១ កូរិនថូស 1:1-18

១ កូរិនថូស 1:1-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុល ជា​អ្នក​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​សូស្ថេន ជា​បង‌ប្អូន។ សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិន‌ថូស ជា​អស់​អ្នក​ដែល​ព្រះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ រួម​ជាមួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​គេ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ‌សាន្ត​ពី​ព្រះ ជា​ព្រះ‌វរបិតា​របស់​យើង និង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​របស់​ខ្ញុំ សម្រាប់​អ្នក​រាល់​គ្នា​ជានិច្ច ដោយ​ព្រោះ​ព្រះ‌គុណ​របស់​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ដ្បិត​ក្នុង​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង​គ្រប់​ជំ​ពូក ទាំង​ពាក្យ​សម្ដី និង​ចំណេះ​ដឹង​គ្រប់​យ៉ាង ដែល​បញ្ជាក់​អំពី​បន្ទាល់​របស់​ព្រះ‌គ្រីស្ទ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​អំណោយ‌ទាន​ខាង​វិញ្ញាណ​ណា​មួយ​ឡើយ នៅ​ពេល​អ្នក​រាល់​គ្នា​ទន្ទឹង​រង់​ចាំ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​លេច​មក។ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន រហូត​ដល់​ចុង​បញ្ចប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ឥត​កន្លែង​បន្ទោស​បាន នៅ​ថ្ងៃ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ឥឡូវ​នេះ បង‌ប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​អ្នក​រាល់​គ្នា​ដោយ​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្តី​តែមួយ​ទាំង‌អស់​គ្នា កុំ​ឲ្យ​មាន​ការ​បាក់​បែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​រួប​រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​មួយ។ ដ្បិត​បង‌ប្អូន​អើយ ខ្ញុំ​បាន​ឮ​អ្នក​ផ្ទះ​របស់​នាង​ខ្លូអេ​ប្រាប់​ខ្ញុំ​ថា មាន​ការ​ឈ្លោះ​ប្រកែក​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ គឺ​អ្នក​រាល់​គ្នា​ម្នាក់ៗ​និយាយ​ថា៖ «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ខ្លះ​ថា៖ «ខ្ញុំ​ជា​របស់​លោក​អ័ប៉ុ‌ឡូស» ឬ «ខ្ញុំ​ជា​របស់​លោក​កេ‌ផាស» ឬ «ខ្ញុំ​ជា​របស់​ព្រះ‌គ្រីស្ទ»។ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ? តើ​ប៉ុល​ត្រូវ​គេ​ឆ្កាង​សម្រាប់​អ្នក​រាល់​គ្នា​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ប៉ុល? ខ្ញុំ​អរ​ព្រះ‌គុណ​ព្រះ ដែល​ខ្ញុំ​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា លើក​លែង​តែ​គ្រីស‌ប៉ុល និង​កៃយុស​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និយាយ​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។ (ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ណាស​ដែរ លើស​ពី​នោះ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ទៀត​ទេ)។ ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ទេ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ តែ​មិន​មែន​ដោយ​ប្រាជ្ញា​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​របស់​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ។ ដ្បិត​ដំណឹង​អំពី​ឈើ​ឆ្កាង ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​របស់​ព្រះ​ដល់​យើង​ដែល​កំពុង​តែ​បាន​សង្គ្រោះ។

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:1-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ ប៉ូល ជា​អ្នក​ដែល​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវ័ក​របស់​ព្រះគ្រិស្ត*‌យេស៊ូ ខ្ញុំ និង​លោក​សូស្ដែន សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​របស់​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​កូរិនថូស។ ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​ដ៏វិសុទ្ធ* ព្រម​ទាំង​ប្រោស​ប្រទាន​ឲ្យ​បាន​វិសុទ្ធ ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ រួម​ជា​មួយ​បងប្អូន​ទាំង​អស់​ដែល​អង្វរ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះអង្គ​ជា​ព្រះ‌អម្ចាស់​របស់​បងប្អូន​ទាំង​នោះ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​របស់​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បងប្អូន!។ ខ្ញុំ​តែងតែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ជានិច្ច ព្រោះ​ព្រះអង្គ​បាន​ប្រណី‌សន្ដោស​ដល់​បងប្អូន ដោយ​បងប្អូន​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ ដោយ​រួម​ជា​មួយ​ព្រះអង្គ បងប្អូន​បាន​បរិបូណ៌​សព្វ​គ្រប់​ទាំង​អស់ ទាំង​ខាង​ព្រះ‌បន្ទូល ទាំង​ខាង​ការ​ស្គាល់​ព្រះអង្គ។ សក្ខីភាព​របស់​ព្រះ‌គ្រិស្ត​បាន​ស្ថិត​នៅ​ក្នុង​បងប្អូន​យ៉ាង​ខ្ជាប់ខ្ជួន។ ហេតុ​នេះ នៅ​ពេល​ដែល​បងប្អូន​កំពុង​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​របស់​យើង​យាង​មក​យ៉ាង​រុងរឿង​នោះ បងប្អូន​មិន​ខ្វះ​ព្រះ‌អំណោយ​ទាន​អ្វី​ឡើយ។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​បាន​ខ្ជាប់ខ្ជួន​រហូត​ដល់​ទី​បំផុត ឥត​មាន​ទោសពៃរ៍​អ្វី នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក​ដល់។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះអង្គ​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​រួម​រស់​ជា​មួយ​ព្រះ‌បុត្រា​របស់​ព្រះអង្គ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង។ បងប្អូន​អើយ ខ្ញុំ​សូម​ទូន្មាន​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ កុំ​បាក់​បែក​គ្នា​ឡើយ ត្រូវ​ចុះ​សម្រុង​គ្នា​ទាំង​ស្រុង ដោយ​មាន​គំនិត​តែ​មួយ និង​មាន​យោបល់​តែ​មួយ។ បងប្អូន​អើយ តាម​រយៈ​ក្រុម​គ្រួសារ​របស់​នាង​ក្លូអេ ខ្ញុំ​បាន​ឮ​ដំណឹង​ថា​មាន​កើត​ការ​ទាស់‌ទែង​គ្នា​ក្នុង​ចំណោម​បងប្អូន គឺ​ម្នាក់​ពោល​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» ម្នាក់​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​កេផាស!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​ព្រះ‌គ្រិស្ត!»។ តើ​ព្រះ‌គ្រិស្ត​បែង​ចែក​ជា​ច្រើន​ភាគ​ឬ? តើ​ប៉ូល​ឬ​ដែល​គេ​ឆ្កាង​សម្រាប់​បងប្អូន? ឬ​មួយ​ក៏​បងប្អូន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក*​ក្នុង​នាម​ប៉ូល? ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​ខ្ញុំ​ពុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​នរណា​ម្នាក់ ក្នុង​ចំណោម​បងប្អូន​ឡើយ លើក‌លែង​តែ​លោក​គ្រីស‌ប៉ុស និង​លោក​កៃយុស​ប៉ុណ្ណោះ។ ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។ ខ្ញុំ​ក៏​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​ក្រុម​គ្រួសារ​របស់​លោក​ស្ទេផា‌ណាស​ដែរ ក្រៅ​ពី​នេះ ខ្ញុំ​មិន​ចាំ​ថា ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ជូន​អ្នក​ណា​ផ្សេង​ទៀត​ទេ។ ព្រះ‌គ្រិស្ត​ពុំ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឡើយ គឺ​ព្រះអង្គ​ចាត់​ខ្ញុំ​ឲ្យ​មក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​វិញ។ ប៉ុន្តែ ខ្ញុំ​ផ្សព្វ‌ផ្សាយ​មិន​មែន​ដោយ​ប្រើ​ពាក្យ‌ពេចន៍​តាម​ប្រាជ្ញា​ឡើយ ក្រែង​ធ្វើ​ឲ្យ​ការ​សោយ​ទិវង្គត​របស់​ព្រះ‌គ្រិស្ត​នៅ​លើ​ឈើ​ឆ្កាង​ទៅ​ជា​អស់​ខ្លឹម‌សារ។ អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ចាត់​ទុក​ដំណឹង​អំពី​ព្រះ‌គ្រិស្ត*​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ថា​លេលា រីឯ​យើង​ដែល​កំពុង​តែ​ទទួល​ការ​សង្គ្រោះ​វិញ យើង​ជឿ​ថា ដំណឹង​នេះ​ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់

ចែក​រំលែក
អាន ១ កូរិនថូស 1

១ កូរិនថូស 1:1-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សំបុត្រ​ប៉ុល​ខ្ញុំ ជា​អ្នក​ដែល​ព្រះ‌យេស៊ូវ​គ្រីស្ទ​បាន​ហៅ​មក​ធ្វើ​ជា​សាវក​របស់​ទ្រង់ តាម​បំណង​ព្រះ‌ហឫទ័យ​ព្រះ ព្រម​ទាំង​សូស្ថេន ជា​ពួក​បង​ប្អូន ផ្ញើ​មក​ពួក​ជំនុំ​នៃ​ព្រះ នៅ​ក្រុង​កូរិន‌ថូស ជា​ពួក​អ្នក​ដែល​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ បាន​ទាំង​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ ជា​មួយ​នឹង​អស់​អ្នក នៅ​គ្រប់​ទី​កន្លែង ដែល​អំពាវ‌នាវ​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា គឺ​នៃ​គេ នឹង​យើង​ផង សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​នូវ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត អំពី​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​យើង​រាល់​គ្នា នឹង​ពី​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​ផង។ ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នៃ​ខ្ញុំ អំពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​ដរាប ដោយ​ព្រោះ​ព្រះ‌គុណ​នៃ​ព្រះ ដែល​បាន​ផ្តល់​មក​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ព្រោះ​អ្នក​រាល់​គ្នា​បាន​ចំរើន​ឡើង​គ្រប់​ចំពូក ដោយ‌សារ​ទ្រង់ គឺ​ក្នុង​គ្រប់​ទាំង​ពាក្យ​សំដី នឹង​ចំណេះ​ទាំង​អស់​ដែរ តាម​ដែល​សេចក្ដី​បន្ទាល់​ពី​ព្រះ‌គ្រីស្ទ​បាន​បញ្ជាក់​ក្នុង​ពួក​អ្នក​រាល់​គ្នា ដល់​ម៉្លេះ​បាន​ជា​អ្នក​រាល់​គ្នា​មិន​ចាញ់​គេ ខាង​ឯ​អំណោយ​ទាន​ណា​មួយ​ឡើយ ទាំង​ចាំ​ទំរាំ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​លេច​មក​ផង ដែល​ទ្រង់​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ខ្ជាប់‌ខ្ជួន ដរាប​ដល់​ចុង​បំផុត ឲ្យ​បាន​ឥត​កន្លែង​បន្ទោស​បាន ក្នុង​ថ្ងៃ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឯ​ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​នឹង​ព្រះ‌រាជ‌បុត្រា​ទ្រង់ គឺ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នោះ​ទ្រង់​ស្មោះ‌ត្រង់។ ឥឡូវ​នេះ បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំង​អស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួប‌រួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ​១​វិញ ឱ​បង​ប្អូន​អើយ ពី​ព្រោះ​មាន​ពួក​អ្នក​ផ្ទះ​នាង​ខ្លូអេ​បាន​ប្រាប់​ខ្ញុំ ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា តែង‌តែ​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ក្នុង​ពួក​អ្នក​រាល់​គ្នា គឺ​ថា អ្នក​រាល់​គ្នា​និមួយៗ​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ជា​របស់​អ័ប៉ុឡូស ជា​របស់​កេផាស ឬ​ជា​របស់​ព្រះ‌គ្រីស្ទ ដូច្នេះ តើ​ព្រះ‌គ្រីស្ទ​បាន​បាក់​បែក​ឬ​អី តើ​ប៉ុល​ត្រូវ​ឆ្កាង​ជំនួស​អ្នក​រាល់​គ្នា​ឬ​អី តើ​អ្នក​រាល់​គ្នា​បាន​ទទួល​បុណ្យ​ជ្រមុជ ដោយ​នូវ​ឈ្មោះ​ប៉ុល​ឬ​អី ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ​ថា ខ្ញុំ​មិន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​មួយ ក្នុង​ពួក​អ្នក​រាល់​គ្នា​ទេ បាន​ធ្វើ​ឲ្យ​តែ​គ្រីស‌ប៉ុល នឹង​កៃយុស​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ ខ្ញុំ​ក៏​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​ពួក​ផ្ទះ​ស្ទេផា‌ន៉ាស​ដែរ តែ​ឯ​មនុស្ស​ឯ​ទៀត ខ្ញុំ​មិន​ដឹង​ជា​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ឲ្យ​អ្នក​ណា​ទេ ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ទេ គឺ​ឲ្យ​មក​ផ្សាយ​ដំណឹង​ល្អ​ប៉ុណ្ណោះ តែ​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម​ឡើយ ក្រែង​ឈើ​ឆ្កាង​នៃ​ព្រះ‌គ្រីស្ទ​ទៅ​ជា​អសារ​ឥត​ការ​វិញ ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្ដី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះ‌ចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ

ចែក​រំលែក
អាន ១ កូរិនថូស 1