​ទាំង​អស់​គ្នា ហើយ​មាន​អ្នក​មិន​ជឿ ឬ​អ្នក​ដែល​គ្រាន់​តែ​ចង់​ស្ដាប់​ចូល​មក នោះ​ពាក្យ​ទាំង​អស់​ដែល​គេ​បាន​ឮ មុខ​ជា​នាំ​ឲ្យ​គេ​ដឹង​ថា ខ្លួន​មាន​កំហុស ត្រូវ​ជាប់​ទោស។ ពេល​នោះ គំនិត​លាក់​កំបាំង​លេច​ចេញ​ពី​ចិត្ត​របស់​គេ ហើយ​គេ​ក៏​ក្រាប​ចុះ ដាក់​មុខ​ដល់​ដី ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ទាំង​ប្រកាស​ថា: «ព្រះ‌ជាម្ចាស់​ពិត​ជា​គង់​នៅ​ក្នុង​ចំណោម​បងប្អូន​មែន!» ។ បងប្អូន​អើយ ដូច្នេះ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ពេល​បងប្អូន​រួម​ប្រជុំ​គ្នា ប្រសិន​បើ​ម្នាក់​ច្រៀង​បទ​លើក​តម្កើង​ព្រះ‌ជាម្ចាស់ ម្នាក់​បង្រៀន ម្នាក់​ពន្យល់​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ប្រាប់ ម្នាក់​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ម្នាក់​ទៀត​បក​ប្រែ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដើម្បី​កសាង​ក្រុម‌ជំនុំ។ បើ​បងប្អូន​និយាយ​ភាសា​ចម្លែក​អស្ចារ្យ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​យ៉ាង​ច្រើន​និយាយ ហើយ​និយាយ​ម្នាក់​ម្ដងៗ ដោយ​មាន​អ្នក​បក​ប្រែ​ផង​ដែរ។ ប្រសិន​បើ​គ្មាន​អ្នក​បក​ប្រែ​ទេ​នោះ បងប្អូន​ត្រូវ​នៅ​ស្ងៀម កុំ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ក្នុង​ក្រុម‌ជំនុំ​ឡើយ ចូរ​និយាយ​តែ​ក្នុង​ចិត្ត និង​និយាយ​ទៅ​កាន់​ព្រះ‌ជាម្ចាស់​បាន​ហើយ។ រីឯ​ការ​ថ្លែង​ព្រះ‌បន្ទូល​វិញ ត្រូវ​ឲ្យ​ពីរ ឬ​បី​នាក់​ថ្លែង ហើយ​អ្នក​ឯ​ទៀតៗ​ត្រូវ​ពិចារណា​មើល។ បើ​មាន​នរណា​ម្នាក់​ដែល​អង្គុយ​ក្នុង​អង្គ​ប្រជុំ​នោះ បាន​ទទួល​គំនិត​អ្វី​មួយ​ពី​ព្រះ‌ជាម្ចាស់ ត្រូវ​ឲ្យ​អ្នក​កំពុង​និយាយ​ផ្អាក​សិន ដ្បិត​បងប្អូន​ទាំង​អស់​គ្នា​អាច​ថ្លែង​ព្រះ‌បន្ទូល​ម្នាក់​ម្ដងៗ ដើម្បី​បាន​ទទួល​ការ​អប់រំ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​គ្រប់ៗ​គ្នា។ ព្រះ‌អំណោយ​ទាន​ខាង​ការ​ថ្លែង​ព្រះ‌បន្ទូល ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក​ថ្លែង​ព្រះ‌បន្ទូល ដ្បិត​ព្រះ‌ជាម្ចាស់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ការ​ខ្វះ​សណ្ដាប់‌ធ្នាប់​ទេ គឺ​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុខ‌សាន្ត។ សូម​ឲ្យ​ស្ត្រីៗ​នៅ​ស្ងៀម​ក្នុង​អង្គ​ប្រជុំ ដូច​មាន​ទម្លាប់​នៅ​ក្នុង​ក្រុម‌ជំនុំ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់។ នាង​គ្មាន​សិទ្ធិ​និយាយ​អ្វី​ក្នុង​ពេល​ប្រជុំ​ទេ គឺ​ត្រូវ​នៅ​ស្ងៀម ស្ដាប់​គេ ដូច​មាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ស្រាប់។ ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុម‌ជំនុំ​មិន​សមរម្យ​ទេ។ តើ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ចេញ​មក​ពី​ចំណោម​បងប្អូន​ឬ? ឬ​មួយ​មាន​តែ​បងប្អូន​ប៉ុណ្ណោះ​ទេ​ដែល​បាន​ទទួល​ព្រះ‌បន្ទូល? ប្រសិន​បើ​នរណា​ម្នាក់​នឹក​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ព្រះ‌បន្ទូល ឬ​ស្មាន​ថា ខ្លួន​ជា​អ្នក​ទទួល​អំណោយ​ទាន​ពី​ព្រះ‌វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្ដី​ដែល​ខ្ញុំ​សរសេរ​ជូន​មក​បងប្អូន​នេះ ក៏​ជា​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដែរ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​មិន​ព្រម​ទទួល​ស្គាល់​បទ‌បញ្ជា​នេះ​ទេ ព្រះ‌ជាម្ចាស់​ក៏​មិន​ទទួល​ស្គាល់​អ្នក​នោះ​ដែរ។ ហេតុ​នេះ បងប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះ‌បន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ ត្រូវ​ធ្វើ​ការ​ទាំង​អស់​នេះ ដោយ​សមរម្យ និង​ដោយ​មាន​សណ្ដាប់‌ធ្នាប់។

១ កូរិនថូស 14:1-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ដេញ​តាម​សេចក្ដី​ស្រឡាញ់​ចុះ ហើយ​សង្វាត​ចង់​បាន​អស់​ទាំង​អំណោយ​ទាន​ខាង​ឯ​វិញ្ញាណ​ដែរ តែ​ស៊ូ​ឲ្យ​ចេះ​អធិប្បាយ​ជា​ដើម ដ្បិត​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​មិន​មែន​និយាយ​នឹង​មនុស្ស គឺ​ទូល​នឹង​ព្រះ​វិញ ពី​ព្រោះ​គ្មាន​អ្នក​ណា​ស្តាប់​បាន​ទេ ប៉ុន្តែ អ្នក​នោះ​និយាយ​ជា​សេចក្ដី​អាថ៌‌កំបាំង ដោយ​នូវ​វិញ្ញាណ ឯ​អ្នក​ដែល​អធិប្បាយ​វិញ អ្នក​នោះ​និយាយ​នឹង​មនុស្ស សំរាប់​នឹង​ស្អាង​ចិត្ត កំឡាំង​ចិត្ត ហើយ​កំសាន្ត​ចិត្ត អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ស្អាង​តែ​ចិត្ត​ខ្លួន​ឯង​ទេ តែ​អ្នក​ណា​ដែល​អធិប្បាយ នោះ​ទើប​ស្អាង​ចិត្ត​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​វិញ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​និយាយ​ភាសា​ដទៃ​ទាំង​អស់​ដែរ តែ​ស៊ូ​ឲ្យ​អ្នក​រាល់​គ្នា​ចេះ​អធិប្បាយ​ជា​ជាង ដ្បិត​អ្នក​ដែល​អធិប្បាយ នោះ​ប្រសើរ​ជាង​អ្នក​ដែល​និយាយ​ភាសា​ដទៃ​ទៅ​ទៀត លើក​តែ​អ្នក​នោះ​ចេះ​បក​ប្រែ​ផង ដើម្បី​ឲ្យ​ពួក​ជំនុំ​បាន​ស្អាង​ចិត្ត​ឡើង ដូច្នេះ បង​ប្អូន​អើយ បើ​ខ្ញុំ​មក​ឯ​អ្នក​រាល់​គ្នា ដោយ​និយាយ​ភាសា​ដទៃ នោះ​តើ​ខ្ញុំ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​រាល់​គ្នា លើក​តែ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ជា​ការ​បើក​សំដែង ឬ​តាម​ចំណេះ ឬ​ជា​សេចក្ដី​អធិប្បាយ ឬ​សេចក្ដី​បង្រៀន​ណា​មួយ​វិញ ឯ​របស់​ឥត​ជីវិត​ទាំង​ប៉ុន្មាន​ដែល​មាន​ចេញ​សូរ ទោះ​បើ​ជា​ខ្លុយ​ឬ​ស៊ុង​ក្តី បើ​មិន​មាន​ឮ​សូរ​ខ្ពស់​ទាប នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ដឹង​ថា ផ្លុំ​ឬ​ចាប់​លេង​បទ​ណា​ទៅ​បាន ឯ​ត្រែ ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុង​ប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន អ្នក​រាល់​គ្នា​ក៏​យ៉ាង​ដូច្នោះ​ដែរ បើ​សិន​ជា​អណ្តាត​មិន​បញ្ចេញ​ចំពោះ​ពាក្យ​ដែល​ស្តាប់​បាន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ដឹង​ជា​ថា​អ្វីៗ​បាន គឺ​ដូច​ជា​និយាយ​ទៅ​តាម​ខ្យល់​ទេ នៅ​ក្នុង​លោកីយ​នេះ មាន​សូរ​សំឡេង​ជា​ច្រើន​យ៉ាង​ណាស់ តែ​គ្មាន​ណា​មួយ​ដែល​មិន​ច្បាស់​ឡើយ ដូច្នេះ បើ​ខ្ញុំ​មិន​យល់​ន័យ​សំឡេង​នោះ នោះ​អ្នក​ដែល​និយាយ នឹង​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ប្រទេស​ដទៃ ហើយ​អ្នក​ដែល​និយាយ​នឹង​បាន​ដូច​ជា​អ្នក​ប្រទេស​ដទៃ​ដល់​ខ្ញុំ​ដែរ ដូច្នេះ ដែល​អ្នក​រាល់​គ្នា​សង្វាត​ចង់​បាន​អំណោយ​ទាន ខាង​ឯ​វិញ្ញាណ នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​នៃ​ពួក​ជំនុំ​ឡើង ហេតុ​នោះ​បាន​ជា​អ្នក​ណា​ដែល​និយាយ​ភាសា​ដទៃ នោះ​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ចេះ​បក​ប្រែ​ដែរ បើ​ខ្ញុំ​អធិស្ឋាន​ជា​ភាសា​ដទៃ នោះ​គឺ​ជា​វិញ្ញាណ​ខ្ញុំ​ដែល​អធិស្ឋាន តែ​ឥត​មាន​ប្រយោជន៍​ដល់​ប្រាជ្ញា​ខ្ញុំ​សោះ ដូច្នេះ ត្រូវ​ធ្វើ​ដូច​ម្តេច ខ្ញុំ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​វិញ្ញាណ ហើយ​ត្រូវ​អធិស្ឋាន​ដោយ​នូវ​ប្រាជ្ញា​ផង ខ្ញុំ​នឹង​ច្រៀង​ដោយ​វិញ្ញាណ ហើយ​នឹង​ច្រៀង​ដោយ​ប្រាជ្ញា​ដែរ ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ ឯ​អ្នកៗ​អរ​ព្រះ‌គុណ​យ៉ាង​ល្អ​មែន តែ​អ្នក​នោះ​មិន​បាន​ស្អាង​ចិត្ត​ឡើង​សោះ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ ដ្បិត​ខ្ញុំ​និយាយ​ភាសា​ដទៃ​ជា​ច្រើន លើស​ជាង​អ្នក​រាល់​គ្នា​ទាំង​អស់ ប៉ុន្តែ ក្នុង​ពួក​ជំនុំ ខ្ញុំ​ចូល​ចិត្ត​និយាយ​តែ​ពាក្យ​៥​ម៉ាត់​ដោយ​នូវ​ប្រាជ្ញា​ខ្ញុំ ដើម្បី​នឹង​បង្រៀន​ដល់​មនុស្ស​ឯ​ទៀត ជា​ជាង​និយាយ​ភាសា​ដទៃ​១​ម៉ឺន​ម៉ាត់​វិញ។ បង​ប្អូន​អើយ កុំ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ខ្ចី​ខាង​ឯ​គំនិត​ឡើយ បើ​ខាង​ឯ​បំណង​អាក្រក់ នោះ​ចូរ​នៅ​ជា​កូន‌ង៉ែត​ចុះ តែ​ចំណែក​ខាង​ឯ​គំនិត នោះ​ចូរ​ធ្វើ​ជា​មនុស្ស​ពេញ​អាយុ​វិញ មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​ក្រិត្យ‌វិន័យ​ថា «អញ​នឹង​និយាយ​នឹង​សាសន៍​នេះ ដោយ​ភាសា​ផ្សេងៗ ហើយ​ដោយ​បបូរ​មាត់​មនុស្ស​ដទៃ តែ​យ៉ាង​នោះ គេ​ក៏​មិន​ស្តាប់​អញ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់» បាន​ជា​ភាសា​ដទៃ នោះ​សំរាប់​ជា​ទី​សំគាល់ មិន​មែន​ដល់​ពួក​អ្នក​ដែល​ជឿ​ទេ គឺ​ដល់​អស់​ពួក​អ្នក​ដែល​មិន​ជឿ​វិញ តែ​ការ​អធិប្បាយ នោះ​មិន​មែន​សំរាប់​ពួក​អ្នក​ដែល​មិន​ជឿ គឺ​សំរាប់​ពួក​អ្នក​ដែល​ជឿ​វិញ ដូច្នេះ បើ​កាល​ណា​ពួក​ជំនុំ​ទាំង​មូល​ប្រជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ហើយ​គ្រប់​គ្នា​និយាយ​ភាសា​ដទៃ រួច​មាន​មនុស្ស​ដែល​មិន​ចេះ ឬ​មនុស្ស​មិន​ជឿ​គេ​ចូល​មក នោះ​តើ​គេ​មិន​ថា​អ្នក​រាល់​គ្នា​ឆ្កួត​ទេ​ឬ​អី តែ​បើ​គ្រប់​គ្នា​អធិប្បាយ​វិញ ហើយ​មាន​មនុស្ស​ដែល​មិន​ជឿ ឬ​មនុស្ស​ខ្លះ​ដែល​មិន​ចេះ គេ​ចូល​មក នោះ​គេ​ត្រូវ​ភ្ញាក់​ដឹង​ខ្លួន​ឡើង ដោយ‌សារ​អ្នក​រាល់​គ្នា ហើយ​ត្រូវ​អ្នក​រាល់​គ្នា​ពិចារណា​ខ្លួន​ដែរ យ៉ាង​នោះ អស់​ទាំង​សេចក្ដី​លាក់​កំបាំង​ក្នុង​ចិត្ត​គេ នឹង​បាន​សំដែង​មក ហើយ​យ៉ាង​នោះ គេ​នឹង​ក្រាប​ផ្កាប់​មុខ​ថ្វាយ‌បង្គំ​ដល់​ព្រះ​វិញ ព្រម​ទាំង​ធ្វើ​បន្ទាល់​ថា ព្រះ‌ទ្រង់​គង់​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន។ ដូច្នេះ ធ្វើ​ដូច​ម្តេច បង​ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​ប្រជុំ នោះ​គ្រប់​គ្នា​មាន​ទំនុក‌ដំកើង មាន​សេចក្ដី​បង្រៀន មាន​សេចក្ដី​បើក​សំដែង មាន​និយាយ​ភាសា​ដទៃ មាន​សេចក្ដី​បក​ប្រែ​ដែរ ត្រូវ​ឲ្យ​ធ្វើ​ការ​ទាំង​អស់ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង បើ​មាន​អ្នក​ណា​និយាយ​ជា​ភាសា​ដទៃ នោះ​និយាយ​បាន​តែ​២​ឬ​៣​នាក់​យ៉ាង​ច្រើន ហើយ​ម្នាក់​ម្តងៗ​ផង រួច​ត្រូវ​មាន​អ្នក​១​ជា​អ្នក​បក​ប្រែ បើ​គ្មាន​អ្នក​ណា​សំរាប់​បក​ប្រែ​ទេ នោះ​ត្រូវ​ឲ្យ​គេ​នៅ​ស្ងៀម​ក្នុង​ពួក​ជំនុំ​ចុះ ហើយ​ទូល​ដល់​ព្រះ​ដោយ​ខ្លួន​ឯង​វិញ ឯ​អ្នក​ដែល​អធិប្បាយ នោះ​ទុក​ឲ្យ​២​ឬ​៣​នាក់​សំដែង​ទៅ ហើយ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ពិចារណា​ចុះ បើ​មាន​អ្នក​ណា​ទៀត​អង្គុយ​នៅ​ទី​នោះ ដែល​ក៏​មាន​សេចក្ដី​សំរាប់​នឹង​បើក​សំដែង​ដែរ នោះ​ត្រូវ​ឲ្យ​អ្នក​មុន​ផ្អាក​នៅ​ស្ងៀម​សិន ដ្បិត​អ្នក​រាល់​គ្នា​មាន​ច្បាប់​នឹង​អធិប្បាយ​បាន​ទាំង​អស់​គ្នា តែ​ត្រូវ​សំដែង​ម្នាក់​ម្តងៗ ដើម្បី​ឲ្យ​គ្រប់​គ្នា​បាន​រៀន​តាម ហើយ​ឲ្យ​គ្រប់​គ្នា​បាន​សេចក្ដី​ទូន្មាន​ដែរ ឯ​វិញ្ញាណ​នៃ​ពួក​អ្នក​ដែល​អធិប្បាយ នោះ​នៅ​ក្រោម​អំណាច​អ្នក​នោះ​ឯង ដ្បិត​ព្រះ‌ទ្រង់​មិន​មែន​ជា​ព្រះ​នៃ​សេចក្ដី​វឹកវរ​ទេ គឺ​ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​សុខ‌សាន្ត​វិញ ដូច​ក្នុង​អស់​ទាំង​ពួក​ជំនុំ​របស់​ពួក​បរិសុទ្ធ​ដែរ។ នៅ​ក្នុង​ពួក​ជំនុំ ត្រូវ​ឲ្យ​ពួក​ស្រីៗ​នៅ​ស្ងៀម ដ្បិត​គ្មាន​ច្បាប់​ឲ្យ​និយាយ​ឡើយ ត្រូវ​ឲ្យ​គេ​ប្រតិ‌បត្តិ​តាម​វិញ ដូច​ជា​ក្រិត្យ‌វិន័យ​ក៏​សំដែង​ដែរ បើ​គេ​ចង់​រៀន​អ្វី នោះ​ត្រូវ​តែ​សួរ​ប្ដី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ពួក​ស្រីៗ​និយាយ​នៅ​ក្នុង​ពួក​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។ ចុះ​ដូច​ម្តេច តើ​ព្រះ‌បន្ទូល​បាន​ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​មក ឬ​បាន​មក​ត្រឹម​តែ​អ្នក​រាល់​គ្នា​តែ​ប៉ុណ្ណោះ បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ចេះ​អធិប្បាយ ឬ​ថា ខ្លួន​ជា​មនុស្ស​ប្រកប​ដោយ​ព្រះ‌វិញ្ញាណ នោះ​ត្រូវ​តែ​យល់​ព្រម​ថា សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា​នេះ សុទ្ធ​តែ​ជា​បញ្ញត្ត​ផង​ព្រះ‌អម្ចាស់​ទាំង​អស់ បើ​អ្នក​ណា​មិន​យល់​ទេ នោះ​ឲ្យ​គេ​នៅ​តែ​មិន​យល់​ទៅ​ចុះ ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ហើយ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ ត្រូវ​តែ​ធ្វើ​ការ​ទាំង​អស់​តាម​បែប​គួរ​សម ហើយ​ដោយ​លំដាប់‌លំដោយ​ផង។