១ កូរិនថូស 13:1-8
១ កូរិនថូស 13:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ទោះបើខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក៏ដោយ តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំប្រៀបដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹងដែលឮទ្រហឹងប៉ុណ្ណោះ។ បើខ្ញុំមានអំណោយទានថ្លែងទំនាយ ហើយស្គាល់អស់ទាំងអាថ៌កំបាំង និងចំណេះគ្រប់យ៉ាង ហើយបើខ្ញុំមានគ្រប់ទាំងជំនឿ ល្មមនឹងរើភ្នំចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំគ្មានប្រយោជន៍សោះ។ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិរបស់ខ្ញុំ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។ សេចក្តីស្រឡាញ់តែងអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន មិនវាយឫកខ្ពស់ ក៏មិនប្រព្រឹត្តបែបមិនគួរសម។ សេចក្ដីស្រឡាញ់មិនរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស។ សេចក្ដីស្រឡាញ់មិនអរសប្បាយនឹងអំពើទុច្ចរិត គឺអរសប្បាយតែនឹងសេចក្តីពិតវិញ។ សេចក្ដីស្រឡាញ់គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។
១ កូរិនថូស 13:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីខ្ញុំចេះនិយាយភាសារបស់មនុស្សលោក និងភាសារបស់ទេវតាក្ដី បើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេ ខ្ញុំប្រៀបដូចជាសំឡេងគងដែលលាន់ឮឡើង ឬដូចជាស្គរដែលឮរំពងឡើងតែប៉ុណ្ណោះ។ ទោះបីខ្ញុំទទួលព្រះអំណោយទានខាងថ្លែងព្រះបន្ទូល និងស្គាល់គម្រោងការដ៏លាក់កំបាំងទាំងអស់ ព្រមទាំងមានចំណេះគ្រប់យ៉ាង ហើយទោះបីខ្ញុំមានជំនឿមាំ រហូតដល់ធ្វើឲ្យភ្នំរើពីកន្លែងមួយទៅកន្លែងមួយទៀតបានក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះ ខ្ញុំជាមនុស្សឥតបានការអ្វីទាំងអស់។ ទោះបីខ្ញុំយកទ្រព្យសម្បត្តិរបស់ខ្ញុំទាំងប៉ុន្មានទៅចែកទានក្ដី ទោះបីខ្ញុំសុខចិត្តឲ្យគេយករូបកាយខ្ញុំទៅដុតទាំងរស់ក្ដី តែបើសិនជាខ្ញុំគ្មានសេចក្ដីស្រឡាញ់ទេនោះក៏គ្មានប្រយោជន៍អ្វីដល់ខ្ញុំដែរ។ អ្នកមានចិត្តស្រឡាញ់ តែងតែអត់ធ្មត់ ជួយធុរៈគេ ហើយមិនចេះឈ្នានីសគេទេ។ អ្នកមានចិត្តស្រឡាញ់ មិនវាយឫកខ្ពស់ មិនអួតបំប៉ោងឡើយ។ អ្នកមានចិត្តស្រឡាញ់ មិនប្រព្រឹត្តអំពើថោកទាប មិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន មិនមួម៉ៅ មិនចងគំនុំ មិនអបអរនឹងអំពើទុច្ចរិតទេ តែរីករាយនឹងសេចក្ដីពិតវិញ។ អ្នកមានចិត្តស្រឡាញ់ អត់ឱនឲ្យទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់។ សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែង*ព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យ*នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។
១ កូរិនថូស 13:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្ដីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្ដីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ បើខ្ញុំចែកអស់ទាំងទ្រព្យសម្បត្តិខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្ដីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ ឯសេចក្ដីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្ដីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស មិនដែលអរសប្បាយចំពោះសេចក្ដីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្ដីស្មោះត្រង់វិញ ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ