១ កូរិនថូស 12:4-14
១ កូរិនថូស 12:4-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
រីឯអំណោយទានមានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែជាព្រះអម្ចាស់ដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែគឺព្រះដដែលនោះឯងដែលធ្វើសកម្មភាពគ្រប់ទាំងអស់ នៅក្នុងមនុស្សទាំងអស់។ ព្រះអង្គប្រទានឲ្យម្នាក់ៗមានការសម្ដែងរបស់ព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។ ប៉ុន្ដែ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពគ្រប់ទាំងអស់ ទាំងចែកឲ្យម្នាក់ៗរៀងៗខ្លួន តាមដែលទ្រង់សព្វព្រះហឫទ័យ។ ដ្បិតដូចដែលរូបកាយមួយមានអវយវៈច្រើន ហើយអវយវៈទាំងអស់នៅក្នុងរូបកាយនោះ ទោះមានច្រើនមែន តែរួមគ្នាជារូបកាយតែមួយយ៉ាងណា នោះព្រះគ្រីស្ទក៏ដូច្នោះដែរ។ ដ្បិតយើងទាំងអស់គ្នា ទោះបីជាសាសន៍យូដា ឬសាសន៍ក្រិកក្ដី ជាបាវបម្រើ ឬអ្នកជាក្តី យើងបានទទួលពិធីជ្រមុជចូលទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ ហើយព្រះប្រទានឲ្យយើងគ្រប់គ្នាផឹកពីព្រះវិញ្ញាណតែមួយ។ រូបកាយមិនមែនមានអវយវៈតែមួយទេ គឺមានច្រើន។
១ កូរិនថូស 12:4-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានឲ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ* ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។ ព្រះគ្រិស្ត*ប្រៀបបានទៅនឹងរូបកាយមួយ ដែលចែកចេញជាច្រើនផ្នែក។ ទោះបីមានសរីរាង្គច្រើនយ៉ាងណាក៏ដោយ ក៏សរីរាង្គទាំងអស់ផ្សំគ្នាជារូបកាយតែមួយដែរ។ យើងទាំងអស់គ្នា ទោះបីជាសាសន៍យូដាក្ដី សាសន៍ក្រិកក្ដី អ្នកងារក្ដី អ្នកជាក្ដី ក៏យើងបានទទួលពិធីជ្រមុជ*ក្នុងព្រះវិញ្ញាណតែមួយ ដើម្បីផ្សំគ្នាឡើងជាព្រះកាយតែមួយ ហើយយើងទាំងអស់គ្នាសុទ្ធតែបានទទួលព្រះវិញ្ញាណតែមួយដែរ។ រូបកាយមិនមែនមានសរីរាង្គតែមួយទេ គឺមានច្រើន។
១ កូរិនថូស 12:4-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។ ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ ដ្បិតយើងទាំងអស់គ្នា ទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើ ឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ