១ របាក្សត្រ 29:10-19
១ របាក្សត្រ 29:10-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌទូលដល់ព្រះយេហូវ៉ា នៅចំពោះក្រុមជំនុំទាំងអស់គ្នាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បុព្វបុរសយើងរាល់គ្នាអើយ សូមឲ្យព្រះអង្គបានព្រះពរនៅអស់កល្បជានិច្ច។ ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។ តើទូលបង្គំជាអ្វី? ហើយប្រជារាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចថ្វាយតង្វាយយ៉ាងនេះដោយស្ម័គ្រពីចិត្តបាន? ដ្បិតគ្រប់របស់ទាំងអស់មកពីព្រះអង្គ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តរបស់ព្រះអង្គ ថ្វាយដល់ទ្រង់វិញ។ ព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះព្រះអង្គ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាបុព្វបុរសយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ។ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីស្អាងព្រះវិហារថ្វាយដល់ព្រះអង្គ សម្រាប់ព្រះនាមបរិសុទ្ធព្រះអង្គ នោះសុទ្ធតែមកពីព្រះហស្តរបស់ព្រះអង្គទេ ហើយជារបស់ព្រះអង្គទាំងអស់ដែរ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។ ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គរក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួកប្រជារាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមព្រះអង្គតាំងចិត្តគេ ឲ្យនៅជាប់នឹងព្រះអង្គ ហើយសូមប្រទានឲ្យសាឡូម៉ូនជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រមសេចក្ដីបន្ទាល់ និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារ នេះដែលទូលបង្គំបានត្រៀមទុកឲ្យ»។
១ របាក្សត្រ 29:10-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ! ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។ ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។ បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុក សង់ព្រះដំណាក់សម្រាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះ ហើយទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។ ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះព្រះអង្គជានិច្ចផង។ សូមប្រោសប្រទានឲ្យសាឡូម៉ូន ជាកូនរបស់ទូលបង្គំ មានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជា ដំបូន្មាន និងច្បាប់របស់ព្រះអង្គ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីឲ្យគេសង់ព្រះដំណាក់ដែលទូលបង្គំត្រៀមទុកនេះ»។
១ របាក្សត្រ 29:10-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ឰយុកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ នឹងព្រះចេស្តា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ ទ្រព្យសម្បត្តិនឹងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកឰយុកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្ដីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ទ្រង់ ដោយស្ម័គ្រពីចិត្តដែរ ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ អ៊ីសាក នឹងអ៊ីស្រាអែល ជាឰយុកោយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់រក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួករាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមទ្រង់តាំងចិត្តគេ ឲ្យនៅជាប់នឹងទ្រង់ ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រិត្យក្រម សេចក្ដីបន្ទាល់ នឹងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។