១ កូរិនថូស 11:17-26
១ កូរិនថូស 11:17-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ នៅក្នុងសេចក្តីទូន្មានបន្តទៅទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះពេលអ្នករាល់គ្នាជួបប្រជុំគ្នា មិនមែនដើម្បីឲ្យប្រសើរឡើងទេ តែបែរជាអាក្រក់ទៅៗ ដ្បិតមុនដំបូងខ្ញុំឮថា ពេលអ្នករាល់គ្នាមកជួបជុំគ្នាជាក្រុមជំនុំ នោះមានការបែកបាក់គ្នាជាបក្សពួក ហើយខ្ញុំក៏ជឿខ្លះដែរ ដ្បិតត្រូវតែមានបក្សពួកក្នុងចំណោមអ្នករាល់គ្នាដូច្នេះឯង ទើបដឹងថាអ្នកណាជាមនុស្សពិតត្រង់ក្នុងចំណោមអ្នករាល់គ្នា។ ពេលអ្នករាល់គ្នាជួបជុំគ្នា អ្នករាល់គ្នាមិនមែនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់ទេ។ ដ្បិតពេលអ្នករាល់គ្នាបរិភោគ ម្នាក់ៗប្រញាប់ប្រញាល់តែនឹងបរិភោគម្ហូបអាហាររបស់ខ្លួនឲ្យបានឆ្អែតមុនគេ ទុកឲ្យអ្នកខ្លះនៅឃ្លាន ហើយអ្នកខ្លះទៀតបែរជាស្រវឹង តើអ្នករាល់គ្នាគ្មានផ្ទះសំបែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយអ្នករាល់គ្នាប្រមាថមើលងាយក្រុមជំនុំរបស់ព្រះ ហើយបង្អាប់បង្ឱនអស់អ្នកដែលគ្មានអ្វីបរិភាគ? តើគួរឲ្យខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាដូចម្តេច? គួរឲ្យខ្ញុំសរសើរអ្នករាល់គ្នាឬ? ខ្ញុំមិនសរសើរអ្នករាល់គ្នាក្នុងរឿងនេះទេ។ ដ្បិតសេចក្តីដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន ទ្រង់បានយកនំបុ័ងមក លុះទ្រង់បានអរព្រះគុណរួចហើយ ទ្រង់ក៏កាច់នំបុ័ង ហើយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកពីខ្ញុំ»។ ក្រោយពីបរិភោគរួចហើយ ព្រះអង្គក៏យកពែងធ្វើបែបដូច្នោះដែរ ដោយមានព្រះបន្ទូលថា៖ «ពែងនេះជាសញ្ញាថ្មី តាំងឡើងដោយឈាមរបស់ខ្ញុំ។ ចូរធ្វើដូច្នេះរាល់ពេលដែលអ្នករាល់គ្នាផឹក ដើម្បីរំឭកពីខ្ញុំ»។ ដ្បិតរាល់ពេលដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះអ្នករាល់គ្នាប្រកាសពីការសុគតរបស់ព្រះអម្ចាស់ រហូតដល់ព្រះអង្គយាងមក។
១ កូរិនថូស 11:17-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះ ខ្ញុំពុំអាចសរសើរបងប្អូនឡើយ ព្រោះការប្រជុំរបស់បងប្អូនពុំបានធ្វើឲ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ ជាបឋម ខ្ញុំបានឮដំណឹងថា នៅពេលបងប្អូនរួមប្រជុំគ្នាជាក្រុមជំនុំ* នោះបងប្អូនបានបាក់បែកគ្នាជាបក្សជាពួក។ ត្រង់នេះ ខ្ញុំជឿខ្លះៗដែរ។ ត្រូវតែមានការខ្វែងគំនិតក្នុងចំណោមបងប្អូនដូច្នេះឯង ដើម្បីឲ្យដឹងថាអ្នកណាពិតជាមានចិត្តស៊ូទ្រាំយ៉ាងស្មោះមែន។ ពេលបងប្អូនប្រជុំគ្នា បងប្អូនមិនបរិភោគពិធីជប់លៀងរបស់ព្រះអម្ចាស់*ទេ ព្រោះម្នាក់ៗគិតតែពីប្រញាប់ប្រញាល់បរិភោគម្ហូបអាហារដែលខ្លួនយកមក នាំឲ្យអ្នកខ្លះគ្មានអ្វីបរិភោគ អ្នកខ្លះស្រវឹង។ តើបងប្អូនគ្មានផ្ទះសំបែងសម្រាប់ពិសាបាយទឹកទេឬ? ឬមួយមកពីបងប្អូនប្រមាថមាក់ងាយក្រុមជំនុំរបស់ព្រះជាម្ចាស់ និងចង់ធ្វើឲ្យអ្នកដែលគ្មានអ្វីបរិភោគត្រូវអៀនខ្មាស? តើត្រូវឲ្យខ្ញុំនិយាយមកកាន់បងប្អូនដោយរបៀបណា? ឲ្យខ្ញុំសរសើរបងប្អូនឬ? ទេ ខ្ញុំពុំអាចសរសើរបងប្អូនក្នុងរឿងនេះបានទេ!។ រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប៉័ងមកកាន់ ព្រះអង្គអរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ លុះជប់លៀងរួចហើយ ព្រះអង្គធ្វើតាមបែបដដែល ព្រះអង្គយកពែងមកកាន់ ទាំងមានព្រះបន្ទូលថា “នេះជាពែងនៃសម្ពន្ធមេត្រី*ថ្មី ចងឡើង ដោយលោហិតរបស់ខ្ញុំ។ គ្រប់ពេលដែលអ្នករាល់គ្នាពិសា ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។ រៀងរាល់ពេលដែលបងប្អូនពិសានំប៉័ង និងពិសាពីពែងនេះ បងប្អូនប្រកាសអំពីព្រះអម្ចាស់សោយទិវង្គត រហូតដល់ព្រះអង្គយាងមកវិញ។
១ កូរិនថូស 11:17-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខាងឯសេចក្ដីដែលខ្ញុំប្រាប់មកក្រោយនេះ ខ្ញុំមិនសរសើរដល់អ្នករាល់គ្នាទេ ដ្បិតដែលអ្នករាល់គ្នាប្រជុំគ្នា នោះមិនមែនឲ្យបានល្អឡើងទេ គឺឲ្យបានអាក្រក់ជាងទៅវិញ ព្រោះមុនដំបូងខ្ញុំឮថា កាលណាអ្នករាល់គ្នាមូលមកក្នុងពួកជំនុំ នោះតែងមានការបែកខ្ញែកគ្នាទៅ ហើយខ្ញុំក៏បានជឿខ្លះដែរ ពីព្រោះត្រូវតែមានបក្សពួកក្នុងពួកអ្នករាល់គ្នា ដើម្បីឲ្យពួកខ្ជាប់ខ្ជួនបានសំដែងមកឲ្យស្គាល់ច្បាស់ ដូច្នេះ ដែលប្រជុំគ្នានៅទីណាមួយ នោះមិនមែនប្រជុំ ដើម្បីនឹងបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ទេ ដ្បិតកាលបរិភោគ នោះគ្រប់គ្នាខំបរិភោគម្ហូបរបស់ខ្លួនឲ្យតែឆ្អែតមុនគេទៅ បានជាមានមួយនៅឃ្លាន ហើយមួយទៀតស្រវឹង ចុះតើអ្នករាល់គ្នាគ្មានផ្ទះ សំរាប់ជាទីឲ្យបានបរិភោគអាហារទេឬអី ឬតើអ្នកមើលងាយដល់ពួកជំនុំនៃព្រះ ហើយចង់ធ្វើពួកអ្នកដែលគ្មានអ្វីសោះ មានសេចក្ដីខ្មាសឬអី តើគួរឲ្យខ្ញុំនិយាយនឹងអ្នករាល់គ្នាថាដូចម្តេច គួរឲ្យសរសើរឬ ខ្ញុំមិនសរសើរទេ។ ដ្បិតឯសេចក្ដីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំបុ័ង លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្ដីរំឭកពីខ្ញុំចុះ» លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្ដីរំឭកដល់ខ្ញុំ» ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំបុ័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្ដីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក