១ កូរិនថូស 14:1-12
១ កូរិនថូស 14:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរដេញតាមសេចក្តីស្រឡាញ់ ហើយសង្វាតឲ្យបានអំណោយទានខាងវិញ្ញាណចុះ ជាពិសេសឲ្យអ្នករាល់គ្នាចេះថ្លែងទំនាយ។ ដ្បិតអ្នកណានិយាយភាសាដទៃ មិនមែននិយាយទៅកាន់មនុស្សទេ គឺនិយាយទៅកាន់ព្រះវិញ ព្រោះគ្មានអ្នកណាយល់បានទេ ព្រោះអ្នកនោះនិយាយជាសេចក្តីអាថ៌កំបាំង ដោយព្រះវិញ្ញាណ។ ផ្ទុយទៅវិញ អ្នកដែលថ្លែងទំនាយ អ្នកនោះនិយាយទៅកាន់មនុស្ស សម្រាប់នឹងស្អាងចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។ អ្នកណាដែលនិយាយភាសាដទៃ អ្នកនោះស្អាងចិត្តខ្លួនឯង តែអ្នកណាដែលថ្លែងទំនាយ ស្អាងចិត្តក្រុមជំនុំ។ ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់គ្នា តែចង់ឲ្យអ្នករាល់គ្នាថ្លែងទំនាយជាជាង ដ្បិតអ្នកដែលថ្លែងទំនាយ វិសេសជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកលែងតែអ្នកនោះបកប្រែផង ដើម្បីស្អាងចិត្តក្រុមជំនុំឡើង។ ឥឡូវនេះ បងប្អូនអើយ បើខ្ញុំមករកអ្នករាល់គ្នាដោយនិយាយភាសាដទៃ តើខ្ញុំមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា? លើកលែងតែខ្ញុំនិយាយទៅអ្នករាល់គ្នាដោយការបើកសម្ដែង ឬដោយចំណេះដឹង ដោយសេចក្តីទំនាយ ឬដោយសេចក្តីបង្រៀនវិញ។ សូម្បីតែឧបករណ៍តន្ដ្រីដែលគ្មានជីវិត ដូចជាខ្លុយ ឬស៊ុងក្តី ក៏ដូចគ្នា បើវាមិនបញ្ចេញសំឡេងខុសពីគ្នាទេ ធ្វើដូចម្តេចឲ្យដឹងបានថា ឧបករណ៍ដែលកំពុងលេងនោះ ជាខ្លុយ ឬជាស៊ុងទៅបាន? ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនទៅច្បាំងបាន? ឯអ្នករាល់គ្នាក៏ដូច្នោះដែរ ប្រសិនបើអណ្តាតមិនបញ្ចេញពាក្យដែលស្តាប់បាន ធ្វើដូចម្តេចឲ្យគេដឹងថាអ្នករាល់គ្នានិយាយពីអ្វីទៅបាន? ដូច្នេះ អ្នករាល់គ្នានឹងនិយាយទៅកាន់ខ្យល់ហើយ។ នៅក្នុងលោកនេះ មានសំឡេងច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ។ ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់សំឡេងនោះទេ ខ្ញុំនឹងដូចជាជនបរទេសចំពោះអ្នកនិយាយ ហើយអ្នកនិយាយក៏ដូចជាជនបរទសចំពោះខ្ញុំដែរ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ដោយព្រោះអ្នករាល់គ្នាសង្វាតចង់បានអំណោយទានខាងវិញ្ញាណ នោះចូរខំឲ្យបានល្អវិសេសចុះ ដើម្បីស្អាងចិត្តក្រុមជំនុំ។
១ កូរិនថូស 14:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរខំប្រឹងឲ្យមានចិត្តស្រឡាញ់ ចូរប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណដែរ ជាពិសេស ការថ្លែងព្រះបន្ទូល*។ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ* អ្នកនោះនិយាយទៅកាន់ព្រះជាម្ចាស់ មិនមែននិយាយទៅកាន់មនុស្សទេ ដ្បិតគ្មាននរណាយល់ន័យ ព្រោះព្រះវិញ្ញាណនាំចិត្តអ្នកនោះឲ្យថ្លែងពីសេចក្ដីដ៏លាក់កំបាំង។ ផ្ទុយទៅវិញ អ្នកណាថ្លែង*ព្រះបន្ទូល អ្នកនោះនិយាយទៅកាន់មនុស្ស ដើម្បីជួយកសាង ដាស់តឿន និងលើកទឹកចិត្តគេ។ អ្នកណានិយាយភាសាចម្លែកអស្ចារ្យ អ្នកនោះកសាងតែខ្លួនឯងប៉ុណ្ណោះ រីឯអ្នកថ្លែងព្រះបន្ទូលវិញ កសាងក្រុមជំនុំ។ ខ្ញុំចង់ឲ្យបងប្អូនចេះនិយាយភាសាចម្លែកអស្ចារ្យទាំងអស់គ្នា ក៏ប៉ុន្តែ លើសពីនេះទៅទៀត ខ្ញុំចង់ឲ្យបងប្អូនចេះថ្លែងព្រះបន្ទូល។ អ្នកថ្លែងព្រះបន្ទូលសំខាន់ជាងអ្នកនិយាយភាសាចម្លែកអស្ចារ្យទៅទៀត លើកលែងតែអ្នកនិយាយនោះបកប្រែឲ្យគេយល់ ដើម្បីកសាងក្រុមជំនុំ ទើបសំខាន់។ បងប្អូនអើយ ប្រសិនបើខ្ញុំមករកបងប្អូន ទាំងនិយាយភាសាចម្លែកអស្ចារ្យ តើមានប្រយោជន៍អ្វីដល់បងប្អូន? បើខ្ញុំមក ដោយនាំយកសេចក្ដីដែលព្រះជាម្ចាស់បានសម្តែងប្រាប់ ឬនិយាយអំពីគម្រោងការរបស់ព្រះជាម្ចាស់ឲ្យបងប្អូនដឹង ថ្លែងព្រះបន្ទូល ឬបង្រៀន ទើបមានប្រយោជន៍ដល់បងប្អូនជាង។ ប្រសិនបើឧបករណ៍តន្ត្រីដូចជាខ្លុយ ឬពិណ មានសំឡេងមិនខុសពីគ្នាទេ ធ្វើម្ដេចនឹងឲ្យយើងដឹងថាជាសំឡេងខ្លុយ ឬសំឡេងពិណបាន? បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង? រីឯបងប្អូនក៏ដូច្នោះដែរ ប្រសិនបើបងប្អូននិយាយភាសាចម្លែកអស្ចារ្យ តែមិនបកស្រាយន័យទេនោះ ធ្វើម្ដេចនឹងឲ្យគេដឹងសេចក្ដីដែលបងប្អូននិយាយនោះកើត? ដូច្នេះ បងប្អូននិយាយឥតបានការអ្វីសោះ!។ ក្នុងលោកនេះ មានពាក្យជាច្រើនឥតគណនា តែពាក្យនីមួយៗសុទ្ធតែមានន័យ។ ប៉ុន្តែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។ រីឯបងប្អូនវិញ បើបងប្អូនប៉ងប្រាថ្នាចង់បានព្រះអំណោយទានរបស់ព្រះវិញ្ញាណ ដូច្នេះ ត្រូវរកឲ្យបានច្រើនបរិបូណ៌ទៅ ជាពិសេស រកព្រះអំណោយទានសម្រាប់កសាងក្រុមជំនុំ*។
១ កូរិនថូស 14:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរដេញតាមសេចក្ដីស្រឡាញ់ចុះ ហើយសង្វាតចង់បានអស់ទាំងអំណោយទានខាងឯវិញ្ញាណដែរ តែស៊ូឲ្យចេះអធិប្បាយជាដើម ដ្បិតអ្នកណាដែលនិយាយភាសាដទៃ នោះមិនមែននិយាយនឹងមនុស្ស គឺទូលនឹងព្រះវិញ ពីព្រោះគ្មានអ្នកណាស្តាប់បានទេ ប៉ុន្តែ អ្នកនោះនិយាយជាសេចក្ដីអាថ៌កំបាំង ដោយនូវវិញ្ញាណ ឯអ្នកដែលអធិប្បាយវិញ អ្នកនោះនិយាយនឹងមនុស្ស សំរាប់នឹងស្អាងចិត្ត កំឡាំងចិត្ត ហើយកំសាន្តចិត្ត អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង ដូច្នេះ បងប្អូនអើយ បើខ្ញុំមកឯអ្នករាល់គ្នា ដោយនិយាយភាសាដទៃ នោះតើខ្ញុំនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា លើកតែខ្ញុំនិយាយនឹងអ្នករាល់គ្នាជាការបើកសំដែង ឬតាមចំណេះ ឬជាសេចក្ដីអធិប្បាយ ឬសេចក្ដីបង្រៀនណាមួយវិញ ឯរបស់ឥតជីវិតទាំងប៉ុន្មានដែលមានចេញសូរ ទោះបើជាខ្លុយឬស៊ុងក្តី បើមិនមានឮសូរខ្ពស់ទាប នោះធ្វើដូចម្តេចឲ្យដឹងថា ផ្លុំឬចាប់លេងបទណាទៅបាន ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន អ្នករាល់គ្នាក៏យ៉ាងដូច្នោះដែរ បើសិនជាអណ្តាតមិនបញ្ចេញចំពោះពាក្យដែលស្តាប់បាន នោះធ្វើដូចម្តេចឲ្យគេដឹងជាថាអ្វីៗបាន គឺដូចជានិយាយទៅតាមខ្យល់ទេ នៅក្នុងលោកីយនេះ មានសូរសំឡេងជាច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ ដូច្នេះ បើខ្ញុំមិនយល់ន័យសំឡេងនោះ នោះអ្នកដែលនិយាយ នឹងទុកខ្ញុំដូចជាអ្នកប្រទេសដទៃ ហើយអ្នកដែលនិយាយនឹងបានដូចជាអ្នកប្រទេសដទៃដល់ខ្ញុំដែរ ដូច្នេះ ដែលអ្នករាល់គ្នាសង្វាតចង់បានអំណោយទាន ខាងឯវិញ្ញាណ នោះត្រូវស្វែងរក ឲ្យបានកាន់តែច្រើនចុះ ដើម្បីនឹងស្អាងចិត្តនៃពួកជំនុំឡើង