១ កូរិនថូស 11:1-34

១ កូរិនថូស 11:1-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ចុះ។ ខ្ញុំ​សូម​សរសើរ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​នឹ​ក​ចាំ​ពី​ខ្ញុំ​ក្នុង​គ្រប់​ការ​ទាំង‌អស់ ហើយកា​ន់​តាម​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​បុរស​គ្រប់​រូប ប្ដី​ជា​ក្បាល​របស់​ប្រពន្ធ ហើយ​ព្រះ​ជាសិរសា​របស់​ព្រះ‌គ្រីស្ទ។ បុរស​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល អ្នក​នោះ​បន្ថោក​សិរសា​របស់​ខ្លួន ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​ថ្លែង​ទំនាយ​ដោយ​មិន​ទទូរ​ស្បៃ​លើ​ក្បាល ស្រ្ដី​នោះ​បន្ថោក​ក្បាល​របស់​ខ្លួន ដ្បិត​ធ្វើ​ដូច្នោះ​ប្រៀប​ដូច​ជា​នាង​បាន​កោរ​សក់​ដែរ។ ដ្បិត​បើ​ស្ត្រី​ណា​មិន​ព្រម​ទទូរ​ស្បៃ នោះ​នាង​គួរ​តែ​កាត់​សក់​ចេញ​ទៅ តែ​បើ​កាត់​សក់ ឬ​កោរ​សក់​នាំ​ឲ្យ​ស្រ្ដី​អៀន​ខ្មាស នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ សម្រាប់​បុរស​វិញ មិន​គួរ​ពាក់​អ្វី​លើ​ក្បាល​ទេ ព្រោះ​ខ្លួន​ជា​រូប​អង្គ និង​ជាសិរី‌ល្អរបស់​ព្រះ តែ​ស្ត្រី​ជាសិរី‌ល្អរបស់​បុរស។ ដ្បិត​ព្រះ​មិន​បាន​បង្កើត​បុរស​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​ចេញ​ពី​បុរស ហើយ​ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សម្រាប់​បុរស​វិញ។ ហេតុ​នេះ​បាន​ជា​ស្ត្រី​គួរ​តែ​មាន​សញ្ញា​សម្គាល់​ពី​សិទ្ធិ​អំណាច​នៅ​លើ​ក្បាល​របស់​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា។ ក៏​ប៉ុន្តែ នៅ​ក្នុង​ព្រះ‌អម្ចាស់ ស្រ្ដី​ត្រូវ​ការ​បុរស​ជា​ចាំ​បាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំ​បាច់​ដែរ ដ្បិត​ដូច​ដែល​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​ពី​ស្រ្ដី​យ៉ាង​នោះ​ដែរ តែ​អ្វីៗ​ទាំង‌អស់​មក​ពី​ព្រះ។ ចូរ​ពិចារណា​មើល​ខ្លួន​ឯង​ចុះ​ថា តើ​សម​ឬ​ទេ​ដែល​ស្ត្រី​អធិស្ឋាន​ទៅ​ព្រះ​ដោយ​មិន​ទទូរ​ស្បៃ? តើ​ធម្មជាតិ​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន តែ​បើ​ស្ត្រី​ទុក​សក់​វែង​វិញ នោះ​ជា​សិរីល្អ​របស់​នាង? ដ្បិត​ព្រះ​ប្រទាន​ឲ្យ​នាង​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​សម្រាប់​គ្រប​បាំង។ ប៉ុន្តែ បើ​អ្នក​ណា​ចង់​ជជែក​ពី​រឿង​នេះ នោះ​ត្រូវ​ដឹង​ថា យើង​គ្មាន​ទម្លាប់​បែប​នេះ​ទេ ហើយ​ក្រុម​ជំនុំ​របស់​ព្រះ​ក៏​មិន​ដែល​មាន​ដែរ។ ប៉ុន្ដែ នៅ​ក្នុង​សេចក្តី​ទូន្មាន​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ទេ ព្រោះ​ពេល​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា មិន​មែន​ដើម្បី​ឲ្យ​ប្រសើរ​ឡើង​ទេ តែ​បែរ​ជា​អាក្រក់​ទៅៗ ដ្បិត​មុន​ដំបូង​ខ្ញុំ​ឮ​ថា ពេល​អ្នក​រាល់​គ្នា​មក​ជួប​ជុំ​គ្នា​ជា​ក្រុម​ជំនុំ នោះ​មាន​ការ​បែក​បាក់​គ្នា​ជា​បក្ស​ពួក ហើយ​ខ្ញុំ​ក៏​ជឿ​ខ្លះ​ដែរ ដ្បិត​ត្រូវ​តែ​មាន​បក្ស​ពួក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដូច្នេះ​ឯង ទើប​ដឹង​ថា​អ្នក​ណា​ជា​មនុស្ស​ពិត​ត្រង់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា អ្នក​រាល់​គ្នា​មិន​មែន​បរិ‌ភោគ​ពិធី​ជប់​លៀង​របស់​ព្រះ‌អម្ចាស់​ទេ។ ដ្បិត​ពេល​អ្នក​រាល់​គ្នា​បរិ‌ភោគ ម្នាក់ៗ​ប្រញាប់​ប្រញាល់​តែ​នឹង​បរិ‌ភោគ​ម្ហូប​អាហារ​របស់​ខ្លួន​ឲ្យ​បាន​ឆ្អែត​មុន​គេ ទុក​ឲ្យ​អ្នក​ខ្លះ​នៅ​ឃ្លាន ហើយ​អ្នក​ខ្លះ​ទៀត​បែរ​ជា​ស្រវឹង តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ​សំបែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​ប្រមាថ​មើល​ងាយ​ក្រុម​ជំនុំ​របស់​ព្រះ ហើយ​បង្អាប់​បង្ឱន​អស់​អ្នក​ដែល​គ្មាន​អ្វី​បរិភាគ? តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា​ដូច‌ម្តេច? គួរ​ឲ្យ​ខ្ញុំ​សរសើរ​អ្នក​រាល់​គ្នា​ឬ? ខ្ញុំ​មិន​សរសើរ​អ្នក​រាល់​គ្នា​ក្នុង​រឿង​នេះ​ទេ។ ដ្បិត​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន ទ្រង់​បាន​យក​នំបុ័ង​មក លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ទ្រង់​ក៏​កាច់​នំបុ័ង ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ជា​រូប‌កាយ​ខ្ញុំ​ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​ដូច្នេះ​ទុក​ជា​ការ​រំឭក​ពី​ខ្ញុំ»។ ក្រោយ​ពី​បរិ‌ភោគ​រួច​ហើយ ព្រះ‌អង្គ​ក៏​យក​ពែង​ធ្វើ​បែប​ដូច្នោះ​ដែរ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ពែង​នេះ​ជា​សញ្ញា​ថ្មី តាំង​ឡើង​ដោយ​ឈាម​របស់​ខ្ញុំ។ ចូរ​ធ្វើ​ដូច្នេះ​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​ផឹក ដើម្បី​រំឭក​ពី​ខ្ញុំ»។ ដ្បិត​រាល់​ពេល​ដែល​អ្នក​រាល់​គ្នា​បរិ‌ភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​អ្នក​រាល់​គ្នា​ប្រកាស​ពី​ការ​សុគត​របស់​ព្រះ‌អម្ចាស់ រហូត​ដល់​ព្រះ‌អង្គ​យាង​មក។ ដូច្នេះ អ្នក​ណា​បរិ‌ភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​របស់​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម អ្នក​នោះ​នឹង​មាន​ទោស​ចំពោះ​ព្រះ​កាយ និង​ព្រះ‌លោ​ហិត​របស់​ព្រះ‌អម្ចាស់។ ត្រូវ​ឲ្យ​ម្នាក់ៗ​ពិនិត្យ​មើល​ខ្លួន​ឯង​សិន សឹម​បរិ‌ភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ ដ្បិត​អ្នក​ណា​ដែល​បរិ‌ភោគ​ដោយ​មិន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់ អ្នក​នោះ​បរិ‌ភោគ និង​ផឹក​សេចក្ដី​ជំនុំ​ជម្រះ​ដល់​ខ្លួន​ឯង​ហើយ។ ហេតុ​នេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន​ខ្សោយ មាន​ជំងឺ ហើយ​ខ្លះ​បាន​ស្លាប់។ ប្រសិន‌បើ​យើង​រាល់​គ្នា​ពិចារណា​មើល​ខ្លួន​យើង នោះ​យើង​មិន​ជាប់​ជំនុំ‌ជម្រះ​ទេ។ ប៉ុន្តែ ពេល​ព្រះ‌អម្ចាស់​ជំនុំ‌ជម្រះ​យើង នោះ​ទ្រង់​វាយ​ផ្ចាល​យើង ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជាមួយ​លោកីយ៍។ ដូច្នេះ បង‌ប្អូន​អើយ ពេល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​បរិ‌ភោគ ត្រូវ​ចាំ​គ្នា​ផង បើ​អ្នក​ណា​ឃ្លាន ត្រូវ​ឲ្យ​អ្នក​នោះ​បរិ‌ភោគ​នៅ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ជួប​ប្រជុំ​គ្នា​ទៅ ហើយ​បែរ​ជា​មាន​ទោស។ ចំ​ពោះ​រឿង​ឯទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ នៅ​ពេល​ខ្ញុំ​មក​ដល់។

១ កូរិនថូស 11:1-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​យក​តម្រាប់​តាម​ខ្ញុំ ដូច​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​យក​តម្រាប់​តាម​ព្រះ‌គ្រិស្ត*​ដែរ។ ខ្ញុំ​សូម​សរសើរ​បងប្អូន ដោយ​បងប្អូន​នឹក​ដល់​ខ្ញុំ​ក្នុង​គ្រប់​កាលៈ‌ទេសៈ ហើយ​ប្រតិបត្តិ​តាម​ពាក្យ​ទូន្មាន​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​យក​មក​ជូន​បងប្អូន។ ប៉ុន្តែ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា ព្រះ‌គ្រិស្ត​នាំ​មុខបុរស​គ្រប់​រូប បុរស​នាំ​មុខ​ស្ត្រី ហើយ​ព្រះ‌ជាម្ចាស់​នាំ​មុខ​ព្រះ‌គ្រិស្ត។ បុរស​ណា​អធិស្ឋាន* ឬ​ថ្លែង​ព្រះ‌បន្ទូល ទាំង​មាន​ពាក់​អ្វី​ពី​លើ​ក្បាល បុរស​នោះ​បន្ថោក​ព្រះ‌គ្រិស្ត។ ផ្ទុយ​ទៅ​វិញ ស្ត្រី​ណា​អធិស្ឋាន ឬ​ថ្លែង​ព្រះ‌បន្ទូល ដោយ​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ស្ត្រី​នោះ​បន្ថោក​ប្ដី​របស់​ខ្លួន ធ្វើ​យ៉ាង​នេះ​ប្រៀប​បី​ដូច​ជា​នាង​កោរ​សក់​ដែរ។ បើ​ស្ត្រី​ណា​មិន​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ទេ ឲ្យ​នាង​កោរ​សក់​តែ​ម្ដង​ទៅ! ប៉ុន្តែ បើ​ការ​កាត់​សក់ ឬ​កោរ​សក់ នាំ​ឲ្យ​ស្ត្រីៗ​អាម៉ាស់​មុខ​ដូច្នេះ នាង​ត្រូវ​តែ​ទទូរ​ស្បៃ។ ប្រុសៗ​មិន​ត្រូវ​ទទូរ​ស្បៃ​ពី​លើ​ក្បាល​ឡើយ ព្រោះ​ខ្លួន​ជា​តំណាង​ព្រះ‌ជាម្ចាស់ និង​សម្តែង​សិរី‌រុងរឿង​របស់​ព្រះអង្គ​ឲ្យ​គេ​ឃើញ។ រីឯ​ស្ត្រី​វិញ នាង​សម្តែង​សិរី‌រុងរឿង​របស់​ប្ដី​ឲ្យ​គេ​ឃើញ ដ្បិត​បុរស​ដើម​ដំបូង​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​ឡើយ គឺ​ស្ត្រី​ទេ​តើ​ដែល​កើត​ចេញ​ពី​បុរស ហើយ​ព្រះ‌ជាម្ចាស់​ពុំ​បាន​បង្កើត​បុរស​មក​សម្រាប់​ស្ត្រី​ទេ គឺ​ព្រះអង្គ​បង្កើត​ស្ត្រី​សម្រាប់​បុរស​វិញ។ ហេតុ​នេះ ដោយ​យោគ‌យល់​ដល់​ពួក​ទេវតា* ស្ត្រីៗ​ត្រូវ​តែ​ទទូរ​ស្បៃ ជា​សញ្ញា​ថា នាង​ស្ថិត​នៅ​ក្រោម​អំណាច​ប្ដី​របស់​ខ្លួន។ ប៉ុន្តែ ក្នុង​ការ​រស់​នៅ​រួម​ជា​មួយ​ព្រះ‌អម្ចាស់ ស្ត្រី​ត្រូវ​ការ​បុរស​ជា​ចាំបាច់ ហើយ​បុរស​ក៏​ត្រូវ​ការ​ស្ត្រី​ជា​ចាំបាច់​ដែរ។ ព្រះ‌ជាម្ចាស់​បាន​យក​ស្ត្រី​ចេញ​មក​ពី​បុរស​យ៉ាង​ណា បុរស​ក៏​កើត​ចេញ​មក​ពី​ស្ត្រី​យ៉ាង​នោះ​ដែរ ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​ព្រះ‌ជាម្ចាស់។ សូម​បងប្អូន​ពិចារណា​មើល​ខ្លួន​ឯង​ទៅ​ចុះ​ថា តើ​ស្ត្រីៗ​អធិស្ឋាន​ទៅ​កាន់​ព្រះ‌ជាម្ចាស់ ដោយ​មិន​ទទូរ​ស្បៃ សម ឬ​មិន​សម? សូម្បី​តែ​ធម្ម‌ជាតិ​ក៏​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ដែរ​ថា បើ​ប្រុសៗ​ទុក​សក់​វែង នោះ​គឺ​ជា​ការ​អាម៉ាស់​មុខ​ណាស់ ផ្ទុយ​ទៅ​វិញ សក់​វែង​ជា​សិរី‌រុងរឿង​របស់​ស្ត្រី។ តាម​ពិត ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​ស្ត្រីៗ​មាន​សក់​វែង ទុក​ដូច​ជា​ស្បៃ​នៅ​លើ​ក្បាល​របស់​នាង។ ប្រសិន​បើ​នរណា​ម្នាក់​ចង់​ប្រកែក​តវ៉ា​អំពី​រឿង​នេះ តោង​ដឹង​ថា យើង​មិន​ដែល​មាន​ទម្លាប់​នេះ​ទេ ហើយ​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​ក៏​មិន​ដែល​មាន​ដែរ។ ក្រៅ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​រៀប​រាប់​មក​នេះ ខ្ញុំ​ពុំ​អាច​សរសើរ​បងប្អូន​ឡើយ ព្រោះ​ការ​ប្រជុំ​របស់​បងប្អូន​ពុំ​បាន​ធ្វើ​ឲ្យ​បងប្អូន​ចម្រើន​ឡើង​ទេ គឺ​បែរ​ជា​បណ្ដាល​ឲ្យ​អន់‌ថយ​ទៅៗ ជា​បឋម ខ្ញុំ​បាន​ឮ​ដំណឹង​ថា នៅ​ពេល​បងប្អូន​រួម​ប្រជុំ​គ្នា​ជា​ក្រុម‌ជំនុំ* នោះ​បងប្អូន​បាន​បាក់​បែក​គ្នា​ជា​បក្ស​ជា​ពួក។ ត្រង់​នេះ ខ្ញុំ​ជឿ​ខ្លះៗ​ដែរ។ ត្រូវ​តែ​មាន​ការ​ខ្វែង​គំនិត​ក្នុង​ចំណោម​បងប្អូន​ដូច្នេះ​ឯង ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ណា​ពិត​ជា​មាន​ចិត្ត​ស៊ូ‌ទ្រាំ​យ៉ាង​ស្មោះ​មែន។ ពេល​បងប្អូន​ប្រជុំ​គ្នា បងប្អូន​មិន​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់*​ទេ ព្រោះ​ម្នាក់ៗ​គិត​តែ​ពី​ប្រញាប់‌ប្រញាល់​បរិភោគ​ម្ហូប​អាហារ​ដែល​ខ្លួន​យក​មក នាំ​ឲ្យ​អ្នក​ខ្លះ​គ្មាន​អ្វី​បរិភោគ អ្នក​ខ្លះ​ស្រវឹង។ តើ​បងប្អូន​គ្មាន​ផ្ទះ​សំបែង​សម្រាប់​ពិសា​បាយ​ទឹក​ទេ​ឬ? ឬ​មួយ​មក​ពី​បងប្អូន​ប្រមាថ​មាក់​ងាយ​ក្រុម‌ជំនុំ​របស់​ព្រះ‌ជាម្ចាស់ និង​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​គ្មាន​អ្វី​បរិភោគ​ត្រូវ​អៀន​ខ្មាស? តើ​ត្រូវ​ឲ្យ​ខ្ញុំ​និយាយ​មក​កាន់​បងប្អូន​ដោយ​របៀប​ណា? ឲ្យ​ខ្ញុំ​សរសើរ​បងប្អូន​ឬ? ទេ ខ្ញុំ​ពុំ​អាច​សរសើរ​បងប្អូន​ក្នុង​រឿង​នេះ​បាន​ទេ!។ រីឯ​ខ្ញុំ ខ្ញុំ​បាន​ជម្រាប​បងប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់‌យេស៊ូ​ត្រូវ​គេ​ចាប់​បញ្ជូន​ទៅ​ឆ្កាង ព្រះអង្គ​យក​នំប៉័ង​មក​កាន់ ព្រះអង្គ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ហើយ​កាច់​នំប៉័ង​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​រូប​កាយ​ខ្ញុំ ដែល​ត្រូវ​បូជា​សម្រាប់​អ្នក​រាល់​គ្នា។ ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ លុះ​ជប់‌លៀង​រួច​ហើយ ព្រះអង្គ​ធ្វើ​តាម​បែប​ដដែល ព្រះអង្គ​យក​ពែង​មក​កាន់ ទាំង​មាន​ព្រះ‌បន្ទូល​ថា “នេះ​ជា​ពែង​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ចង​ឡើង ដោយ​លោហិត​របស់​ខ្ញុំ។ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ”។ រៀង​រាល់​ពេល​ដែល​បងប្អូន​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នេះ បងប្អូន​ប្រកាស​អំពី​ព្រះ‌អម្ចាស់​សោយ​ទិវង្គត រហូត​ដល់​ព្រះអង្គ​យាង​មក​វិញ។ ហេតុ​នេះ ប្រសិន​បើ​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដោយ​មិន​សមរម្យ អ្នក​នោះ​នឹង​មាន​កំហុស ដោយ​មិន​បាន​គោរព​ព្រះ‌កាយ និង​ព្រះ‌លោហិត​របស់​ព្រះ‌អម្ចាស់។ ដូច្នេះ ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​ចិត្ត​គំនិត​របស់​ខ្លួន​ឯង​សិន សឹម​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​របស់​ព្រះ‌អម្ចាស់ ដ្បិត​អ្នក​ណា​ពិសា​នំប៉័ង និង​ពិសា​ពី​ពែង​នោះ ដោយ​មិន​បាន​យល់​ដល់​ព្រះ‌កាយ​របស់​ព្រះ‌អម្ចាស់​ទេ អ្នក​នោះ​យក​ទោស​មក​ដាក់​លើ​ខ្លួន​ឯង​ផ្ទាល់។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ក្នុង​ចំណោម​បងប្អូន មាន​គ្នា​ច្រើន​ខ្សោយ​កម្លាំង និង​ឈឺ ហើយ​មាន​មួយ​ចំនួន​ធំ​បាន​ស្លាប់។ ប្រសិន​បើ​យើង​ពិនិត្យ‌ពិច័យ​មើល​ខ្លួន​ឯង ព្រះ‌អម្ចាស់​នឹង​មិន​វិនិច្ឆ័យ​ទោស​យើង​ទេ។ ប៉ុន្តែ បើ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​យើង មក​ពី​ព្រះអង្គ​ចង់​កែ​យើង ដើម្បី​កុំ​ឲ្យ​យើង​ទទួល​ទោស​ជា​មួយ​លោកីយ៍។ ហេតុ​នេះ បងប្អូន​អើយ នៅ​ពេល​បងប្អូន​ជួប‌ជុំ​គ្នា​បរិភោគ​ពិធី​ជប់‌លៀង​របស់​ព្រះ‌អម្ចាស់ ត្រូវ​ចាំ​គ្នា​ផង។ ប្រសិន​បើ​អ្នក​ណា​ឃ្លាន អ្នក​នោះ​ត្រូវ​ពិសា​បាយ​ពី​ផ្ទះ​ឲ្យ​ហើយ​ទៅ ដើម្បី​ចៀស‌វាង​កុំ​ឲ្យ​ការ​ប្រជុំ​របស់​បងប្អូន ទៅ​ជា​មាន​ទោស​ទៅ​វិញ។ ចំពោះ​បញ្ហា​ឯ​ទៀតៗ ខ្ញុំ​នឹង​ដោះ​ស្រាយ​ជូន នៅ​ពេល​ខ្ញុំ​មក​ដល់។

១ កូរិនថូស 11:1-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ត្រាប់​តាម​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​ត្រាប់​តាម​ព្រះ‌គ្រីស្ទ​ដែរ។ បង​ប្អូន​អើយ ខ្ញុំ​សរសើរ​ដល់​អ្នក​រាល់​គ្នា ពី​ព្រោះ​អ្នក​រាល់​គ្នា​នឹក​ចាំ​ពី​ខ្ញុំ ក្នុង​គ្រប់​ការ​ទាំង​អស់ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​កាន់​តាម​សេចក្ដី ដែល​ខ្ញុំ​បាន​បង្វឹក​បង្រៀន​ផង តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ព្រះ‌គ្រីស្ទ​ជា​សិរសា​នៃ​បុរស​ទាំង​អស់ ឯ​បុរស​វិញ នោះ​ជា​ក្បាល​នៃ​ស្ត្រី ហើយ​សិរសា​នៃ​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ បុរស​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ​ទាំង​មាន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​សិរសា​ខ្លួន ឯ​ស្ត្រី​ណា​ដែល​អធិស្ឋាន ឬ​អធិប្បាយ ដោយ​មាន​ក្បាល​ទទេ នោះ​ឈ្មោះ​ថា​ធ្វើ​បង្អាប់​ដល់​ក្បាល​ខ្លួន​វិញ ដ្បិត​ដែល​ធ្វើ​ដូច្នោះ នោះ​ដូច​ជា​បាន​កោរ​សក់​ចេញ​ដែរ បើ​ស្ត្រី​ណា​មិន​ពាក់​អ្វី​នៅ​លើ​ក្បាល នោះ​ត្រូវ​កាត់​សក់​ចេញ តែ​បើ​ពួក​ស្រីៗ​អៀន‌ខ្មាស​ចំពោះ​ការ​កាត់ ឬ​កោរ​សក់ នោះ​ត្រូវ​តែ​មាន​អ្វី​ពាក់​វិញ ផ្នែក​ខាង​ពួក​បុរស​វិញ នោះ​មិន​ត្រូវ​ពាក់​អ្វី​លើ​ក្បាល​ទេ ពី​ព្រោះ​ខ្លួន​ជា​គំរូ ហើយ​ជា​សិរី‌ល្អ​នៃ​ព្រះ តែ​ស្ត្រី​ជា​សិរី‌ល្អ​ដល់​បុរស​វិញ ដ្បិត​បុរស​ដើម​មិន​បាន​កើត​ចេញ​ពី​ស្ត្រី​មក​ទេ គឺ​ស្ត្រី​បាន​ចេញ​មក​ពី​បុរស​នោះ​វិញ ព្រះ​ក៏​មិន​បាន​បង្កើត​បុរស​មក​សំរាប់​ស្ត្រី​ដែរ គឺ​ស្ត្រី​សំរាប់​បុរស​វិញ ហេតុ​នោះ​ត្រូវ​ឲ្យ​ពួក​ស្ត្រី​មាន​ទី​សំគាល់​ពី​អំណាច​របស់​ប្ដី នៅ​លើ​ក្បាល​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា ប៉ុន្តែ ក្នុង​ព្រះ‌អម្ចាស់ នោះ​បុរស​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​ស្ត្រី​ឡើយ ហើយ​ស្ត្រី​ក៏​មិន​មែន​ជា​ឥត​ពឹង​អាស្រ័យ​ដល់​បុរស​ដែរ ដ្បិត​បុរស​កើត​មក​ដោយ‌សារ​ស្ត្រី ដូច​ជា​ស្ត្រី​ដើម​បាន​កើត​មក​ពី​បុរស​នោះ​ដែរ តែ​គ្រប់​របស់​ទាំង​អស់​សំរេច​កើត​មក​អំពី​ព្រះ​វិញ ចូរ​ពិចារណា​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា​មើល តើ​គួរ​គប្បី​ឲ្យ​ស្ត្រី​អធិស្ឋាន​ដល់​ព្រះ ដោយ​ឥត​មាន​ពាក់​អី​លើ​ក្បាល​ឬ​ទេ តើ​ធម្មតា​លោក​មិន​បង្រៀន​អ្នក​រាល់​គ្នា​ទេ​ឬ​អី​ថា បើ​បុរស​ទុក​សក់​វែង នោះ​ជា​ការ​បង្អាប់​ដល់​ខ្លួន តែ​បើ​ស្ត្រី​ទុក​សក់​វែង នោះ​ឯង​ជា​សេចក្ដី​លំអ​ដល់​នាង​វិញ ដ្បិត​សក់​វែង​នោះ ទ្រង់​បាន​ប្រទាន​មក​នាង ទុក​ជា​ប្រដាប់​សំរាប់​ទទូរ ប៉ុន្តែ បើ​មាន​អ្នក​ណា​ចង់​ជជែក​ពី​សេចក្ដី​នេះ នោះ​យើង​រាល់​គ្នា​គ្មាន​ទំលាប់​យ៉ាង​នោះ​ទេ ហើយ​ពួក​ជំនុំ​នៃ​ព្រះ​ក៏​គ្មាន​ដែរ។ ខាង​ឯ​សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​មក​ក្រោយ​នេះ ខ្ញុំ​មិន​សរសើរ​ដល់​អ្នក​រាល់​គ្នា​ទេ ដ្បិត​ដែល​អ្នក​រាល់​គ្នា​ប្រជុំ​គ្នា នោះ​មិន​មែន​ឲ្យ​បាន​ល្អ​ឡើង​ទេ គឺ​ឲ្យ​បាន​អាក្រក់​ជាង​ទៅ​វិញ ព្រោះ​មុន​ដំបូង​ខ្ញុំ​ឮ​ថា កាល​ណា​អ្នក​រាល់​គ្នា​មូល​មក​ក្នុង​ពួក​ជំនុំ នោះ​តែង​មាន​ការ​បែក‌ខ្ញែក​គ្នា​ទៅ ហើយ​ខ្ញុំ​ក៏​បាន​ជឿ​ខ្លះ​ដែរ ពី​ព្រោះ​ត្រូវ​តែ​មាន​បក្ស‌ពួក​ក្នុង​ពួក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​ខ្ជាប់‌ខ្ជួន​បាន​សំដែង​មក​ឲ្យ​ស្គាល់​ច្បាស់ ដូច្នេះ ដែល​ប្រជុំ​គ្នា​នៅ​ទី​ណា​មួយ នោះ​មិន​មែន​ប្រជុំ ដើម្បី​នឹង​បរិភោគ​លៀង​បរិសុទ្ធ​នៃ​ព្រះ‌អម្ចាស់​ទេ ដ្បិត​កាល​បរិភោគ នោះ​គ្រប់​គ្នា​ខំ​បរិភោគ​ម្ហូប​របស់​ខ្លួន​ឲ្យ​តែ​ឆ្អែត​មុន​គេ​ទៅ បាន​ជា​មាន​មួយ​នៅ​ឃ្លាន ហើយ​មួយ​ទៀត​ស្រវឹង ចុះ​តើ​អ្នក​រាល់​គ្នា​គ្មាន​ផ្ទះ សំរាប់​ជា​ទី​ឲ្យ​បាន​បរិភោគ​អាហារ​ទេ​ឬ​អី ឬ​តើ​អ្នក​មើល‌ងាយ​ដល់​ពួក​ជំនុំ​នៃ​ព្រះ ហើយ​ចង់​ធ្វើ​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ មាន​សេចក្ដី​ខ្មាស​ឬ​អី តើ​គួរ​ឲ្យ​ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ថា​ដូច​ម្តេច គួរ​ឲ្យ​សរសើរ​ឬ ខ្ញុំ​មិន​សរសើរ​ទេ។ ដ្បិត​ឯ​សេចក្ដី​ដែល​ខ្ញុំ​បាន​បង្រៀន​ដល់​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក គឺ​ថា​នៅ​ពេល​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន នោះ​ទ្រង់​បាន​យក​នំបុ័ង លុះ​ទ្រង់​បាន​អរ​ព្រះ‌គុណ​រួច​ហើយ ក៏​កាច់​នំបុ័ង​ដោយ​បន្ទូល​ថា «ចូរ​យក​ពិសា​ចុះ នេះ​ជា​រូប‌កាយ​ខ្ញុំ ដែល​ត្រូវ​កាច់​សំរាប់​អ្នក​រាល់​គ្នា ចូរ​ធ្វើ​កិច្ច​នេះ ទុក​ជា​សេចក្ដី​រំឭក​ពី​ខ្ញុំ​ចុះ» លុះ​ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​ទ្រង់​ក៏​យក​ពែង​បែប​ដូច្នោះ​ដែរ ដោយ​បន្ទូល​ថា «ពែង​នេះ​ជា​សញ្ញា​ថ្មី ដោយ​នូវ​ឈាម​ខ្ញុំ ចូរ​ធ្វើ​ដូច្នេះ​រាល់​វេលា​ណា​ដែល​ផឹក ទុក​ជា​សេចក្ដី​រំឭក​ដល់​ខ្ញុំ» ដ្បិត​រាល់​វេលា​ណា ដែល​អ្នក​រាល់​គ្នា​បរិភោគ​នំបុ័ង​នេះ ហើយ​ផឹក​ពី​ពែង​នេះ នោះ​ឈ្មោះ​ថា​សំដែង​ពី​សេចក្ដី​សុគត​របស់​ផង​ព្រះ‌អម្ចាស់ ដរាប​ដល់​ទ្រង់​យាង​មក បាន​ជា​អ្នក​ណា​ដែល​បរិភោគ​នំបុ័ង​នេះ ឬ​ផឹក​ពី​ពែង​នៃ​ព្រះ‌អម្ចាស់​បែប​មិន​គួរ​សម នោះ​នឹង​មាន​ទោស​ចំពោះ​រូប​អង្គ ហើយ​នឹង​ព្រះ‌លោហិត​នៃ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​មនុស្ស​ល្បង​ខ្លួន​ឯង​មើល រួច​សឹម​បរិភោគ​នំបុ័ង ហើយ​ផឹក​ពី​ពែង​នេះ​ចុះ ដ្បិត​អ្នក​ណា​ដែល​បរិភោគ​បែប​មិន​គួរ​សម អ្នក​នោះ​ឈ្មោះ​ថា​បរិភោគ​ជា​សេចក្ដី​ជំនុំ‌ជំរះ​ដល់​ខ្លួន​វិញ ដោយ​ព្រោះ​មិន​ពិចារណា​ឃើញ​រូប​អង្គ​នៃ​ព្រះ‌អម្ចាស់​ទេ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​មាន​អ្នក​រាល់​គ្នា​ជា​ច្រើន ទៅ​ជា​ខ្សោយ ហើយ​ឈឺ ក៏​មាន​គ្នា​ជា​ច្រើន​ដេក​លក់​ទៅ​ហើយ​ដែរ បើ​សិន​ជា​យើង​រាល់​គ្នា​ពិចារណា​មើល​ក្នុង​ខ្លួន​យើង នោះ​យើង​មិន​ត្រូវ​ជាប់​ជំនុំ‌ជំរះ​ទេ តែ​កាល​ណា​យើង​រាល់​គ្នា​ត្រូវ​ជាប់​ជំនុំ‌ជំរះ នោះ​ព្រះ‌អម្ចាស់​ទ្រង់​វាយ‌ផ្ចាល​យើង​វិញ ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជា​មួយ​នឹង​លោកីយ​ឡើយ ដូច្នេះ បង​ប្អូន​អើយ កាល​ណា​ប្រជុំ​គ្នា ដើម្បី​នឹង​បរិភោគ នោះ​ត្រូវ​បង្អង់​ចាំ​គ្នា​ផង បើ​សិន​ជា​អ្នក​ណា​ឃ្លាន ឲ្យ​អ្នក​នោះ​បរិភោគ​នៅ​ឯ​ផ្ទះ​ចុះ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រជុំ​ទៅ នាំ​ឲ្យ​ជាប់​មាន​ទោស​ឡើយ ឯ​ការ​ឯ​ទៀត ដល់​កាល​ណា​ខ្ញុំ​មក នោះ​ខ្ញុំ​នឹង​សំរេច​គ្រប់​ទាំង​អស់។