១ របាក្សត្រ 28:1-10
១ របាក្សត្រ 28:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គ្រានោះ ព្រះបាទដាវីឌប្រមូលពួកអ្នកដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃកុលសម្ព័ន្ធទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជ្យទ្រព្យរបស់ស្តេច និងពួកបុត្រាទ្រង់ទាំងប៉ុន្មាន និងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម រួចព្រះបាទដាវីឌក្រោកឈរឡើង មានរាជឱង្ការថា៖ «ឱបងប្អូន ជាប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ តែព្រះទ្រង់មានព្រះបន្ទូលមកយើងថា "ឯងមិនត្រូវស្អាងព្រះវិហារ សម្រាប់ឈ្មោះយើងឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចម្បាំងមក ហើយបានកម្ចាយឈាមផង"។ ប៉ុន្តែ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានរើសយើងចេញពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតព្រះអង្គបានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា ព្រះអង្គបានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង ព្រះអង្គបានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់ ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាបានប្រោស ឲ្យយើងបានបុត្រជាច្រើន) ព្រះអង្គបានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលមកយើងថា "សាឡូម៉ូន ជាកូនឯងនឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យយើង ដ្បិតយើងបានរើសគេ ឲ្យបានធ្វើជាកូនយើង ហើយយើងនឹងធ្វើជាឪពុកដល់គេ។ យើងនឹងតាំងរាជ្យឲ្យនៅជាប់ជានិច្ចទៅ គឺបើគេកាន់ខ្ជាប់តាមក្រឹត្យក្រម និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ដូចជាសព្វថ្ងៃនេះ"។ ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាក្រុមជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមត៌កដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។ ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ ឥឡូវនេះ ចូរឯងប្រុងប្រយ័ត្ន ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកម្លាំងឡើង ហើយធ្វើសម្រេចចុះ»។
១ របាក្សត្រ 28:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌបានកោះហៅមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល មេដឹកនាំកុលសម្ព័ន្ធ មេបញ្ជាការកងពលនានាដែលបម្រើស្ដេច មេកង មេក្រុម អស់អ្នកដែលគ្រប់គ្រងលើរាជ្យទ្រព្យ និងហ្វូងសត្វរបស់ស្ដេច ព្រមទាំងពួករាជបុត្រ ពួកមហាតលិក ពួកវីរជន និងពួកអ្នកមុខអ្នកការទាំងអស់ ឲ្យមកជួបជុំគ្នានៅក្រុងយេរូសាឡឹម។ ព្រះបាទដាវីឌក្រោកឈរឡើង រួចមានរាជឱង្ការទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយជាកំណល់ព្រះបាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះដំណាក់នេះ ប៉ុន្តែ ព្រះជាម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “អ្នកធ្វើសង្គ្រាម ហើយបង្ហូរឈាមច្រើនណាស់។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមយើងទេ”។ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល បានជ្រើសរើសខ្ញុំពីក្នុងចំណោមក្រុមគ្រួសាររបស់ខ្ញុំទាំងមូល ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែលរហូតតទៅ។ ព្រះអង្គបានជ្រើសរើសកុលសម្ព័ន្ធយូដា ឲ្យធ្វើជាអ្នកនាំមុខគេ ក្នុងកុលសម្ព័ន្ធយូដា ព្រះអង្គជ្រើសរើសគ្រួសារឪពុករបស់ខ្ញុំ ហើយក្នុងចំណោមកូនរបស់ឪពុកខ្ញុំ ព្រះអង្គសព្វព្រះហឫទ័យលើកខ្ញុំឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល។ ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ព្រះអង្គជ្រើសរើសសាឡូម៉ូនឲ្យគ្រងរាជ្យលើអ៊ីស្រាអែល ជាអាណាចក្ររបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សាឡូម៉ូន ជាបុត្ររបស់អ្នក នឹងសង់ដំណាក់ ព្រមទាំងទីលានរបស់យើង ដ្បិតយើងជ្រើសរើសគេធ្វើជាកូនរបស់យើង ហើយយើងនឹងធ្វើជាឪពុករបស់គេ។ ប្រសិនបើគេគោរព ហើយប្រតិបត្តិតាមបទបញ្ជា និងវិន័យរបស់យើងយ៉ាងខ្ជាប់ខ្ជួនដូចសព្វថ្ងៃ យើងនឹងធ្វើឲ្យរាជ្យរបស់គេនៅស្ថិតស្ថេរអស់កល្បជានិច្ច”។ ឥឡូវនេះ នៅចំពោះមុខជនជាតិអ៊ីស្រាអែលទាំងមូល ដែលជាក្រុមជំនុំរបស់ព្រះអម្ចាស់ ហើយនៅចំពោះព្រះភ័ក្ត្រព្រះនៃយើង ដែលទ្រង់ព្រះសណ្ដាប់អ្នករាល់គ្នា ចូរនាំគ្នាស្វែងយល់ និងប្រតិបត្តិតាមបទបញ្ជាទាំងអស់របស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នានៅតែកាន់កាប់ស្រុកដ៏ល្អនេះ ព្រមទាំងរក្សាទុកជាមត៌កឲ្យកូនចៅរបស់អ្នករាល់គ្នារហូតតទៅ។ រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។ ឥឡូវនេះ ចូរពិចារណាចុះ ព្រះអម្ចាស់សព្វព្រះហឫទ័យជ្រើសរើសបុត្រឲ្យសង់ព្រះដំណាក់ ទុកជាទីសក្ការៈ។ ដូច្នេះ ចូរមានចិត្តក្លាហាន ហើយបំពេញការងារចុះ!»។
១ របាក្សត្រ 28:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ ដាវីឌទ្រង់ប្រមូលពួកអ្នក ដែលជាប្រធានក្នុងសាសន៍អ៊ីស្រាអែល ពួកចៅហ្វាយនៃពូជអំបូរទាំងប៉ុន្មាន ពួកនាយដែលត្រួតលើពួកអ្នកផ្គត់ផ្គង់ស្បៀងថ្វាយស្តេចតាមវេន ពួកមេទ័ពធំតូច ពួកអ្នកដែលត្រួតលើព្រះរាជទ្រព្យរបស់ស្តេច នឹងពួកបុត្រាទ្រង់ទាំងប៉ុន្មាន នឹងពួកឧកញ៉ា គឺជាពួកខ្លាំងពូកែ មានចិត្តក្លាហានទាំងអស់មកប្រជុំគ្នានៅក្រុងយេរូសាឡិម រួចស្តេចដាវីឌទ្រង់ក្រោកឈរឡើងមានព្រះបន្ទូលថា ឱបងប្អូន ជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សំរាប់ឲ្យហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាបានសំរាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសំរាប់ការស្អាងនោះដែរ តែព្រះទ្រង់មានបន្ទូលមកយើងថា ឯងមិនត្រូវស្អាងព្រះវិហារ សំរាប់ឈ្មោះអញឡើយ ដ្បិតឯងជាមនុស្សធ្លាប់ធ្វើចំបាំងមក ហើយបានកំចាយឈាមផង ប៉ុន្តែព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានរើសយើងចេញ ពីពួកវង្សរបស់បិតាយើងទាំងប៉ុន្មាន ឲ្យបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលជាដរាបទៅ ដ្បិតទ្រង់បានរើសពួកយូដាទុកជាមេ ហើយក្នុងពួកវង្សយូដា នោះទ្រង់បានរើសយកវង្សរបស់បិតាយើង ហើយក្នុងពួកបុត្ររបស់បិតាយើង នោះទ្រង់បានសព្វព្រះហឫទ័យនឹងយើង ដើម្បីលើកឡើងជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងអស់ ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាទ្រង់បានប្រោស ឲ្យយើងបានបុត្រជាច្រើន) នោះទ្រង់បានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល ទ្រង់បានមានបន្ទូលមកយើងថា សាឡូម៉ូន ជាកូនឯង នឹងស្អាងព្រះវិហារ ព្រមទាំងទីលានឲ្យអញ ដ្បិតអញបានរើសវា ឲ្យបានធ្វើជាកូនអញ ហើយអញនឹងធ្វើជាឪពុកដល់វា អញនឹងតាំងរាជ្យវា ឲ្យនៅជាប់ជានិច្ចទៅ គឺបើវាកាន់ខ្ជាប់តាមក្រិត្យក្រម នឹងបញ្ញត្តទាំងប៉ុន្មានរបស់អញ ដូចជាសព្វថ្ងៃនេះ ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអំបាលម៉ាន ជាពួកជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រិត្យក្រមនៃព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរ្តិ៍អាករនៃអ្នករាល់គ្នា ហើយទុកជាមរដកដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។ ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ ឥឡូវនេះ ចូរឯងប្រុងប្រយ័ត ដ្បិតព្រះយេហូវ៉ាបានរើសឯង ឲ្យបានស្អាងព្រះវិហារ ទុកជាទីបរិសុទ្ធ ដូច្នេះ ចូរឯងមានកំឡាំងឡើង ហើយធ្វើសំរេចចុះ។