១ កូរិនថូស 11:26-32

១ កូរិនថូស 11:26-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​អ្នក​រាល់​គ្នា​ប្រកាស​ពី​ការ​សុគត​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ព្រះ‌អង្គ​យាង​មក។ ដូច្នេះ អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម អ្នក​នោះ​នឹង​មាន​ទោស​ចំពោះ​ព្រះ​កាយ និង​ព្រះ‌លោ​ហិត​របស់​ព្រះ‌អម្ចាស់។ ត្រូវ​ឲ្យ​ម្នាក់ៗ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន សឹម​បរិ‌ភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​ដោយ​មិន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​បរិ‌ភោគ និង​ផឹក​សេចក្ដី​ជំនុំ​ជម្រះ​ដល់​ខ្លួន​ឯង​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន​ខ្សោយ មាន​ជំងឺ ហើយ​ខ្លះ​បាន​ស្លាប់។ ប្រសិន‌បើ​យើង​រាល់​គ្នា​ពិចារណា​មើល​ខ្លួន​យើង នោះ​យើង​មិន​ជាប់​ជំនុំ‌ជម្រះ​ទេ។ ប៉ុន្តែ ពេល​ព្រះ‌អម្ចាស់​ជំនុំ‌ជម្រះ​យើង នោះ​ទ្រង់​វាយ​ផ្ចាល​យើង ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជាមួយ​លោកីយ៍។

១ កូរិនថូស 11:26-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រៀង​រាល់​ពេល​ដែល​បងប្អូន​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នេះ បងប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។ ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បងប្អូន មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។ ប្រសិន​បើ​យើង​ពិនិត្យ‌ពិច័យ​មើល​ខ្លួន​ឯង ព្រះ‌អម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។ ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។

១ កូរិនថូស 11:26-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ‌អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក បាន​ជា​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​នឹង​ព្រះ‌លោហិត​នៃ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​បែប​មិន​គួរ​សម អ្នក​នោះ​ឈ្មោះ​ថា​បរិភោគ​ជា​សេចក្ដី​ជំនុំ‌ជំរះ​ដល់​ខ្លួន​វិញ ដោយ​ព្រោះ​មិន​ពិចារណា​ឃើញ​រូប​អង្គ​នៃ​ព្រះ‌អម្ចាស់​ទេ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន ទៅ​ជា​ខ្សោយ ហើយ​ឈឺ ក៏​មាន​គ្នា​ជា​ច្រើន​ដេក​លក់​ទៅ​ហើយ​ដែរ បើ​សិន​ជា​យើង​រាល់​គ្នា​ពិចារណា​មើល​ក្នុង​ខ្លួន​យើង នោះ​យើង​មិន​ត្រូវ​ជាប់​ជំនុំ‌ជំរះ​ទេ តែ​កាល​ណា​យើង​រាល់​គ្នា​ត្រូវ​ជាប់​ជំនុំ‌ជំរះ នោះ​ព្រះ‌អម្ចាស់​ទ្រង់​វាយ‌ផ្ចាល​យើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជា​មួយ​នឹង​លោកីយ​ឡើយ