១ របាក្សត្រ 29:10-20

១ របាក្សត្រ 29:10-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បុព្វបុរស​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប​ជា‌និច្ច។ ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។ ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ​ដ៏​មាន​សិរី‌ល្អ។ តើ​ទូល‌បង្គំ​ជា​អ្វី? ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​ថ្វាយ​តង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ថ្វាយ​ដល់​ទ្រង់​វិញ។ ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ។ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌អង្គ សម្រាប់​ព្រះ‌នាម​បរិសុទ្ធ​ព្រះ‌អង្គ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ហើយ​ជា​របស់​ព្រះ‌អង្គ​ទាំង​អស់​ដែរ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វ‌បុរស​របស់​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ព្រះ‌អង្គ​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​ប្រជា‌រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ព្រះ‌អង្គ​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ព្រះ‌អង្គ ហើយ​សូម​ប្រទាន​ឲ្យ​សាឡូម៉ូន​ជា​បុត្រ​ទូល‌បង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​សេចក្ដី​បន្ទាល់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ នេះ​ដែល​ទូល‌បង្គំ​បាន​ត្រៀម​ទុក​ឲ្យ»។ បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទូល​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ»។ ក្រុម​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ​បង្គំ​ដល់​ព្រះ‌យេហូវ៉ា និង​ស្តេច​ផង។

១ របាក្សត្រ 29:10-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង តាំង​ពី​អស់‌កល្ប​ជានិច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ! ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។ ព្រះអង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ហើយ​ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។ បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ និង​កោត​សរសើរ​ព្រះ‌នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះអង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះអង្គ ក៏​ជា​របស់​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ យើង​ខ្ញុំ​គ្រាន់​តែ​ជា​ជន​បរទេស និង​ជា​អ្នក​ដែល​ស្នាក់​នៅ​បណ្ដោះ‌អាសន្ន ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ​ដែរ។ អាយុ​ជីវិត​របស់​យើង​ខ្ញុំ​នៅ​លើ​ផែនដី​នេះ​ប្រៀប​ដូច​ជា​ស្រមោល គ្មាន​អ្វី​នៅ​ស្ថិត‌ស្ថេរ​ឡើយ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​បរិបូណ៌​ដែល​យើង​ខ្ញុំ​ត្រៀម​ទុក សង់​ព្រះ‌ដំណាក់​សម្រាប់​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ សុទ្ធ​តែ​ជា​ព្រះ‌អំណោយ​ទាន​របស់​ព្រះអង្គ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ដឹង​ថា ព្រះអង្គ​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ស្មោះ​ត្រង់។ ហេតុ​នេះ ទូលបង្គំ​ស្ម័គ្រ​ចិត្ត​យក​តង្វាយ​ទាំង​នេះ​មក​ថ្វាយ​ព្រះអង្គ ដោយ​ចិត្ត​ស្មោះ ហើយ​ទូលបង្គំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​មក​ថ្វាយ​ព្រះអង្គ​ដែរ។ ឱ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង​ខ្ញុំ សូម​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ប្រកាន់​ខ្ជាប់​នូវ​ចិត្ត​គំនិត​ស្មោះ​ត្រង់​ចំពោះ​ព្រះអង្គ​ជានិច្ច​ផង។ សូម​ប្រោស​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​កូន​របស់​ទូលបង្គំ មាន​ចិត្ត​ស្មោះ​ត្រង់ កាន់​តាម​បទ‌បញ្ជា ដំបូន្មាន និង​ច្បាប់​របស់​ព្រះអង្គ ហើយ​ប្រតិបត្តិ​តាម​ឥត​ងាក​រេ​ឡើយ ដើម្បី​ឲ្យ​គេ​សង់​ព្រះ‌ដំណាក់​ដែល​ទូលបង្គំ​ត្រៀម​ទុក​នេះ»។ បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ អង្គ​ប្រជុំ​ទាំង​មូល​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ។ ពួក​គេ​ក្រាប​ចុះ ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ និង​គោរព​ស្ដេច។

១ របាក្សត្រ 29:10-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ​នៅ​អស់‌កល្ប​ជានិច្ច ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ នឹង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជំនះ នឹង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ នឹង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់ ទ្រព្យ​សម្បត្តិនឹង​កេរ្តិ៍​ឈ្មោះ​ក៏​មក​អំពី​ទ្រង់ ហើយ​គឺ​ទ្រង់​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​ទ្រង់​មាន​ទាំង​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កំឡាំង​ដល់​មនុស្ស​ទាំង​អស់ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ តែ​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ ពី​ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ទ្រង់ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​ពួក​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា​អើយ អស់​ទាំង​របស់​បរិបូរ​ទាំង​នេះ ដែល​យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រៀម​ទុក ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ទ្រង់ សំរាប់​ព្រះ‌នាម​បរិសុទ្ធ​ទ្រង់ នោះ​សុទ្ធ​តែ​មក​ពី​ព្រះ‌ហស្ត​ទ្រង់​ទេ ហើយ​ជា​របស់​ផង​ទ្រង់​ទាំង​អស់​ដែរ ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ទ្រង់​ដែល​ល្បង​ល​ចិត្ត ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូលបង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ​ឯង ដែល​ទូលបង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូលបង្គំ​មាន​សេចក្ដី​អំណរ ដោយ​ឃើញ​រាស្ត្រ​របស់​ទ្រង់ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ទ្រង់ ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ អ៊ីសាក នឹង​អ៊ីស្រាអែល ជា​ឰយុកោ​យើង​ខ្ញុំ​រាល់​គ្នា​អើយ សូម​ទ្រង់​រក្សា​ទុក​គំនិត​នេះ នៅ​ក្នុង​ចិត្ត​របស់​ពួក​រាស្ត្រ​ទ្រង់ ឲ្យ​គេ​បាន​គិត​ឃើញ​ជា​រៀង‌រាប​ដរាប​ទៅ ហើយ​សូម​ទ្រង់​តាំង​ចិត្ត​គេ ឲ្យ​នៅ​ជាប់​នឹង​ទ្រង់ ហើយ​សូម​ប្រទាន​ឲ្យ​សាឡូម៉ូន ជា​បុត្រ​ទូលបង្គំ មាន​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​ឲ្យ​បាន​កាន់​តាម​អស់​ទាំង​ក្រិត្យ‌ក្រម សេចក្ដី​បន្ទាល់ នឹង​បញ្ញត្ត​នៃ​ទ្រង់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​នេះ ហើយ​ស្អាង​ព្រះ‌វិហារ​នេះ​ដែល​ទូលបង្គំ​បាន​ត្រៀម​ទុក​ឲ្យ។ ឯ​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ចូរ​អ្នក​រាល់​គ្នា​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដូច្នេះ ពួក​ជំនុំ​ទាំង​អស់​ក៏​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​បាន​ព្រះ‌ពរ រួច​គេ​ឱន​ក្បាល​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា នឹង​ស្តេច​ផង

១ របាក្សត្រ 29:10-20

១ របាក្សត្រ 29:10-20 គខប១ របាក្សត្រ 29:10-20 គខប១ របាក្សត្រ 29:10-20 គខប