១ កូរិនថូស 12:1-11
១ កូរិនថូស 12:1-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់ខ្លៅទេ។ អ្នករាល់គ្នាដឹងហើយថា កាលអ្នករាល់គ្នានៅជាសាសន៍ដទៃនៅឡើយ អ្នករាល់គ្នាបានបណ្ដោយខ្លួនឲ្យវង្វេងទៅតាមរូបព្រះដែលមិនចេះនិយាយ។ ហេតុនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា គ្មានអ្នកណាម្នាក់និយាយដោយព្រះវិញ្ញាណរបស់ព្រះថា «ព្រះយេស៊ូវត្រូវបណ្តាសា» នោះឡើយ ហើយក៏គ្មានអ្នកណាអាចនិយាយថា «ព្រះយេស៊ូវជាព្រះអម្ចាស់» បានដែរ ប្រសិនបើគ្មានព្រះវិញ្ញាណបរិសុទ្ធ។ រីឯអំណោយទានមានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែជាព្រះអម្ចាស់ដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែគឺព្រះដដែលនោះឯងដែលធ្វើសកម្មភាពគ្រប់ទាំងអស់ នៅក្នុងមនុស្សទាំងអស់។ ព្រះអង្គប្រទានឲ្យម្នាក់ៗមានការសម្ដែងរបស់ព្រះវិញ្ញាណ ដើម្បីជាប្រយោជន៍រួម ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានជំនឿ ដោយសារព្រះវិញ្ញាណដដែល ឲ្យម្នាក់ទៀតមានអំណោយទាននៃការប្រោសឲ្យជា ដោយសារព្រះវិញ្ញាណតែមួយ ឲ្យម្នាក់ទៀតសម្ដែងការអស្ចារ្យ ឲ្យម្នាក់ទៀតថ្លែងទំនាយ ឲ្យម្នាក់ទៀតសង្កេតស្គាល់វិញ្ញាណ ឲ្យម្នាក់ទៀតនិយាយភាសាដទៃផ្សេងៗ ហើយឲ្យម្នាក់ទៀតបកប្រែភាសាដទៃ។ ប៉ុន្ដែ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពគ្រប់ទាំងអស់ ទាំងចែកឲ្យម្នាក់ៗរៀងៗខ្លួន តាមដែលទ្រង់សព្វព្រះហឫទ័យ។
១ កូរិនថូស 12:1-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ អំពីព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ បងប្អូនជ្រាបស្រាប់ហើយថា កាលបងប្អូនមិនទាន់ស្គាល់ព្រះអង្គនៅឡើយ បងប្អូនបានបណ្ដោយខ្លួនទៅគោរពព្រះក្លែងក្លាយដែលមិនចេះនិយាយ។ ហេតុនេះ ខ្ញុំសូមជម្រាបបងប្អូនឲ្យដឹងថា ប្រសិនបើអ្នកណាម្នាក់មានព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ណែនាំ អ្នកនោះពុំអាចពោលថា «ព្រះយេស៊ូត្រូវបណ្ដាសា» កើតទេ ហើយបើគ្មានព្រះវិញ្ញាណដ៏វិសុទ្ធ*ណែនាំទេនោះ ក៏គ្មាននរណាម្នាក់អាចពោលថា «ព្រះយេស៊ូជាព្រះអម្ចាស់»ដែរ។ មានព្រះអំណោយទានផ្សេងៗពីគ្នា តែមានព្រះវិញ្ញាណតែមួយព្រះអង្គទេ ដែលប្រទានឲ្យ។ មានមុខងារផ្សេងៗពីគ្នា តែយើងបម្រើព្រះអម្ចាស់តែមួយព្រះអង្គដដែល។ មានសកម្មភាពផ្សេងៗពីគ្នា តែមានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលបំពេញសកម្មភាពទាំងនោះ នៅក្នុងមនុស្សទាំងអស់។ ព្រះវិញ្ញាណប្រោសប្រទានឲ្យម្នាក់ៗសម្តែងព្រះអំណោយទាន ដើម្បីជាប្រយោជន៍រួម គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតមានជំនឿ ព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះប្រោសមនុស្សឲ្យជាពីជំងឺ ឲ្យម្នាក់ទៀតចេះធ្វើការអស្ចារ្យ ឲ្យម្នាក់ទៀតចេះថ្លែង*ព្រះបន្ទូល ឲ្យម្នាក់ទៀតចេះស្ទង់មើលវិញ្ញាណល្អ ឬអាក្រក់ ឲ្យម្នាក់ទៀតចេះនិយាយភាសាចម្លែកអស្ចារ្យ* ឲ្យម្នាក់ទៀតចេះបកប្រែន័យភាសាទាំងនោះ ប៉ុន្តែ មានព្រះវិញ្ញាណតែមួយដដែល ដែលបំពេញសកម្មភាពទាំងអស់ ហើយប្រទានឲ្យម្នាក់ៗមានព្រះអំណោយទានផ្សេងៗពីគ្នា តាមព្រះហឫទ័យរបស់ព្រះអង្គ។
១ កូរិនថូស 12:1-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ទេ អ្នករាល់គ្នាដឹងហើយថា ពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ដែលត្រូវបង្វែរទៅឯរូបព្រះគ តាមតែមានសេចក្ដីដឹកនាំទៅនោះ ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ហើយក៏មានមុខងារផ្សេងៗពីគ្នា តែគឺជាព្រះអម្ចាស់ដដែលដែរ ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ ក្នុងមនុស្សទាំងអស់ ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្ដីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។