១ កូរិនថូស 1:1-25
១ កូរិនថូស 1:1-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុល ជាអ្នកដែលព្រះសព្វព្រះហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ និងសូស្ថេន ជាបងប្អូន។ សូមជម្រាបមកក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស ជាអស់អ្នកដែលព្រះបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ រួមជាមួយអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ដ្បិតក្នុងព្រះអង្គ អ្នករាល់គ្នាបានចម្រើនឡើងគ្រប់ជំពូក ទាំងពាក្យសម្ដី និងចំណេះដឹងគ្រប់យ៉ាង ដែលបញ្ជាក់អំពីបន្ទាល់របស់ព្រះគ្រីស្ទក្នុងចំណោមអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានខាងវិញ្ញាណណាមួយឡើយ នៅពេលអ្នករាល់គ្នាទន្ទឹងរង់ចាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងលេចមក។ ព្រះអង្គនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន រហូតដល់ចុងបញ្ចប់ ដើម្បីឲ្យអ្នករាល់គ្នាឥតកន្លែងបន្ទោសបាន នៅថ្ងៃរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ ព្រះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបជាមួយព្រះរាជបុត្រាព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ឥឡូវនេះ បងប្អូនអើយ ខ្ញុំសូមទូន្មានអ្នករាល់គ្នាដោយព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីតែមួយទាំងអស់គ្នា កុំឲ្យមានការបាក់បែកក្នុងចំណោមអ្នករាល់គ្នាឡើយ ត្រូវរួបរួមគ្នា ដោយមានចិត្តមានគំនិតតែមួយ។ ដ្បិតបងប្អូនអើយ ខ្ញុំបានឮអ្នកផ្ទះរបស់នាងខ្លូអេប្រាប់ខ្ញុំថា មានការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា។ គឺអ្នករាល់គ្នាម្នាក់ៗនិយាយថា៖ «ខ្ញុំជារបស់លោកប៉ុល» ខ្លះថា៖ «ខ្ញុំជារបស់លោកអ័ប៉ុឡូស» ឬ «ខ្ញុំជារបស់លោកកេផាស» ឬ «ខ្ញុំជារបស់ព្រះគ្រីស្ទ»។ តើព្រះគ្រីស្ទបានបាក់បែកឬ? តើប៉ុលត្រូវគេឆ្កាងសម្រាប់អ្នករាល់គ្នាឬ? ឬមួយអ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមប៉ុល? ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំមិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុល និងកៃយុសប៉ុណ្ណោះ ដើម្បីកុំឲ្យអ្នកណាម្នាក់និយាយថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំ។ (ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកឲ្យពួកផ្ទះស្ទេផាណាសដែរ លើសពីនោះ ខ្ញុំមិនដឹងថាខ្ញុំបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាទៀតទេ)។ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ តែមិនមែនដោយប្រាជ្ញាឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងរបស់ព្រះគ្រីស្ទទៅជាអសារឥតការ។ ដ្បិតដំណឹងអំពីឈើឆ្កាង ជាសេចក្តីល្ងីល្ងើដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តារបស់ព្រះដល់យើងដែលកំពុងតែបានសង្គ្រោះ។ ព្រោះមានសេចក្តីចែងទុកមកថា៖ «យើងនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយលើកចំណេះរបស់ពួកអ្នកចេះចោលចេញ»។ តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ? ដ្បិតដោយមនុស្សលោកមិនបានស្គាល់ព្រះតាមប្រាជ្ញារបស់ខ្លួន ទើបតាមប្រាជ្ញារបស់ព្រះ ព្រះអង្គសព្វព្រះហឫទ័យសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្តីល្ងីល្ងើដែលយើងប្រកាសនោះវិញ។ ព្រោះសាសន៍យូដាចង់ឃើញទីសម្គាល់ ហើយសាសន៍ក្រិកស្វែងរកប្រាជ្ញា តែយើងប្រកាសអំពីព្រះគ្រីស្ទដែលត្រូវឆ្កាង ជាហេតុនាំឲ្យជំពប់ចិត្តដល់សាសន៍យូដា និងជាសេចក្តីល្ងីល្ងើដល់សាសន៍ក្រិក ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះអង្គត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក ព្រះគ្រីស្ទជាព្រះចេស្តារបស់ព្រះ និងជាប្រាជ្ញារបស់ព្រះ។ ដ្បិតសេចក្តីល្ងីល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងប្រាជ្ញារបស់មនុស្ស ហើយភាពទន់ខ្សោយរបស់ព្រះ ក៏មានកម្លាំងលើសជាងកម្លាំងរបស់មនុស្សដែរ។
១ កូរិនថូស 1:1-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំ ប៉ូល ជាអ្នកដែលព្រះជាម្ចាស់សព្វព្រះហឫទ័យត្រាស់ហៅ ឲ្យធ្វើជាសាវ័ករបស់ព្រះគ្រិស្ត*យេស៊ូ ខ្ញុំ និងលោកសូស្ដែន សូមជម្រាបមកក្រុមជំនុំ*របស់ព្រះជាម្ចាស់នៅក្រុងកូរិនថូស។ ព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យធ្វើជាប្រជារាស្ដ្រដ៏វិសុទ្ធ* ព្រមទាំងប្រោសប្រទានឲ្យបានវិសុទ្ធ ក្នុងអង្គព្រះគ្រិស្តយេស៊ូ រួមជាមួយបងប្អូនទាំងអស់ដែលអង្វររកព្រះនាមព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់បងប្អូនទាំងនោះ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។ សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត* ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រិស្តយេស៊ូ។ ដោយរួមជាមួយព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។ សក្ខីភាពរបស់ព្រះគ្រិស្តបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។ ព្រះអង្គនឹងធ្វើឲ្យបងប្អូនបានខ្ជាប់ខ្ជួនរហូតដល់ទីបំផុត ឥតមានទោសពៃរ៍អ្វី នៅថ្ងៃដែលព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់នៃយើងយាងមកដល់។ ព្រះជាម្ចាស់មានព្រះហឫទ័យស្មោះត្រង់ ព្រះអង្គបានត្រាស់ហៅបងប្អូនឲ្យរួមរស់ជាមួយព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើង។ បងប្អូនអើយ ខ្ញុំសូមទូន្មានបងប្អូនក្នុងព្រះនាមព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់នៃយើងថា ចូរមានចិត្តគំនិតតែមួយ កុំបាក់បែកគ្នាឡើយ ត្រូវចុះសម្រុងគ្នាទាំងស្រុង ដោយមានគំនិតតែមួយ និងមានយោបល់តែមួយ។ បងប្អូនអើយ តាមរយៈក្រុមគ្រួសាររបស់នាងក្លូអេ ខ្ញុំបានឮដំណឹងថាមានកើតការទាស់ទែងគ្នាក្នុងចំណោមបងប្អូន គឺម្នាក់ពោលថា «ខ្ញុំជាកូនចៅរបស់លោកប៉ូល!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកអប៉ូឡូស!» ម្នាក់ថា «ខ្ញុំជាកូនចៅរបស់លោកកេផាស!» និងម្នាក់ទៀតថា «ខ្ញុំជាកូនចៅរបស់ព្រះគ្រិស្ត!»។ តើព្រះគ្រិស្តបែងចែកជាច្រើនភាគឬ? តើប៉ូលឬដែលគេឆ្កាងសម្រាប់បងប្អូន? ឬមួយក៏បងប្អូនបានទទួលពិធីជ្រមុជទឹក*ក្នុងនាមប៉ូល? ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ ហេតុនេះគ្មាននរណាម្នាក់អាចពោលថា ខ្លួនបានទទួលពិធីជ្រមុជទឹកក្នុងនាមខ្ញុំឡើយ។ ខ្ញុំក៏បានធ្វើពិធីជ្រមុជទឹកជូនក្រុមគ្រួសាររបស់លោកស្ទេផាណាសដែរ ក្រៅពីនេះ ខ្ញុំមិនចាំថា ខ្ញុំបានធ្វើពិធីជ្រមុជទឹកជូនអ្នកណាផ្សេងទៀតទេ។ ព្រះគ្រិស្តពុំបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកឡើយ គឺព្រះអង្គចាត់ខ្ញុំឲ្យមកផ្សព្វផ្សាយដំណឹងល្អ*វិញ។ ប៉ុន្តែ ខ្ញុំផ្សព្វផ្សាយមិនមែនដោយប្រើពាក្យពេចន៍តាមប្រាជ្ញាឡើយ ក្រែងធ្វើឲ្យការសោយទិវង្គតរបស់ព្រះគ្រិស្តនៅលើឈើឆ្កាងទៅជាអស់ខ្លឹមសារ។ អ្នកដែលត្រូវវិនាសអន្តរាយ ចាត់ទុកដំណឹងអំពីព្រះគ្រិស្ត*សោយទិវង្គតនៅលើឈើឆ្កាង ថាលេលា រីឯយើងដែលកំពុងតែទទួលការសង្គ្រោះវិញ យើងជឿថា ដំណឹងនេះជាឫទ្ធានុភាពរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា: «យើងនឹងរំលាយប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយធ្វើឲ្យតម្រិះរបស់ពួកអ្នកចេះដឹងរលាយសាបសូន្យទៅដែរ» ។ ដូច្នេះ អ្នកប្រាជ្ញ គ្រូបាធ្យាយ និងអ្នកដេញដោលនាសម័យនេះធ្វើអ្វីកើត បើព្រះជាម្ចាស់បានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាលេលាវិញនោះ!។ ដោយប្រាជ្ញារបស់ខ្លួន មនុស្សលោកពុំបានស្គាល់ព្រះជាម្ចាស់ តាមអ្វីៗដែលព្រះប្រាជ្ញាញាណរបស់ព្រះអង្គសម្តែងឲ្យគេស្គាល់នោះឡើយ ហេតុនេះហើយបានជាព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះអ្នកជឿ ដោយពាក្យប្រកាសដែលមនុស្សលោកចាត់ទុកថាលេលានោះ។ សាសន៍យូដាសុំមើលទីសម្គាល់ដ៏អស្ចារ្យ សាសន៍ក្រិកចង់ឃើញភស្ដុតាងតាមប្រាជ្ញា រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ត*ដែលសោយទិវង្គតនៅលើឈើឆ្កាង។ សាសន៍យូដាយល់ឃើញថា ពាក្យប្រកាសនេះរារាំងគេមិនឲ្យជឿ ហើយសាសន៍ដទៃយល់ឃើញថាជារឿងលេលា។ ប៉ុន្តែ ចំពោះអស់អ្នកដែលព្រះជាម្ចាស់បានត្រាស់ហៅ ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក គេចាត់ទុកព្រះគ្រិស្តថាជាឫទ្ធានុភាព និងជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់វិញ។ អ្វីៗដែលមនុស្សលោកយល់ថាជាគំនិតលេលារបស់ព្រះជាម្ចាស់នោះ ប្រសើរលើសប្រាជ្ញារបស់មនុស្សទៅទៀត ហើយអ្វីៗដែលមនុស្សលោកយល់ថាជាការទន់ខ្សោយរបស់ព្រះជាម្ចាស់ ក៏ប្រសើរលើសកម្លាំងរបស់មនុស្សដែរ។
១ កូរិនថូស 1:1-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សំបុត្រប៉ុលខ្ញុំ ជាអ្នកដែលព្រះយេស៊ូវគ្រីស្ទបានហៅមកធ្វើជាសាវករបស់ទ្រង់ តាមបំណងព្រះហឫទ័យព្រះ ព្រមទាំងសូស្ថេន ជាពួកបងប្អូន ផ្ញើមកពួកជំនុំនៃព្រះ នៅក្រុងកូរិនថូស ជាពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទាំងហៅមកធ្វើជាពួកបរិសុទ្ធ ជាមួយនឹងអស់អ្នក នៅគ្រប់ទីកន្លែង ដែលអំពាវនាវដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា គឺនៃគេ នឹងយើងផង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផង។ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ ព្រោះអ្នករាល់គ្នាបានចំរើនឡើងគ្រប់ចំពូក ដោយសារទ្រង់ គឺក្នុងគ្រប់ទាំងពាក្យសំដី នឹងចំណេះទាំងអស់ដែរ តាមដែលសេចក្ដីបន្ទាល់ពីព្រះគ្រីស្ទបានបញ្ជាក់ក្នុងពួកអ្នករាល់គ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងឯអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាលេចមកផង ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្ដីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។ ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្ដីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្ដីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ ឱបងប្អូនអើយ ពីព្រោះមានពួកអ្នកផ្ទះនាងខ្លូអេបានប្រាប់ខ្ញុំ ពីដំណើរអ្នករាល់គ្នាថា តែងតែមានសេចក្ដីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា គឺថា អ្នករាល់គ្នានិមួយៗប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រីស្ទ ដូច្នេះ តើព្រះគ្រីស្ទបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាងជំនួសអ្នករាល់គ្នាឬអី តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជ ដោយនូវឈ្មោះប៉ុលឬអី ខ្ញុំអរព្រះគុណដល់ព្រះថា ខ្ញុំមិនបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាមួយ ក្នុងពួកអ្នករាល់គ្នាទេ បានធ្វើឲ្យតែគ្រីសប៉ុល នឹងកៃយុសប៉ុណ្ណោះ ដើម្បីកុំឲ្យមានអ្នកណាប្រកាន់ថា ខ្ញុំបានធ្វើបុណ្យជ្រមុជដោយនូវឈ្មោះខ្ញុំនោះឡើយ ខ្ញុំក៏បានធ្វើបុណ្យជ្រមុជឲ្យពួកផ្ទះស្ទេផាន៉ាសដែរ តែឯមនុស្សឯទៀត ខ្ញុំមិនដឹងជាបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាទេ ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្ដីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ ព្រោះមានសេចក្ដីចែងទុកមកថា «អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំណេះរបស់ពួកអ្នកដែលចេះ ចោលចេញ» តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះ ទៅជាសេចក្ដីល្ងង់ល្ងើវិញទេតើ ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះ ដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្ដីល្ងីល្ងើវិញ គឺជាការប្រកាសដំណឹងល្អ ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេក គេស្វែងរកប្រាជ្ញា តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្ដីល្ងង់ល្ងើដល់សាសន៍ក្រេក តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនឹងសាសន៍ក្រេកផង ដ្បិតសេចក្ដីល្ងង់ល្ងើរបស់ព្រះ នោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្ដីកំសោយរបស់ព្រះ ក៏មានកំឡាំងលើសជាងមនុស្សដែរ។