១ កូរិនថូស 11:23-32
១ កូរិនថូស 11:23-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតសេចក្តីដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន ទ្រង់បានយកនំបុ័ងមក លុះទ្រង់បានអរព្រះគុណរួចហើយ ទ្រង់ក៏កាច់នំបុ័ង ហើយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកពីខ្ញុំ»។ ក្រោយពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី តាំងឡើងដោយឈាមរបស់ខ្ញុំ។ ចូរធ្វើដូច្នេះរាល់ពេលដែលអ្នករាល់គ្នាផឹក ដើម្បីរំឭកពីខ្ញុំ»។ ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសុគតរបស់ព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមក។ ដូច្នេះ អ្នកណាបរិភោគនំបុ័ងនេះ ឬផឹកពីពែងរបស់ព្រះអម្ចាស់បែបមិនគួរសម អ្នកនោះនឹងមានទោសចំពោះព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ ត្រូវឲ្យម្នាក់ៗពិនិត្យមើលខ្លួនឯងសិន សឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះ ដ្បិតអ្នកណាដែលបរិភោគដោយមិនយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ អ្នកនោះបរិភោគ និងផឹកសេចក្ដីជំនុំជម្រះដល់ខ្លួនឯងហើយ។ ហេតុនេះហើយបានជាមានអ្នករាល់គ្នាជាច្រើនខ្សោយ មានជំងឺ ហើយខ្លះបានស្លាប់។ ប្រសិនបើយើងរាល់គ្នាពិចារណាមើលខ្លួនយើង នោះយើងមិនជាប់ជំនុំជម្រះទេ។ ប៉ុន្តែ ពេលព្រះអម្ចាស់ជំនុំជម្រះយើង នោះទ្រង់វាយផ្ចាលយើង ដើម្បីកុំឲ្យយើងជាប់ទោសជាមួយលោកីយ៍។
១ កូរិនថូស 11:23-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប៉័ងមកកាន់ ព្រះអង្គអរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ រៀងរាល់ពេលដែលបងប្អូនពិសានំប៉័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។ ហេតុនេះ ប្រសិនបើអ្នកណាពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ ដោយមិនសមរម្យ អ្នកនោះនឹងមានកំហុស ដោយមិនបានគោរពព្រះកាយ និងព្រះលោហិតរបស់ព្រះអម្ចាស់។ ដូច្នេះ ម្នាក់ៗត្រូវពិនិត្យពិច័យមើលចិត្តគំនិតរបស់ខ្លួនឯងសិន សឹមពិសានំប៉័ង និងពិសាពីពែងរបស់ព្រះអម្ចាស់ ដ្បិតអ្នកណាពិសានំប៉័ង និងពិសាពីពែងនោះ ដោយមិនបានយល់ដល់ព្រះកាយរបស់ព្រះអម្ចាស់ទេ អ្នកនោះយកទោសមកដាក់លើខ្លួនឯងផ្ទាល់។ ហេតុនេះហើយបានជានៅក្នុងចំណោមបងប្អូន មានគ្នាច្រើនខ្សោយកម្លាំង និងឈឺ ហើយមានមួយចំនួនធំបានស្លាប់។ ប្រសិនបើយើងពិនិត្យពិច័យមើលខ្លួនឯង ព្រះអម្ចាស់នឹងមិនវិនិច្ឆ័យទោសយើងទេ។ ប៉ុន្តែ បើព្រះអម្ចាស់វិនិច្ឆ័យទោសយើង មកពីព្រះអង្គចង់កែយើង ដើម្បីកុំឲ្យយើងទទួលទោសជាមួយលោកីយ៍។
១ កូរិនថូស 11:23-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតឯសេចក្ដីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំបុ័ង លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្ដីរំឭកពីខ្ញុំចុះ» លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្ដីរំឭកដល់ខ្ញុំ» ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក បានជាអ្នកណាដែលបរិភោគនំបុ័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់ ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំបុ័ង ហើយផឹកពីពែងនេះចុះ ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថាបរិភោគជាសេចក្ដីជំនុំជំរះដល់ខ្លួនវិញ ដោយព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើន ទៅជាខ្សោយ ហើយឈឺ ក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរ បើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើង នោះយើងមិនត្រូវជាប់ជំនុំជំរះទេ តែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជំរះ នោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញ ដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីយឡើយ