១ កូរិនថូស 10:1-33
១ កូរិនថូស 10:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងនោះទេថា បុព្វបុរសរបស់យើងបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរឆ្លងសមុទ្រ គ្រប់គ្នាបានទទួលពិធីជ្រមុជរួមជាមួយលោកម៉ូសេ នៅក្នុងពពក និងនៅក្នុងសមុទ្រ គ្រប់គ្នាបានបរិភោគអាហារខាងវិញ្ញាណតែមួយ ហើយគ្រប់គ្នាបានផឹកទឹកខាងវិញ្ញាណតែមួយដូចគ្នា ដ្បិតពួកលោកបានផឹកពីថ្មដាខាងវិញ្ញាណដែលតាមជាប់ជាមួយគេ ហើយថ្មដានោះ គឺព្រះគ្រីស្ទ។ ប៉ុន្តែ ព្រះមិនគាប់ព្រះហឫទ័យចំពោះពួកលោកភាគច្រើន ហើយពួកលោកបានដួលស្លាប់រាត់រាយនៅទីរហោស្ថាន។ ហេតុការណ៍ទាំងនោះបានកើតឡើងជាគំរូដល់យើង ដើម្បីកុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាពួកលោក។ កុំថ្វាយបង្គំរូបព្រះ ដូចជាពួកលោកខ្លះឲ្យសោះ ដូចមានសេចក្តីចែងទុកមកថា៖ «ប្រជាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» យើងមិនត្រូវបណ្ដោយខ្លួនឲ្យមានអំពើសហាយស្មន់ ដូចបុព្វបុរសខ្លះបានប្រព្រឹត្ត ហើយមានពីរម៉ឺនបីពាន់នាក់ ត្រូវវិនាសតែក្នុងរយៈពេលមួយថ្ងៃ។ យើងមិនត្រូវល្បងលព្រះគ្រីស្ទ ដូចពួកលោកខ្លះបានល្បងល ហើយត្រូវវិនាសដោយពស់ចឹក ក៏មិនត្រូវរអ៊ូរទាំ ដូចពួកលោកខ្លះបានរអ៊ូរទាំ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ។ ហេតុការណ៍ទាំងនោះបានកើតឡើងដល់ពួកលោកទុកជាគំរូ ហើយបានចែងទុកសម្រាប់ទូន្មានយើង ដែលយើងរស់នៅគ្រាចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណាស្មានថាខ្លួនឈរមាំហើយ នោះត្រូវប្រយ័ត្នក្រែងលោដួល គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។ ហេតុនេះ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ ខ្ញុំនិយាយនេះ ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចុះ។ ពែងនៃព្រះពរ ដែលយើងអរព្រះគុណ តើមិនមែនជាចំណែកនៅក្នុងលោហិតរបស់ព្រះគ្រីស្ទទេឬ? ហើយនំបុ័ងដែលយើងកាច់ តើមិនមែនជាចំណែកនៅក្នុងព្រះកាយរបស់ព្រះគ្រីស្ទទេឬ? ព្រោះមាននំបុ័ងតែមួយប៉ុណ្ណោះ ហើយយើងដែលមានគ្នាច្រើន គឺជារូបកាយតែមួយ ដ្បិតយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង។ ចូរពិចារណាពីប្រជាជនអ៊ីស្រាអែលចុះ អស់អ្នកដែលបរិភោគសាច់ដែលគេបានថ្វាយជាយញ្ញបូជាទាំងនោះ តើមិនមានចំណែកនៅក្នុងអាសនាទេឬ? តើខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើចំណីអាហារដែលគេបានសែនដល់រូបព្រះជាអ្វី ឬរូបព្រះជាអ្វី? មិនមែនជាអ្វីទេ! ខ្ញុំចង់និយាយថា អ្វីដែលសាសន៍ដទៃថ្វាយ គេថ្វាយដល់អារក្ស មិនមែនថ្វាយដល់ព្រះទេ។ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាក្លាយជាគូកនរបស់អារក្សឡើយ។ អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះអម្ចាស់ផង ហើយផឹកពីពែងរបស់អារក្សផងបានទេ។ អ្នករាល់គ្នាក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយអារក្សផងបានដែរ។ ឬមួយយើងចង់ឲ្យព្រះអម្ចាស់ប្រចណ្ឌ? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? អ្នកនិយាយថា៖ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែមានប្រយោជន៍នោះទេ។ «ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់» តែមិនមែនគ្រប់ការទាំងអស់សុទ្ធតែស្អាងចិត្តនោះឡើយ។ កុំស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ តែត្រូវស្វែងរកប្រយោជន៍ដល់អ្នកដទៃវិញ។ ចូរបរិភោគអ្វីៗទាំងអស់ដែលគេលក់នៅទីផ្សារចុះ មិនបាច់សួរដេញដោល ព្រោះតែខ្លាចខុសនឹងមនសិការនោះឡើយ ដ្បិតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ជារបស់ព្រះអម្ចាស់ ប្រសិនបើមានអ្នកមិនជឿអញ្ជើញអ្នកទៅពិសាបាយ ហើយអ្នកចង់ទៅដែរ ចូរបរិភោគអាហារទាំងប៉ុន្មានដែលគេដាក់នៅមុខអ្នកចុះ មិនបាច់សួរដេញដោល ព្រោះតែខ្លាចខុសនឹងមនសិការនោះឡើយ។ ប៉ុន្តែ បើមានអ្នកណាប្រាប់អ្នកថា៖ «ម្ហូបនេះជាសំណែន» សូមកុំបរិភោគឡើយ ព្រោះដោយយល់ដល់អ្នកដែលបានប្រាប់ និងដោយយល់ដល់មនសិការ ខ្ញុំនិយាយនេះមិនមែនសំដៅលើមនសិការរបស់អ្នកទេ គឺមនសិការរបស់អ្នកដទៃ។ ហេតុអ្វីបានជាមនសិការរបស់អ្នកដទៃកំណត់សេរីភាពរបស់ខ្ញុំដូច្នេះ? បើខ្ញុំទទួលទានដោយអរព្រះគុណ ហេតុអ្វីបានជាគេប្រកាន់ទោសខ្ញុំ ដោយព្រោះអ្វីដែលខ្ញុំបានអរព្រះគុណរួចហើយនោះ? ដូច្នេះ ទោះបើអ្នកបរិភោគ ឬផឹក ឬធ្វើអ្វីក៏ដោយ ចូរធ្វើអ្វីៗទាំងអស់សម្រាប់ជាសិរីល្អដល់ព្រះចុះ។ កុំធ្វើឲ្យជំពប់ចិត្តដល់សាសន៍យូដា ដល់សាសន៍ក្រិក ឬក្រុមជំនុំរបស់ព្រះឡើយ ឯខ្ញុំក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សគ្រប់គ្នា ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំមិនស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនឡើយ គឺស្វែងរកប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះ។
១ កូរិនថូស 10:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំចង់ឲ្យបងប្អូនជ្រាបថា បុព្វបុរស*របស់យើងសុទ្ធតែបានដើរក្រោមពពក* និងបានដើរឆ្លងសមុទ្រទាំងអស់គ្នា។ ពួកលោកបានទទួលពិធីជ្រមុជក្នុងពពក និងក្នុងសមុទ្រ រួមជាមួយលោកម៉ូសេ។ បុព្វបុរសទាំងនោះបានបរិភោគអាហារដែលមកពីព្រះវិញ្ញាណ និងបានពិសាទឹកដែលមកពីព្រះវិញ្ញាណដូចគ្នាទាំងអស់ ដ្បិតពួកលោកបានពិសាទឹកហូរចេញពីថ្មដាដែលមកពីព្រះវិញ្ញាណ ជាថ្មដាដែលរួមដំណើរជាមួយពួកលោក ថ្មនេះគឺព្រះគ្រិស្ត។ ប៉ុន្តែ មានបុព្វបុរសមួយចំនួនធំស្លាប់នៅវាលរហោស្ថាន ព្រោះពួកលោកមិនបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ។ ហេតុការណ៍ទាំងនោះជាមេរៀនសម្រាប់យើង ដើម្បីកុំឲ្យយើងមានចិត្តប៉ងប្រាថ្នាអាក្រក់ដូចបុព្វបុរសឡើយ។ សូមកុំថ្វាយបង្គំព្រះក្លែងក្លាយដូចបុព្វបុរសខ្លះឲ្យសោះ ដ្បិតមានចែងទុកមកថា «ប្រជាជនអង្គុយបរិភោគបាយទឹក បន្ទាប់មក គេនាំគ្នាក្រោកឡើងរាំសប្បាយ» ។ យើងមិនត្រូវបណ្ដោយខ្លួនឲ្យប្រាសចាកសីលធម៌ដូចបុព្វបុរសខ្លះ ដែលជាហេតុនាំឲ្យគេស្លាប់អស់ពីរម៉ឺនបីពាន់នាក់ ក្នុងរយៈពេលតែមួយថ្ងៃ។ យើងមិនត្រូវល្បងលមើលឫទ្ធិបារមីរបស់ព្រះអម្ចាស់ ដូចបុព្វបុរសខ្លះបានល្បង ហើយត្រូវស្លាប់ ដោយពស់ចឹកនោះឲ្យសោះ។ សូមកុំរអ៊ូរទាំដូចបុព្វបុរសខ្លះដែលបានរអ៊ូរទាំ ហើយត្រូវមច្ចុរាជប្រហារជីវិតនោះឡើយ។ ហេតុការណ៍ទាំងនេះកើតមានដល់ពួកលោកទុកជាមេរៀន ហើយមានចែងទុកក្នុងគម្ពីរ ដើម្បីទូន្មានពួកយើងដែលរស់នៅជំនាន់ចុងក្រោយបង្អស់នេះ។ ដូច្នេះ បើអ្នកណានឹកស្មានថាខ្លួនមានជំហរមាំមួន អ្នកនោះត្រូវប្រយ័ត្ន ក្រែងលោជំពប់ដួលទៅវិញ។ គ្មានការល្បួងណាមួយកើតមានដល់បងប្អូន ក្រៅពីការល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គមិនបណ្ដោយឲ្យមារ*ល្បួងបងប្អូនហួសពីកម្លាំងបងប្អូនទេ ប៉ុន្តែ នៅពេលបងប្អូនជួបការល្បួង ព្រះអង្គនឹងប្រទានមធ្យោបាយឲ្យបងប្អូនចេញរួច និងឲ្យបងប្អូនអាចទ្រាំទ្របាន។ ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ មិនត្រូវថ្វាយបង្គំព្រះក្លែងក្លាយឡើយ។ ខ្ញុំនិយាយជាមួយបងប្អូន ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញាដែរ សូមបងប្អូនពិចារណាសេចក្ដីដែលខ្ញុំនិយាយនេះដោយខ្លួនឯងផ្ទាល់ទៅ។ ពេលយើងលើកពែងនៃព្រះពរឡើង ដើម្បីអរព្រះគុណព្រះជាម្ចាស់ មានន័យថា យើងចូលរួមជាមួយព្រះលោហិតរបស់ព្រះគ្រិស្ត រីឯពេលដែលយើងកាច់នំប៉័ងក៏មានន័យថា យើងចូលរួមជាមួយព្រះកាយរបស់ព្រះគ្រិស្តដែរ។ មាននំប៉័ងតែមួយប៉ុណ្ណោះ ទោះបីយើងមានគ្នាច្រើនក្ដី ក៏យើងរួមគ្នាមកជារូបកាយតែមួយដែរ ព្រោះយើងទាំងអស់គ្នាបានទទួលចំណែកពីនំប៉័ងតែមួយ។ សូមរិះគិតអំពីជនជាតិអ៊ីស្រាអែលមើល៍ អស់អ្នកបរិភោគសាច់សត្វដែលគេថ្វាយជាយញ្ញបូជា ក៏បានចូលរួម*ជាមួយនឹងព្រះជាម្ចាស់ ដោយសារសាច់ដែលគេបានថ្វាយនោះដែរ។ ខ្ញុំនិយាយនេះមានន័យដូចម្ដេច? តើសាច់ដែលគេសែនទៅព្រះក្លែងក្លាយមានសារសំខាន់អ្វី ហើយព្រះក្លែងក្លាយមានសារសំខាន់អ្វីដែរ? ទេ! គ្មានសារសំខាន់អ្វីទាំងអស់! ផ្ទុយទៅវិញ អ្វីៗដែលគេសែននោះ គេសែនអារក្ស គឺមិនមែនថ្វាយព្រះជាម្ចាស់ទេ។ ហេតុនេះហើយបានជាខ្ញុំមិនចង់ឲ្យបងប្អូនចូលរួមរស់ជាមួយពួកអារក្សទាល់តែសោះ។ បងប្អូនមិនអាចលើកពែងរបស់ព្រះអម្ចាស់ពិសាផង ហើយលើកពែងរបស់ពួកអារក្សពិសាផងទេ។ បងប្អូនក៏មិនអាចរួមតុជាមួយព្រះអម្ចាស់ផង ហើយរួមតុជាមួយពួកអារក្សផងដែរ។ ឬមួយក៏យើងចង់ឲ្យព្រះអម្ចាស់មានព្រះហឫទ័យច្រណែន? តើយើងខ្លាំងពូកែជាងព្រះអង្គឬ? យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែមានប្រយោជន៍ទេ។ យើងមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់បាន ប៉ុន្តែ ការទាំងនោះមិនមែនសុទ្ធតែធ្វើឲ្យចម្រើនឡើងឡើយ។ កុំឲ្យមាននរណាម្នាក់ស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន គឺត្រូវស្វែងរកប្រយោជន៍សម្រាប់អ្នកដទៃវិញ។ បងប្អូនអាចបរិភោគអ្វីៗដែលគេលក់នៅតាមផ្សារតាមចិត្ត មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការរបស់ខ្លួននោះឡើយ ដ្បិត «ផែនដី និងអ្វីៗដែលស្ថិតនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអម្ចាស់ទាំងអស់» ។ ប្រសិនបើមានអ្នកមិនជឿអញ្ជើញបងប្អូនទៅពិសាបាយ ហើយបងប្អូនយល់ព្រមទៅ សូមពិសាម្ហូបអាហារទាំងប៉ុន្មានដែលគេលើកមកជូនបងប្អូន មិនបាច់សួរដេញដោល ព្រោះខ្លាចធ្វើខុសនឹងមនសិការនោះឡើយ!។ ប៉ុន្តែ បើគេប្រាប់បងប្អូនថា «ម្ហូបនេះជាម្ហូបសែន» សូមកុំពិសាឲ្យសោះ។ ធ្វើដូច្នេះ មកពីយល់ដល់អ្នកដែលបានប្រាប់បងប្អូន និងមកពីមនសិការដាស់តឿន។ ខ្ញុំមិននិយាយអំពីមនសិការរបស់បងប្អូនទេ គឺសំដៅទៅលើមនសិការរបស់អ្នកដែលបានប្រាប់បងប្អូននោះវិញ។ ហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំក្នុងការប្រព្រឹត្ត បែរជាត្រូវសម្របទៅតាមមនសិការរបស់អ្នកដទៃដូច្នេះ? ប្រសិនបើខ្ញុំទទួលទានអាហារទាំងអរព្រះគុណព្រះជាម្ចាស់ ហេតុអ្វីបានជាគេរិះគន់ខ្ញុំអំពីអាហារ ដែលខ្ញុំបានអរព្រះគុណព្រះអង្គរួចហើយនោះទៅវិញ? ដូច្នេះ ទោះបីបងប្អូនពិសាម្ហូបអាហារអ្វី ពិសាភេសជ្ជៈអ្វី ឬទោះបីបងប្អូនធ្វើការអ្វីក៏ដោយ ក៏ត្រូវធ្វើទាំងអស់ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ សូមបងប្អូនកុំធ្វើឲ្យសាសន៍យូដា សាសន៍ក្រិក ឬក្រុមជំនុំ*របស់ព្រះជាម្ចាស់ ជំពប់ចិត្តឡើយ។ រីឯខ្ញុំវិញក៏ដូច្នោះដែរ ខ្ញុំខំប្រឹងផ្គាប់ចិត្តមនុស្សទាំងអស់ ក្នុងគ្រប់កិច្ចការ ខ្ញុំមិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គឺស្វែងរកប្រយោជន៍សម្រាប់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលការសង្គ្រោះ។
១ កូរិនថូស 10:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ ពីដំណើរពួកឰយុកោយើងទេ ថាគេបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរកាត់សមុទ្រ គ្រប់គ្នាបានទទួលបុណ្យជ្រមុជក្នុងពពក ហើយក្នុងសមុទ្រនោះ ឲ្យបានតាមលោកម៉ូសេ គ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណ ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងគេជាច្រើនគ្នាទេ ដ្បិតគេត្រូវដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្ដីអាក្រក់ ដូចជាគេឡើយ ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្ដីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» ឬប្រព្រឹត្តសេចក្ដីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក ក៏កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ រីឯការទាំងនោះបានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្ដីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល ដ្បិតគ្មានសេចក្ដីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្ដីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្ដីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។ ហេតុនោះ ឱពួកស្ងួនភ្ងាខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្ដីដែលខ្ញុំថានេះចុះ ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្ដីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី ហើយនំបុ័ងដែលយើងកាច់នោះ តើមិនមែនជាសេចក្ដីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី ដ្បិតដែលមាននំបុ័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំបុ័ងតែមួយនោះឯង ចូរពិចារណាពីសាសន៍អ៊ីស្រាអែលខាងសាច់ឈាមចុះ ឯពួកអ្នកដែលបរិភោគយញ្ញបូជាទាំងនោះ តើមិនមានសេចក្ដីប្រកបនឹងអាសនាទេឬអី ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬដង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយ នោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្ដីប្រកបនឹងអារក្សឡើយ អ្នករាល់គ្នាពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់ នឹងពីពែងរបស់អារក្សផងបានទេ ក៏ពុំអាចនឹងបរិភោគនៅតុព្រះអម្ចាស់ នឹងតុរបស់អារក្សផងបានដែរ ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការគ្មានប្រយោជន៍ទេ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការមិនស្អាងចិត្តឡើងទេ កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ ចូរបរិភោគគ្រប់របស់ទាំងអស់ ដែលគេលក់នៅទីផ្សារ ឥតចាំបាច់សើុបសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត ដ្បិតផែនដី នឹងរបស់ទាំងអស់នៅផែនដី សុទ្ធតែជារបស់ផងព្រះអម្ចាស់ តែបើអ្នកណាដែលមិនជឿ គេអញ្ជើញអ្នកទៅពិសា ហើយអ្នកចង់ទៅដែរ នោះត្រូវបរិភោគគ្រប់មុខ ដែលគេដាក់នៅមុខអ្នកចុះ ឥតចាំសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត ប៉ុន្តែ បើអ្នកណាប្រាប់អ្នកថា មុខនេះជាដង្វាយថ្វាយដល់រូបព្រះហើយ នោះកុំឲ្យបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ នឹងបញ្ញាចិត្តផង ដែលខ្ញុំថា បញ្ញាចិត្តនេះ នោះមិនមែនបញ្ញាចិត្តរបស់អ្នកទេ គឺរបស់គេវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវបញ្ញាចិត្តរបស់គេជំនុំជំរះ បើខ្ញុំទទួលទានដោយអរព្រះគុណ នោះតើហេតុអ្វីបានជាគេប្រកាន់ទោសខ្ញុំ ដោយព្រោះរបស់ដែលខ្ញុំបានអរព្រះគុណរួចហើយនោះ ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ ដូចជាខ្លួនខ្ញុំក៏ផ្គាប់ដល់ចិត្តមនុស្សគ្រប់គ្នា ក្នុងការទាំងអស់ដែរ ដោយឥតរកផលប្រយោជន៍ដល់ខ្លួនឡើយ គឺជាប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះរួច។