១ របាក្សត្រ 29:1-22
១ របាក្សត្រ 29:1-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «សាឡូម៉ូន ជាបុត្ររបស់យើងនេះ គឺជាបុត្រមួយដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារ នេះមិនមែនសម្រាប់មនុស្ស គឺសម្រាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ យើងបានត្រៀមការអស់ពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសម្រាប់ប្រដាប់ធ្វើពីមាស ប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសម្រាប់ប្រដាប់ធ្វើពីលង្ហិន ដែកសម្រាប់ប្រដាប់ធ្វើពីដែក ឈើសម្រាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស និងត្បូងសម្រាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ និងត្បូងមានតម្លៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស និងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ខ្លួនយើង សម្រាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សម្រាប់ទីបរិសុទ្ធនេះ គឺមាសបីពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសម្រង់ស្រាប់ប្រាំពីរពាន់ហាប សម្រាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន ហើយមាសសម្រាប់ប្រដាប់ធ្វើពីមាស និងប្រាក់សម្រាប់ប្រដាប់ធ្វើពីប្រាក់ ហើយសម្រាប់គ្រប់ទាំងការដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ?»។ គ្រានោះ ពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃកុលសម្ព័ន្ធអ៊ីស្រាអែលទាំងប៉ុន្មាន និងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត គេថ្វាយសម្រាប់ការងារក្នុងព្រះដំណាក់របស់ព្រះ ជាមាសប្រាំពាន់ហាប និងមួយម៉ឺនដារីក ប្រាក់មួយម៉ឺនហាប លង្ហិនមួយម៉ឺនប្រាំបីពាន់ហាប និងដែកមួយសែនហាប ហើយអ្នកណាដែលមានត្បូង នោះក៏ថ្វាយទៅក្នុងឃ្លាំងព្រះវិហាររបស់ព្រះយេហូវ៉ា ក្រោមអំណាចយេហ៊ីអែល ជាពួកគើសុន នោះបណ្ដាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយព្រះបាទដាវីឌក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។ ព្រះបាទដាវីឌទូលដល់ព្រះយេហូវ៉ា នៅចំពោះក្រុមជំនុំទាំងអស់គ្នាថា៖ «ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល បុព្វបុរសយើងរាល់គ្នាអើយ សូមឲ្យព្រះអង្គបានព្រះពរនៅអស់កល្បជានិច្ច។ ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ព្រះអង្គ ហើយក៏លើកសរសើរព្រះនាមព្រះអង្គដ៏មានសិរីល្អ។ តើទូលបង្គំជាអ្វី? ហើយប្រជារាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចថ្វាយតង្វាយយ៉ាងនេះដោយស្ម័គ្រពីចិត្តបាន? ដ្បិតគ្រប់របស់ទាំងអស់មកពីព្រះអង្គ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តរបស់ព្រះអង្គ ថ្វាយដល់ទ្រង់វិញ។ ព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះព្រះអង្គ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាបុព្វបុរសយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ។ ឱព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីស្អាងព្រះវិហារថ្វាយដល់ព្រះអង្គ សម្រាប់ព្រះនាមបរិសុទ្ធព្រះអង្គ នោះសុទ្ធតែមកពីព្រះហស្តរបស់ព្រះអង្គទេ ហើយជារបស់ព្រះអង្គទាំងអស់ដែរ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។ ឱព្រះយេហូវ៉ា ជាព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំរាល់គ្នាអើយ សូមព្រះអង្គរក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួកប្រជារាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមព្រះអង្គតាំងចិត្តគេ ឲ្យនៅជាប់នឹងព្រះអង្គ ហើយសូមប្រទានឲ្យសាឡូម៉ូនជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រឹត្យក្រមសេចក្ដីបន្ទាល់ និងបញ្ញត្តិរបស់ព្រះអង្គទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារ នេះដែលទូលបង្គំបានត្រៀមទុកឲ្យ»។ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំទាំងអស់គ្នាថា៖ «ចូរអ្នករាល់គ្នាទូលដល់ព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ»។ ក្រុមជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា និងស្តេចផង។ នៅថ្ងៃបន្ទាប់ គេក៏ថ្វាយយញ្ញបូជា និងតង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោលមួយពាន់ ចៀមឈ្មោលមួយពាន់ កូនចៀមមួយពាន់ និងតង្វាយច្រូចនៃតង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរសម្រាប់ពួកអ៊ីស្រាអែលទាំងអស់។ គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយអំណរជាខ្លាំងនៅថ្ងៃនោះ។
១ របាក្សត្រ 29:1-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ព្រះជាម្ចាស់បានជ្រើសរើសសាឡូម៉ូន ជាបុត្ររបស់ខ្ញុំតែម្នាក់គត់ ដែលនៅក្មេងខ្ចី។ រីឯការងារដែលត្រូវបំពេញធំធេងណាស់ ដ្បិតព្រះដំណាក់ដែលយើងសង់នេះ មិនមែនសម្រាប់មនុស្សទេ គឺថ្វាយព្រះជាអម្ចាស់។ ខ្ញុំបានខំប្រឹងប្រែងអស់ពីកម្លាំងកាយ ដើម្បីត្រៀមសម្ភារៈសង់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ គឺខ្ញុំបានប្រមូលមាសសម្រាប់ធ្វើគ្រឿងប្រដាប់អំពីមាស ប្រាក់សម្រាប់ធ្វើគ្រឿងប្រដាប់អំពីប្រាក់ លង្ហិនសម្រាប់ធ្វើគ្រឿងប្រដាប់អំពីលង្ហិន ដែកសម្រាប់ធ្វើគ្រឿងប្រដាប់អំពីដែក ឈើសម្រាប់ធ្វើគ្រឿងប្រដាប់អំពីឈើ ព្រមទាំងត្បូងមណីជោតិរស ត្បូងសម្រាប់ដាំលំអ ត្បូងចម្រុះពណ៌ ពេជ្រគ្រប់ប្រភេទ និងថ្មកែវដ៏ច្រើនឥតគណនា។ មួយវិញទៀត ខ្ញុំបានយកមាសប្រាក់ ដែលជាសម្បត្តិរបស់ខ្ញុំផ្ទាល់មកថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ បន្ថែមពីលើរបស់របរទាំងប៉ុន្មាន ដែលខ្ញុំត្រៀមសម្រាប់ព្រះដំណាក់ដ៏វិសុទ្ធ ព្រោះខ្ញុំជំពាក់ចិត្តនឹងព្រះដំណាក់របស់ព្រះជាម្ចាស់ខ្លាំងណាស់ គឺខ្ញុំប្រគល់មាសពីស្រុកអូភារ ចំនួនបីពាន់ហាប និងប្រាក់សុទ្ធចំនួនប្រាំពីរពាន់ហាប សម្រាប់ពាសជញ្ជាំងអាគារទាំងប៉ុន្មាន។ ថ្ងៃនេះ តើនរណាខ្លះស្ម័គ្រចិត្តថ្វាយមាស ប្រាក់ ដល់ព្រះអម្ចាស់ ដើម្បីឲ្យពួកជាងទងយកទៅសិតធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន អំពីមាស អំពីប្រាក់?»។ ពេលនោះ មេដឹកនាំក្រុមគ្រួសារ មេដឹកនាំកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល មេកង មេក្រុម ព្រមទាំងអ្នកដឹកនាំការងាររបស់ស្ដេច នាំគ្នាស្ម័គ្រចិត្ត ថ្វាយជាតង្វាយសម្រាប់ការងារនៃព្រះដំណាក់របស់ព្រះជាម្ចាស់ គឺមានមាសប្រាំពាន់ហាប ប្រាក់កាក់ ចំនួនមួយម៉ឺន ប្រាក់សុទ្ធមួយម៉ឺនហាប លង្ហិនមួយម៉ឺនហាប និងដែកមួយសែនហាប។ អស់អ្នកដែលមានត្បូងពេជ្រក៏បានយកទៅប្រគល់ឲ្យលោកយេហ៊ីអែល ជាពូជពង្សរបស់លោកគើរសុន ដើម្បីយកទៅទុកក្នុងឃ្លាំងព្រះដំណាក់របស់ព្រះអម្ចាស់។ ប្រជាជនមានអំណរសប្បាយ ព្រោះគេបានថ្វាយតង្វាយដល់ព្រះអម្ចាស់ ដោយស្មោះអស់ពីចិត្ត ហើយព្រះបាទដាវីឌក៏មានព្រះហឫទ័យរីករាយជាខ្លាំងដែរ។ ព្រះបាទដាវីឌលើកតម្កើងព្រះអម្ចាស់ នៅចំពោះមុខអង្គប្រជុំទាំងមូល ស្ដេចមានរាជាឱង្ការថា៖ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់លោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើង តាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ! ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះដ៏ឧត្ដុង្គឧត្ដម ប្រកបដោយឫទ្ធានុភាព ព្រះបារមី តេជានុភាព និងសិរីរុងរឿង ដ្បិតអ្វីៗទាំងប៉ុន្មាននៅលើមេឃ និងនៅលើផែនដី សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រគ្រងរាជ្យលើអ្វីៗទាំងអស់ដែរ។ ព្រះអង្គជាប្រភពនៃទ្រព្យសម្បត្តិ និងសិរីរុងរឿង ហើយព្រះអង្គគ្រប់គ្រងលើអ្វីៗទាំងអស់។ ព្រះចេស្ដា និងឫទ្ធានុភាព ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ ហើយដោយសារព្រះបារមីរបស់ព្រះអង្គ ព្រះអង្គអាចពង្រីក និងពង្រឹងអ្វីៗទាំងអស់ឲ្យបានរឹងមាំ។ បពិត្រព្រះនៃយើងខ្ញុំអើយ! ឥឡូវនេះ យើងខ្ញុំសូមអរព្រះគុណ និងកោតសរសើរព្រះនាមដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។ តើទូលបង្គំជាអ្វី? តើប្រជារាស្ត្ររបស់ទូលបង្គំជាអ្វីដែរ បានជាយើងខ្ញុំអាចនាំតង្វាយដោយស្ម័គ្រចិត្តបែបនេះ មកថ្វាយព្រះអង្គ? អ្វីៗទាំងអស់ដែលយើងខ្ញុំមាន សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គដែរ ហើយអ្វីៗដែលយើងខ្ញុំយកមកថ្វាយព្រះអង្គ ក៏ជារបស់ដែលព្រះអង្គប្រទានមកយើងខ្ញុំដែរ។ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំអើយ ទ្រព្យសម្បត្តិដ៏ច្រើនបរិបូណ៌ដែលយើងខ្ញុំត្រៀមទុក សង់ព្រះដំណាក់សម្រាប់ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ សុទ្ធតែជាព្រះអំណោយទានរបស់ព្រះអង្គ។ អ្វីៗទាំងអស់សុទ្ធតែជាកម្មសិទ្ធិរបស់ព្រះអង្គ។ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំដឹងថា ព្រះអង្គស្ទង់មើលចិត្តមនុស្ស ហើយសព្វព្រះហឫទ័យនឹងសេចក្ដីស្មោះត្រង់។ ហេតុនេះ ទូលបង្គំស្ម័គ្រចិត្តយកតង្វាយទាំងនេះមកថ្វាយព្រះអង្គ ដោយចិត្តស្មោះ ហើយទូលបង្គំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលជួបជុំនៅទីនេះ នាំយកតង្វាយដោយស្ម័គ្រចិត្តមកថ្វាយព្រះអង្គដែរ។ ឱព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ លោកអ៊ីសាក និងលោកអ៊ីស្រាអែល ជាបុព្វបុរសរបស់យើងខ្ញុំ សូមប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ប្រកាន់ខ្ជាប់នូវចិត្តគំនិតស្មោះត្រង់ចំពោះព្រះអង្គជានិច្ចផង។ សូមប្រោសប្រទានឲ្យសាឡូម៉ូន ជាកូនរបស់ទូលបង្គំ មានចិត្តស្មោះត្រង់ កាន់តាមបទបញ្ជា ដំបូន្មាន និងច្បាប់របស់ព្រះអង្គ ហើយប្រតិបត្តិតាមឥតងាករេឡើយ ដើម្បីឲ្យគេសង់ព្រះដំណាក់ដែលទូលបង្គំត្រៀមទុកនេះ»។ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំព្រះអម្ចាស់ និងគោរពស្ដេច។ លុះស្អែកឡើង ពួកគេនាំគ្នាថ្វាយយញ្ញបូជា និងតង្វាយដុតទាំងមូល ចំពោះព្រះអម្ចាស់ គឺមាន គោបា ១ ០០០ក្បាល ចៀមឈ្មោល ១ ០០០ក្បាល និងកូនចៀម ១ ០០០ក្បាល ដោយមានស្រាដែលត្រូវច្រួចថ្វាយជាមួយ ព្រមទាំងយញ្ញបូជាយ៉ាងច្រើនទៀតសម្រាប់ប្រជាជនអ៊ីស្រាអែលទាំងមូល។ នៅថ្ងៃនោះ ពួកគេបរិភោគនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ក្រោមបរិយាកាសដ៏សែនរីករាយ។ ពួកគេប្រកាសសាជាថ្មី តែងតាំងសម្ដេចសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ ជាព្រះមហាក្សត្រ ព្រមទាំងចាក់ប្រេងអភិសេកស្ដេចឲ្យធ្វើជាមេដឹកនាំរបស់ពួកគេ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចចាក់ប្រេងតែងតាំងលោកសាដុក ជាបូជាចារ្យ។
១ របាក្សត្រ 29:1-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លំដាប់មក ស្តេចដាវីឌទ្រង់មានបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា សាឡូម៉ូន ជាបុត្រយើងនេះ គឺជាបុត្រ១ដែលព្រះបានរើសទុក ទ្រង់នៅក្មេងខ្ចីនៅឡើយ ហើយការនេះធំណាស់ ដ្បិតព្រះវិហារនេះមិនមែនសំរាប់មនុស្ស គឺសំរាប់ព្រះយេហូវ៉ាដ៏ជាព្រះវិញ យើងបានត្រៀមការអស់ពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃយើង គឺជាមាសសំរាប់ប្រដាប់ធ្វើពីមាស ប្រាក់សំរាប់ប្រដាប់ធ្វើពីប្រាក់ លង្ហិនសំរាប់ប្រដាប់ធ្វើពីលង្ហិន ដែកសំរាប់ប្រដាប់ធ្វើពីដែក ឈើសំរាប់ប្រដាប់ធ្វើពីឈើ ថ្មអូនីក្ស នឹងត្បូងសំរាប់បញ្ចុះ ដែលមានពណ៌ផ្សេងៗ នឹងត្បូងមានដំឡៃគ្រប់មុខ ព្រមទាំងថ្មកែវជាបរិបូរ មួយទៀត ដោយព្រោះយើងមានចិត្តស្រឡាញ់ ដល់ព្រះវិហាររបស់ព្រះនៃយើង បានជាយើងប្រគល់មាស នឹងប្រាក់ទាំងប៉ុន្មាន ដែលជារបស់ផងខ្លួនយើង សំរាប់ព្រះវិហាររបស់ព្រះនៃយើង ក្រៅអំពីរបស់ទាំងប៉ុន្មាន ដែលយើងបានត្រៀមទុក សំរាប់ទីបរិសុទ្ធនេះ គឺមាស៣ពាន់ហាប ជាមាសស្រុកអូភារ ប្រាក់ដែលសំរងស្រាប់៧ពាន់ហាប សំរាប់នឹងស្រោបជញ្ជាំងមន្ទីរទាំងប៉ុន្មាន ហើយមាសសំរាប់ប្រដាប់ធ្វើពីមាស នឹងប្រាក់សំរាប់ប្រដាប់ធ្វើពីប្រាក់ ហើយសំរាប់គ្រប់ទាំងការ ដែលពួកជាងមានស្នាដៃនឹងធ្វើ ដូច្នេះ នៅថ្ងៃនេះ តើមានអ្នកណាចូលចិត្ត ចង់ថ្វាយដល់ព្រះយេហូវ៉ាដែរឬទេ។ គ្រានោះពួកអ្នកដែលជាកំពូលលើវង្សរបស់ឪពុកគេ ពួកចៅហ្វាយនៃពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន នឹងពួកមេធំតូច ហើយពួកនាយដែលត្រួតការរបស់ស្តេច គេក៏ថ្វាយដោយស្ម័គ្រពីចិត្ត គេថ្វាយសំរាប់ការងារ ក្នុងព្រះវិហារនៃព្រះ ជាមាស៥ពាន់ហាប នឹង១ម៉ឺនជី ប្រាក់១ម៉ឺនហាប លង្ហិន១ម៉ឺន៨ពាន់ហាប នឹងដែក១សែនហាប ហើយអ្នកណាដែលមានត្បូង នោះក៏ថ្វាយទៅក្នុងឃ្លាំងព្រះវិហារនៃព្រះយេហូវ៉ា ក្រោមអំណាចយេហ៊ីអែល ជាពួកគើសុន នោះបណ្តាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ពីព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយស្តេចដាវីឌទ្រង់ក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។ ហេតុនោះ ដាវីឌទ្រង់ក៏បង្គំទូលដល់ព្រះយេហូវ៉ា នៅចំពោះពួកជំនុំទាំងអស់គ្នាថា ឱព្រះយេហូវ៉ា ជាព្រះនៃអ៊ីស្រាអែល ឰយុកោយើងរាល់គ្នាអើយ សូមឲ្យទ្រង់បានព្រះពរនៅអស់កល្បជានិច្ច ឱព្រះយេហូវ៉ាអើយ ភាពដ៏ធំ នឹងព្រះចេស្តា សិរីល្អ ជ័យជំនះ នឹងតេជានុភាព នោះសុទ្ធតែជារបស់ផងទ្រង់ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ នឹងនៅផែនដី ជារបស់ផងទ្រង់ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ផងទ្រង់ដែរ ហើយទ្រង់បានដំកើងឡើង ជាប្រធានលើទាំងអស់ ទ្រព្យសម្បត្តិនឹងកេរ្តិ៍ឈ្មោះក៏មកអំពីទ្រង់ ហើយគឺទ្រង់ដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តទ្រង់មានទាំងព្រះចេស្តា នឹងឥទ្ធិឫទ្ធិ ហើយទ្រង់មានអំណាចនឹងលើកជាធំ ហើយប្រោសឲ្យមានកំឡាំងដល់មនុស្សទាំងអស់ ដូច្នេះ ឱព្រះនៃយើងរាល់គ្នាអើយ យើងខ្ញុំអរព្រះគុណដល់ទ្រង់ ហើយក៏លើកសរសើរព្រះនាមទ្រង់ដ៏មានសិរីល្អ តែតើទូលបង្គំជាអ្វី ហើយរាស្ត្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះ ដោយស្ម័គ្រពីចិត្តបាន ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ ពីព្រោះយើងខ្ញុំរាល់គ្នាជាអ្នកដទៃសុទ្ធនៅចំពោះទ្រង់ ហើយជាពួកអ្នកដែលគ្រាន់តែស្នាក់នៅប៉ុណ្ណោះ ដូចជាពួកឰយុកោយើងខ្ញុំរាល់គ្នាដែរ វេលាអាយុយើងខ្ញុំរាល់គ្នានៅផែនដីនេះ នោះប្រៀបដូចជាស្រមោលទេ គ្មានអ្វីជាជាប់ស្ថិតស្ថេរបានឡើយ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ អស់ទាំងរបស់បរិបូរទាំងនេះ ដែលយើងខ្ញុំរាល់គ្នាបានត្រៀមទុក ដើម្បីនឹងស្អាងព្រះវិហារថ្វាយដល់ទ្រង់ សំរាប់ព្រះនាមបរិសុទ្ធទ្រង់ នោះសុទ្ធតែមកពីព្រះហស្តទ្រង់ទេ ហើយជារបស់ផងទ្រង់ទាំងអស់ដែរ ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺទ្រង់ដែលល្បងលចិត្ត ហើយទ្រង់សព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះឯង ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានសេចក្ដីអំណរ ដោយឃើញរាស្ត្ររបស់ទ្រង់ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ទ្រង់ ដោយស្ម័គ្រពីចិត្តដែរ ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ អ៊ីសាក នឹងអ៊ីស្រាអែល ជាឰយុកោយើងខ្ញុំរាល់គ្នាអើយ សូមទ្រង់រក្សាទុកគំនិតនេះ នៅក្នុងចិត្តរបស់ពួករាស្ត្រទ្រង់ ឲ្យគេបានគិតឃើញជារៀងរាបដរាបទៅ ហើយសូមទ្រង់តាំងចិត្តគេ ឲ្យនៅជាប់នឹងទ្រង់ ហើយសូមប្រទានឲ្យសាឡូម៉ូន ជាបុត្រទូលបង្គំ មានចិត្តស្មោះត្រង់ ដើម្បីឲ្យបានកាន់តាមអស់ទាំងក្រិត្យក្រម សេចក្ដីបន្ទាល់ នឹងបញ្ញត្តនៃទ្រង់ទាំងប៉ុន្មាន ព្រមទាំងប្រព្រឹត្តតាមសេចក្ដីទាំងនេះ ហើយស្អាងព្រះវិហារនេះដែលទូលបង្គំបានត្រៀមទុកឲ្យ។ ឯដាវីឌទ្រង់មានបន្ទូលដល់ពួកជំនុំទាំងអស់គ្នាថា ចូរអ្នករាល់គ្នាបង្គំទូលដល់ព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដូច្នេះ ពួកជំនុំទាំងអស់ក៏សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោគេបានព្រះពរ រួចគេឱនក្បាលថ្វាយបង្គំដល់ព្រះយេហូវ៉ា នឹងស្តេចផង ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា នឹងដង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ នឹងដង្វាយច្រួចនៃដង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរ សំរាប់ពួកអ៊ីស្រាអែលទាំងអស់ គេក៏បរិភោគនៅចំពោះព្រះយេហូវ៉ា ដោយសេចក្ដីអំណរជាខ្លាំងនៅថ្ងៃនោះឯង។ រួចគេតាំងសាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ឡើងម្តងនេះទៀត ឲ្យធ្វើជាស្តេច ក៏ចាក់ប្រេងញែកទ្រង់ចេញ ថ្វាយដល់ព្រះយេហូវ៉ា ទុកជាអ្នកគ្រប់គ្រង ហើយសាដុកផង ឲ្យធ្វើជាសង្ឃ