១ របាក្សត្រ 29:1-14

១ របាក្សត្រ 29:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «សាឡូម៉ូន ជា​បុត្រ​របស់​យើង​នេះ គឺ​ជា​បុត្រ​មួយ​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ នេះ​មិន​មែន​សម្រាប់​មនុស្ស គឺ​សម្រាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សម្រាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សម្រាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សម្រាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស និង​ត្បូង​សម្រាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ និង​ត្បូង​មាន​តម្លៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស និង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ខ្លួន​យើង សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សម្រាប់​ទី​បរិសុទ្ធ​នេះ គឺ​មាស​បី​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សម្រង់​ស្រាប់​ប្រាំពីរ​ពាន់​ហាប សម្រាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន ហើយ​មាស​សម្រាប់​ប្រដាប់​ធ្វើ​ពី​មាស និង​ប្រាក់​សម្រាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សម្រាប់​គ្រប់​ទាំង​ការ​ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ?»។ គ្រា​នោះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​មាស​ប្រាំ​ពាន់​ហាប និង​មួយ​ម៉ឺន​ដារីក ប្រាក់​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហាប និង​ដែក​មួយ​សែន​ហាប ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន នោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ព្រះបាទ​ដាវីឌ​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។ ព្រះបាទ​ដាវីឌ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ក្រុម​ជំនុំ​ទាំង​អស់​គ្នា​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រា‌អែល បុព្វបុរស​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ព្រះ‌ពរ​នៅ​អស់​កល្ប​ជា‌និច្ច។ ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ធំឧត្ដម និង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជម្នះ និង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ព្រះ‌អង្គ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ និង​នៅ​ផែនដី ជា​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ព្រះ‌អង្គ​ដែរ ហើយ​ព្រះ‌អង្គ​បាន​តម្កើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់។ ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ​ដ៏​មាន​សិរី‌ល្អ។ តើ​ទូល‌បង្គំ​ជា​អ្វី? ហើយ​ប្រជា‌រាស្ត្រ​របស់​ទូល‌បង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​ថ្វាយ​តង្វាយ​យ៉ាង​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន? ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ព្រះ‌អង្គ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ថ្វាយ​ដល់​ទ្រង់​វិញ។

១ របាក្សត្រ 29:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​អង្គ​ប្រជុំ​ទាំង​មូល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​សាឡូម៉ូន ជា​បុត្រ​របស់​ខ្ញុំ​តែ​ម្នាក់​គត់ ដែល​នៅ​ក្មេង​ខ្ចី។ រីឯ​ការ‌ងារ​ដែល​ត្រូវ​បំពេញ​ធំ‌ធេង​ណាស់ ដ្បិត​ព្រះ‌ដំណាក់​ដែល​យើង​សង់​នេះ មិន​មែន​សម្រាប់​មនុស្ស​ទេ គឺ​ថ្វាយ​ព្រះ‌ជា‌អម្ចាស់។ ខ្ញុំ​បាន​ខំ​ប្រឹង‌ប្រែង​អស់​ពី​កម្លាំង​កាយ ដើម្បី​ត្រៀម​សម្ភារៈ​សង់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​ប្រមូល​មាស​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​មាស ប្រាក់​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ប្រាក់ លង្ហិន​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​លង្ហិន ដែក​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ដែក ឈើ​សម្រាប់​ធ្វើ​គ្រឿង​ប្រដាប់​អំពី​ឈើ ព្រម​ទាំង​ត្បូង​មណី‌ជោតិរស ត្បូង​សម្រាប់​ដាំ​លំអ ត្បូង​ចម្រុះ​ពណ៌ ពេជ្រ​គ្រប់​ប្រភេទ និង​ថ្ម​កែវ​ដ៏​ច្រើន​ឥត​គណនា។ មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់ គឺ​ខ្ញុំ​ប្រគល់​មាស​ពី​ស្រុក​អូភារ ចំនួន​បី​ពាន់​ហាប និង​ប្រាក់​សុទ្ធ​ចំនួន​ប្រាំ‌ពីរ​ពាន់​ហាប សម្រាប់​ពាស​ជញ្ជាំង​អាគារ​ទាំង​ប៉ុន្មាន។ ថ្ងៃ​នេះ តើ​នរណា​ខ្លះ​ស្ម័គ្រ​ចិត្ត​ថ្វាយ​មាស ប្រាក់ ដល់​ព្រះ‌អម្ចាស់ ដើម្បី​ឲ្យ​ពួក​ជាង​ទង​យក​ទៅ​សិត​ធ្វើ​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន អំពី​មាស អំពី​ប្រាក់?»។ ពេល​នោះ មេ​ដឹក​នាំ​ក្រុម​គ្រួសារ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មេ​កង មេ​ក្រុម ព្រម​ទាំង​អ្នក​ដឹក​នាំ​ការ‌ងារ​របស់​ស្ដេច នាំ​គ្នា​ស្ម័គ្រ​ចិត្ត ថ្វាយ​ជា​តង្វាយ​សម្រាប់​ការ‌ងារ​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ គឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។ អស់​អ្នក​ដែល​មាន​ត្បូង​ពេជ្រ​ក៏​បាន​យក​ទៅ​ប្រគល់​ឲ្យ​លោក​យេហ៊ី‌អែល ជា​ពូជ‌ពង្ស​របស់​លោក​គើរ‌សុន ដើម្បី​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ជា​ខ្លាំង​ដែរ។ ព្រះ‌បាទ​ដាវីឌ​លើក​តម្កើង​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​ទាំង​មូល ស្ដេច​មាន​រាជា​ឱង្ការ​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​អ៊ីស្រា‌អែល ជា​បុព្វបុរស​របស់​យើង តាំង​ពី​អស់‌កល្ប​ជានិច្ច រហូត​ដល់​អស់‌កល្ប​ត​រៀង​ទៅ! ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។ ព្រះអង្គ​ជា​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ និង​សិរី‌រុងរឿង ហើយ​ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់។ ព្រះ‌ចេស្ដា និង​ឫទ្ធា‌នុភាព ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​អាច​ពង្រីក និង​ពង្រឹង​អ្វីៗ​ទាំង​អស់​ឲ្យ​បាន​រឹង‌មាំ។ បពិត្រ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ! ឥឡូវ​នេះ យើង​ខ្ញុំ​សូម​អរ​ព្រះ‌គុណ និង​កោត​សរសើរ​ព្រះ‌នាម​ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ តើ​ទូលបង្គំ​ជា​អ្វី? តើ​ប្រជា‌រាស្ត្រ​របស់​ទូលបង្គំ​ជា​អ្វី​ដែរ បាន​ជា​យើង​ខ្ញុំ​អាច​នាំ​តង្វាយ​ដោយ​ស្ម័គ្រ​ចិត្ត​បែប​នេះ មក​ថ្វាយ​ព្រះអង្គ? អ្វីៗ​ទាំង​អស់​ដែល​យើង​ខ្ញុំ​មាន សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ​ដែរ ហើយ​អ្វីៗ​ដែល​យើង​ខ្ញុំ​យក​មក​ថ្វាយ​ព្រះអង្គ ក៏​ជា​របស់​ដែល​ព្រះអង្គ​ប្រទាន​មក​យើង​ខ្ញុំ​ដែរ។

១ របាក្សត្រ 29:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លំដាប់​មក ស្តេច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ដល់​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា សាឡូម៉ូន ជា​បុត្រ​យើង​នេះ គឺ​ជា​បុត្រ​១​ដែល​ព្រះ​បាន​រើស​ទុក ទ្រង់​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ ហើយ​ការ​នេះ​ធំ​ណាស់ ដ្បិត​ព្រះ‌វិហារ​នេះ​មិន​មែន​សំរាប់​មនុស្ស គឺ​សំរាប់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​វិញ យើង​បាន​ត្រៀម​ការ​អស់​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង គឺ​ជា​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ លង្ហិន​សំរាប់​ប្រដាប់​ធ្វើ​ពី​លង្ហិន ដែក​សំរាប់​ប្រដាប់​ធ្វើ​ពី​ដែក ឈើ​សំរាប់​ប្រដាប់​ធ្វើ​ពី​ឈើ ថ្ម​អូនីក្ស នឹង​ត្បូង​សំរាប់​បញ្ចុះ ដែល​មាន​ពណ៌​ផ្សេងៗ នឹង​ត្បូង​មាន​ដំឡៃ​គ្រប់​មុខ ព្រម​ទាំង​ថ្ម​កែវ​ជា​បរិបូរ មួយ​ទៀត ដោយ​ព្រោះ​យើង​មាន​ចិត្ត​ស្រឡាញ់ ដល់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង បាន​ជា​យើង​ប្រគល់​មាស នឹង​ប្រាក់​ទាំង​ប៉ុន្មាន ដែល​ជា​របស់​ផង​ខ្លួន​យើង សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​យើង ក្រៅ​អំពី​របស់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ត្រៀម​ទុក សំរាប់​ទី​បរិសុទ្ធ​នេះ គឺ​មាស​៣​ពាន់​ហាប ជា​មាស​ស្រុក​អូភារ ប្រាក់​ដែល​សំរង​ស្រាប់​៧​ពាន់​ហាប សំរាប់​នឹង​ស្រោប​ជញ្ជាំង​មន្ទីរ​ទាំង​ប៉ុន្មាន ហើយ​មាស​សំរាប់​ប្រដាប់​ធ្វើ​ពី​មាស នឹង​ប្រាក់​សំរាប់​ប្រដាប់​ធ្វើ​ពី​ប្រាក់ ហើយ​សំរាប់​គ្រប់​ទាំង​ការ ដែល​ពួក​ជាង​មាន​ស្នាដៃ​នឹង​ធ្វើ ដូច្នេះ នៅ​ថ្ងៃ​នេះ តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដែរ​ឬ​ទេ។ គ្រា​នោះពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នឹង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត គេ​ថ្វាយ​សំរាប់​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប នឹង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប នឹង​ដែក​១​សែន​ហាប ហើយ​អ្នក​ណា​ដែល​មាន​ត្បូង នោះ​ក៏​ថ្វាយ​ទៅ​ក្នុង​ឃ្លាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក្រោម​អំណាច​យេហ៊ី‌អែល ជា​ពួក​គើសុន នោះ​បណ្តាជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ពី​ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ស្តេច​ដាវីឌ​ទ្រង់​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។ ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ​នៅ​អស់‌កល្ប​ជានិច្ច ឱ​ព្រះ‌យេហូវ៉ា​អើយ ភាព​ដ៏​ធំ នឹង​ព្រះ‌ចេស្តា សិរី‌ល្អ ជ័យ‌ជំនះ នឹង​តេជា‌នុភាព នោះ​សុទ្ធ​តែ​ជា​របស់​ផង​ទ្រង់ ដ្បិត​គ្រប់​ទាំង​អស់​ដែល​នៅ​លើ​មេឃ នឹង​នៅ​ផែនដី ជា​របស់​ផង​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ រាជ្យ​នេះ​ក៏​ជា​របស់​ផង​ទ្រង់​ដែរ ហើយ​ទ្រង់​បាន​ដំកើង​ឡើង ជា​ប្រធាន​លើ​ទាំង​អស់ ទ្រព្យ​សម្បត្តិនឹង​កេរ្តិ៍​ឈ្មោះ​ក៏​មក​អំពី​ទ្រង់ ហើយ​គឺ​ទ្រង់​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​ទ្រង់​មាន​ទាំង​ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ហើយ​ទ្រង់​មាន​អំណាច​នឹង​លើក​ជា​ធំ ហើយ​ប្រោស​ឲ្យ​មាន​កំឡាំង​ដល់​មនុស្ស​ទាំង​អស់ ដូច្នេះ ឱ​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ យើង​ខ្ញុំ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​ក៏​លើក​សរសើរ​ព្រះ‌នាម​ទ្រង់​ដ៏​មាន​សិរី‌ល្អ តែ​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ