១ កូរិនថូស 12:21-26

១ កូរិនថូស 12:21-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ភ្នែក​មិន​អាច​និយាយ​ទៅ​ដៃ​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» នោះ​ទេ ឯ​ក្បាល​ក៏​មិន​អាច​និយាយ​ទៅ​ជើង​ថា «ខ្ញុំ​មិន​ត្រូវ​ការ​ឯង» នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ អវយវៈ​ណា​នៅ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​យើង​ត្រូវ​ការ​ជា​ចាំ​បាច់ ហើយ​អវ‌យវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​រាប់​អាន​កាន់​តែ​ខ្លាំង ហើយ​អវ‌យវៈ​ណា​របស់​យើង​ដែល​មិន​ល្អ​មើល នោះ​យើង​កាន់​តែ​គោរព​យ៉ាង​ពិសេស​វិញ រីឯ​អវ‌យវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ។ ព្រះ​បាន​រៀប​ចំ​រូប‌កាយ​របស់​យើង ដោយ​ប្រទាន​ឲ្យ​អវ‌យវៈ​ណា​ដែល​ខ្វះ​ខាត បាន​កាន់​តែ​មាន​តម្លៃ​វិសេស ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​នៅ​ក្នុង​រូប‌កាយ គឺ​ឲ្យ​អវ‌យវៈ​ទាំង​ប៉ុន្មាន​បាន​ជួយ​គាំ‌ពារ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន‌បើ​អវ‌យវៈ​ណា​មួយ​ឈឺ នោះ​ទាំង‌អស់​ឈឺ​ជាមួយ​គ្នា បើ​អវយវៈ​ណា​មួយ​បាន​តម្កើង​ឡើង នោះ​ទាំង‌អស់​ក៏​រីក‌រាយ​ជាមួយ​ដែរ។

១ កូរិនថូស 12:21-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា «អញ​មិន​ត្រូវ​ការ​ឯង» បាន​ទេ រីឯ​ក្បាល​ក៏​ពុំ​អាច​និយាយ​ទៅ​កាន់​ជើង​ថា «អញ​មិន​ត្រូវ​ការ​ឯង​ទាំង​ពីរ» បាន​ដែរ។ ផ្ទុយ​ទៅ​វិញ សរីរាង្គ​ណា​ដែល​គេ​ចាត់​ទុក​ថា​ខ្សោយ​ជាង​គេ យើង​ត្រូវ​ការ​សរីរាង្គ​នោះ​ជា​ចាំបាច់ ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។ រីឯ​សរីរាង្គ​ណា​ដែល​សមរម្យ​ហើយ សរីរាង្គ​នោះ​មិន​ត្រូវ​ការ​ឲ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ទេ។ ព្រះ‌ជាម្ចាស់​បាន​រៀបចំ​រូប​កាយ​របស់​យើង ដោយ​ប្រទាន​សេចក្ដី​ថ្លៃ‌ថ្នូរ ដល់​សរីរាង្គ​ណា​ដែល​ខ្វះ‌ខាត ដើម្បី​កុំ​ឲ្យ​មាន​ការ​បាក់​បែក​គ្នា​នៅ​ក្នុង​រូប​កាយ គឺ​ឲ្យ​សរីរាង្គ​យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​ឈឺ​ចុក​ចាប់ សរីរាង្គ​ទាំង​អស់​ក៏​ឈឺ​ចុក​ចាប់​ជា​មួយ​ដែរ ប្រសិន​បើ​មាន​សរីរាង្គ​ណា​មួយ​បាន​ថ្លៃ‌ថ្នូរ សរីរាង្គ​ទាំង​អស់​ក៏​អរ​សប្បាយ​ជា​មួយ​ដែរ។

១ កូរិនថូស 12:21-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​ដំកើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ