១ កូរិនថូស 1:1-9

១ កូរិនថូស 1:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​សូស្ថេន ជា​បង‌ប្អូន។ សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិន‌ថូស ជា​អស់​អ្នក​ដែល​ព្រះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ រួម​ជាមួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​គេ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ សម្រាប់​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​ព្រោះ​ព្រះ‌គុណ​របស់​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដ្បិត​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំ​ពូក ទាំង​ពាក្យ​សម្ដី និង​ចំណេះ​ដឹង​គ្រប់​យ៉ាង ដែល​បញ្ជាក់​អំពី​បន្ទាល់​របស់​ព្រះ‌គ្រីស្ទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ‌ទាន​ខាង​វិញ្ញាណ​ណា​មួយ​ឡើយ នៅ​ពេល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​លេច​មក។ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវ័ក​របស់​ព្រះគ្រិស្ត*‌យេស៊ូ ខ្ញុំ និង​លោក​សូស្ដែន សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ រួម​ជា​មួយ​បងប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​ព្រះអង្គ​បាន​ប្រណី‌សន្ដោស​ដល់​បងប្អូន ដោយ​បងប្អូន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ ដោយ​រួម​ជា​មួយ​ព្រះអង្គ បងប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះ‌បន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះអង្គ។ សក្ខីភាព​របស់​ព្រះ‌គ្រិស្ត​បាន​ស្ថិត​នៅ​ក្នុង​បងប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។ ហេតុ​នេះ នៅ​ពេល​ដែល​បងប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បងប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះអង្គ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​ហៅ​មក​ធ្វើ​ជា​សាវក​របស់​ទ្រង់ តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ ព្រម​ទាំង​សូស្ថេន ជា​ពួក​បង​ប្អូន ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិន‌ថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ នឹង​យើង​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា នឹង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ផង។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អ្នក​រាល់​គ្នា​បាន​ចំរើន​ឡើង​គ្រប់​ចំពូក ដោយ‌សារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី នឹង​ចំណេះ​ទាំង​អស់​ដែរ តាម​ដែល​សេចក្ដី​បន្ទាល់​ពី​ព្រះ‌គ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​ឯ​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​លេច​មក​ផង ដែល​ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ដរាប​ដល់​ចុង​បំផុត ឲ្យ​បាន​ឥត​កន្លែង​បន្ទោស​បាន ក្នុង​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឯ​ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះ‌ត្រង់។

ចែក​រំលែក
អាន ១ កូរិនថូស 1