១ របាក្សត្រ 26:1-32
១ របាក្សត្រ 26:1-32 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯផ្នែករបស់ពួកឆ្មាំទ្វារ គឺក្នុងពួកកូនចៅកូរេ មានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ ហើយកូនរបស់មសេលេមា គឺសាការី ជាកូនច្បង យេឌីអែល ជាកូនទីពីរ សេបាឌាទីបី យ៉ាតនាលទីបួន អេឡាំទីប្រាំ យ៉ូហាណានទីប្រាំមួយ និងអេលីយ៉ូណាយទីប្រាំពីរ។ ឯកូនរបស់អូបិឌ-អេដុម គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាកូនទីពីរ យ៉ូអាទីបី សាកើរទីបួន នេថានេលទីប្រាំ អាំមាលទីប្រាំមួយ អ៊ីសាខារទីប្រាំពីរ និងពេអ៊ូលថាយទីប្រាំបី ដ្បិតព្រះបានប្រទានពរដល់លោក។ សេម៉ាយ៉ា ជាកូនរបស់អូបិឌ-អេដុម ក៏មានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន។ ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ និងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ និងសេម៉ាគា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដុម ពួកគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកម្លាំងជំនាញក្នុងការងារ មានហុកសិបពីរនាក់ ដែលកើតពីអូបិឌ-អេដុម។ ឯមសេលេមា គាត់មានកូន និងបងប្អូនដប់ប្រាំបីនាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង ក៏ឪពុកបានតាំងឲ្យធ្វើជាមេដែរ)។ ហ៊ីលគីយ៉ា ជាកូនទីពីរ ថេបាលយ៉ាទីបី សាការីទីបួន ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់មានដប់បីនាក់។ ក្នុងចំណោមអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារមានវេនតគ្នា ព្រមទាំងពួកមេ ដែលមានការងារ ដូចជាបងប្អូនគេដែរ ដើម្បីរក្សាក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។ គេចាប់ឆ្នោតទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានទ្វារនីមួយៗ។ ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវនៅទ្វារខាងជើង។ ឯឆ្នោតរបស់អូបិឌ-អេដុម ត្រូវនៅទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង។ ឆ្នោតរបស់ស៊ូភីម និងហូសា ត្រូវនៅទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ផ្លូវដែលឡើង ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា។ ឯខាងកើត មានពួកលេវីប្រាំមួយនាក់រាល់ថ្ងៃ ខាងជើងមានបួននាក់រាល់ថ្ងៃ ខាងត្បូងមានបួននាក់រាល់ថ្ងៃ ហើយនៅយាមឃ្លាំងមានពីរក្រុម គឺមួយក្រុមពីរនាក់។ ឯទីលានខាងលិច មានបួននាក់យាមនៅតាមផ្លូវ ហើយពីរនាក់យាមនៅត្រង់ទីលាននោះ។ នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងចំណោមកូនចៅកូរេ និងកូនចៅម្រ៉ារី។ ក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់ និងឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន។ កូនចៅរបស់ឡាអាដាន ជាពួកគើសុន ពួកគេជាមេលើវង្សរបស់ឪពុកគេរៀងខ្លួន កូនចៅឡាអាដាននៃពួកគើសុន មានដូចជា យីអែលី។ ឯកូនរបស់យីអែលី គឺសេថាម និងយ៉ូអែលជាប្អូន គេត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះយេហូវ៉ា។ ក្នុងចំណោមពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន និងពួកអ៊ូស៊ាល ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនរបស់លោកម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យសម្បត្តិទាំងអស់។ ឯបងប្អូនគាត់ដែលកើតពីអេលាស៊ើរ គឺរេហាបយ៉ា ដែលបង្កើតយេសាយ៉ា យេសាយ៉ាបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតសីកគ្រី សីកគ្រីបង្កើតសឡូមិត។ គឺសឡូមិតនេះ និងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលព្រះបាទដាវីឌ ព្រមទាំងមេលើពួកវង្សានុវង្ស មេលើទាហានមួយពាន់នាក់ មេលើមួយរយនាក់ និងពួកមេទ័ពធំបានថ្វាយ។ គឺជារបស់ដែលគេចាប់យកបានក្នុងចម្បាំង សម្រាប់នឹងជួសជុលព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក៏ជារបស់សាំយូអែល ជាហោរារបស់សូល ជាបុត្រគីស របស់អ័ប៊ីនើរ ជាកូននើរ និងរបស់យ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ។ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ សុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត និងបងប្អូនគាត់ទាំងអស់។ ក្នុងចំណោមកូនចៅពួកយីតសារ មានកេណានា និងកូនចៅគាត់ ជាអ្នកមើលការខុសត្រូវខាងក្រៅ ត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា។ ក្នុងពួកហេប្រុន មានហាសាបយ៉ា និងបងប្អូនគាត់ ដែលសុទ្ធជាមនុស្សក្លាហាន ចំនួនមួយពាន់ប្រាំពីររយនាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិច សម្រាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា និងសម្រាប់ការខាងស្តេចផង។ ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុន នៅគ្រប់តំណនៃវង្សរបស់ឪពុកគេ (នៅឆ្នាំទីសែសិបក្នុងរាជ្យដាវីឌ គេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត)។ ឯបងប្អូនយេរីយ៉ា ដែលសុទ្ធជាមនុស្សក្លាហាន មានចំនួនពីរពាន់ប្រាំពីររយនាក់ ជាមេលើវង្សឪពុកគេ ជាអ្នកដែលព្រះបាទដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង សម្រាប់គ្រប់ការរបស់ព្រះ និងការរបស់ស្តេចទាំងប៉ុន្មានផង។
១ របាក្សត្រ 26:1-32 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ: ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។ កូនរបស់លោកមសេលេមាគឺលោកសាការី ជាកូនច្បង លោកយេឌីអែលជាកូនបន្ទាប់ លោកសេបាឌាជាកូនទីបី លោកយ៉ាតនាលជាកូនទីបួន លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណានជាកូនទីប្រាំមួយ និងលោកអេលីយ៉ូណៃជាកូនទីប្រាំពីរ។ កូនរបស់លោកអូបេឌអេដុម មានលោកសេម៉ាយ៉ា ជាកូនច្បង លោកយ៉ូសាបាឌជាកូនបន្ទាប់ លោកយ៉ូអាជាកូនទីបី លោកសាកើរជាកូនទីបួន លោកនេថានេលជាកូនទីប្រាំ លោកអាំមាលជាកូនទីប្រាំមួយ លោកអ៊ីសាខារជាកូនទីប្រាំពីរ លោកពេអ៊ូលថាយជាកូនទីប្រាំបី ដ្បិតព្រះជាម្ចាស់ប្រទានពរដល់លោក។ លោកសេម៉ាយ៉ា ជាកូនរបស់លោកអូបេដអេដុម បង្កើតបានកូនប្រុសៗ ដែលមានសិទ្ធិគ្រប់គ្រងលើក្រុមគ្រួសាររបស់ពួកគេ ដ្បិតពួកគេជាវីរបុរសដ៏អង់អាច។ កូនរបស់លោកសេម៉ាយ៉ាមាន លោកអូតនី លោករេផែល លោកអូបេដ លោកអែល សាបាដ ព្រមទាំងបងប្អូនរបស់គាត់ គឺ លោកអេលីហ៊ូវ និងលោកសេម៉ាគា ដែលជាមនុស្សដ៏អង់អាច។ អ្នកទាំងនេះជាកូនចៅរបស់លោកអូបេដអេដុម។ ខ្លួនគេផ្ទាល់ និងកូនចៅ ព្រមទាំងបងប្អូនរបស់គេ ជាមនុស្សអង់អាច ព្រោះពួកគេសុទ្ធតែយកចិត្តទុកដាក់បំពេញមុខងារ។ កូនចៅរបស់លោកអូបេដអេដុមមានចំនួនទាំងអស់ ៦២នាក់។ លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។ រីឯកូនរបស់លោកហូសា ដែលជាពូជពង្សរបស់លោកម៉្រារី មាន: លោកស៊ីមរីជាមេក្រុមគ្រួសារ គាត់មិនមែនជាកូនច្បងទេ តែឪពុកគាត់បានលើកគាត់ឲ្យធ្វើជាមេក្រុមគ្រួសារ លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣នាក់។ ពួកឆ្មាំទ្វារបែងចែកជាក្រុមៗ ហើយទាំងមេដឹកនាំ ទាំងឆ្មាំទ្វារឯទៀតៗជាបងប្អូនរបស់គេ មានមុខងារយាមព្រះដំណាក់របស់ព្រះអម្ចាស់។ ពួកគេចាប់ឆ្នោតដើម្បីចែកគ្នាយាមទ្វារ តាមក្រុមគ្រួសាររបស់ខ្លួន ទាំងក្មេង ទាំងចាស់។ ការចាប់ឆ្នោតត្រូវលើលោកសេលេមា ជាអ្នកយាមទ្វារប៉ែកខាងកើត។ បន្ទាប់មក គេចាប់ឆ្នោតត្រូវលើលោកសាការី ជាកូនរបស់គាត់ ដែលជាទីប្រឹក្សាមួយរូបដ៏ចំណាន។ លោកសាការីត្រូវយាមទ្វារប៉ែកខាងជើង។ លោកអូបេដអេដុមត្រូវយាមទ្វារប៉ែកខាងត្បូង ហើយកូនៗរបស់គាត់ត្រូវយាមឃ្លាំង។ រីឯលោកស៊ូភីម និងហូសា ត្រូវយាមទ្វារប៉ែកខាងលិច និងទ្វារសាលេគែត នៅត្រង់ផ្លូវឡើងទៅលើ។ ក្រុមអ្នកយាមចែកវេនគ្នាដូចតទៅ: នៅទ្វារប៉ែកខាងកើត មានពួកលេវីប្រចាំការប្រាំមួយនាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងជើង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ទ្វារទិសខាងត្បូង មានពួកលេវីបួននាក់ក្នុងមួយថ្ងៃ ហើយបួននាក់ទៀតយាមឃ្លាំង ដោយចែកគ្នាជាពីរក្រុម។ រីឯប៉ែកខាងបន្ទប់អម ដែលស្ថិតនៅទិសខាងលិច មានបួននាក់យាមនៅតាមផ្លូវ និងពីរនាក់ទៀតយាមនៅមាត់ទ្វារបន្ទប់អមនោះ។ អ្នកទាំងនេះជាក្រុមឆ្មាំទ្វារ ដែលជ្រើសរើសពីចំណោមកូនចៅលោកកូរេ និងកូនចៅលោកម៉្រារី។ ពួកលេវីមួយចំនួនទៀត មានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះជាម្ចាស់ និងលើវត្ថុដ៏សក្ការៈទាំងប៉ុន្មាន ដែលគេយកមកថ្វាយព្រះអង្គ។ ក្នុងចំណោមកូនចៅលោកឡាអាដាននៃអំបូរគើរសុន មេក្រុមគ្រួសាររបស់គេមានរាយនាមដូចតទៅ: លោកយីអែលី ព្រមទាំងកូនរបស់គាត់ គឺលោកសេថាម និងលោកយ៉ូអែល ជាប្អូន។ ពួកគេមានភារកិច្ចមើលខុសត្រូវលើទ្រព្យសម្បត្តិនៃព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯក្នុងចំណោមកូនចៅលោកអាំរ៉ាម កូនចៅលោកយីតសារ កូនចៅលោកហេប្រូន និងកូនចៅលោកអ៊ូស៊ាល មានលោកសេបួល ជាពូជពង្សរបស់លោកគើរសុន កូនរបស់លោកម៉ូសេ ជាអភិរក្សលើទ្រព្យសម្បត្តិទាំងនោះ។ រីឯក្រុមញាតិរបស់គាត់ ដែលជាកូនចៅរបស់លោកអេលាស៊ើរ មានលោករេហាបយ៉ា ដែលជាឪពុករបស់លោកយេសាយ៉ា ជាឪពុករបស់លោកយ៉ូរ៉ាម ជាឪពុករបស់លោកស៊ីកគ្រី ជាឪពុករបស់លោកសឡូមីត។ លោកសឡូមិត និងបងប្អូនរបស់គាត់ មានភារកិច្ចមើលខុសត្រូវលើវត្ថុសក្ការៈទាំងប៉ុន្មាន ដែលព្រះបាទដាវីឌ ព្រមទាំងមេក្រុមគ្រួសារ មេកង មេក្រុម និងមេទ័ពយកមកថ្វាយព្រះជាម្ចាស់។ វត្ថុទាំងនោះសុទ្ធសឹងជាជយភណ្ឌ ហើយគេញែកថ្វាយព្រះអម្ចាស់ សម្រាប់ជួសជុលព្រះដំណាក់របស់ព្រះអង្គ។ វត្ថុទាំងប៉ុន្មានដែលលោកសាំយូអែល ជាគ្រូទាយរបស់ព្រះបាទសូល ជាបុត្ររបស់លោកគីស លោកអប៊ីនើរ ជាកូនរបស់លោកនើរ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា ព្រមទាំងអ្នកឯទៀតៗបានថ្វាយព្រះអម្ចាស់ សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកសឡូមីត និងបងប្អូនរបស់គាត់។ ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។ ក្នុងចំណោមកូនចៅលោកហេប្រូន លោកហាសាបយ៉ា និងបងប្អូនរបស់គាត់ ដែលសុទ្ធតែជាមនុស្សអង់អាច ចំនួន១ ៧០០នាក់ មានភារកិច្ចត្រួតពិនិត្យដែនដីអ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ ហើយបំពេញកិច្ចការទាំងប៉ុន្មានថ្វាយព្រះអម្ចាស់ និងថ្វាយស្ដេច។ នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។ ព្រះបាទដាវីឌបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារ ឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្ដេច។
១ របាក្សត្រ 26:1-32 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯផ្នែករបស់ពួកឆ្មាំទ្វារ នោះក្នុងពួកកូរេមានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ ហើយមសេលេមាមានកូន គឺសាការី ជាកូនច្បង យេឌីអែល ជាទី២ សេបាឌា ទី៣ យ៉ាតនាល ទី៤ អេឡាំ ទី៥ យ៉ូហាណាន ទី៦ នឹងអេលីយ៉ូន៉ាយ ទី៧ ឯអូបិឌ-អេដំមក៏មានកូន គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាទី២ យ៉ូអា ទី៣ សាកើរ ទី៤ នេថានេល ទី៥ អាំមាល ទី៦ អ៊ីសាខារ ទី៧ នឹងពេអ៊ូលថាយ ទី៨ ដ្បិតព្រះបានប្រទានពរដល់លោក ហើយសេម៉ាយ៉ា ជាកូនលោក ក៏បានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ នឹងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ នឹងសេម៉ាគា នោះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដំមដែលខ្លួនគេ កូនចៅ នឹងបងប្អូនគេ សុទ្ធតែជាមនុស្សមានកំឡាំងជំនាញក្នុងការងារ មាន៦២នាក់ ដែលកើតពីអូបិឌ-អេដំម ឯមសេលេមា គាត់មានកូន នឹងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង គង់តែឪពុកបានតាំងឡើងឲ្យធ្វើជាមេដែរ) ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការី ទី៤ ឯកូនចៅ នឹងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។ ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនិមួយៗ ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង ឆ្នោតរបស់ស៊ូភីម នឹងហូសា នោះត្រូវត្រង់ទ្វារខាងលិច នឹងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា ឯខាងកើត មានពួកលេវី៦នាក់ ខាងជើងមាន៤នាក់រាល់តែថ្ងៃ ខាងត្បូងមាន៤នាក់រាល់តែថ្ងៃ ហើយខាងឃ្លាំងមាន៤នាក់ ត្រង់ទ្វារប៉ារបើរខាងលិច មាន៤នាក់ចាំនៅត្រង់ថ្នល់ ហើយ២នាក់នៅត្រង់ទ្វារប៉ារបើរនោះ នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងពួកកូនចៅកូរេ នឹងពួកកូនចៅម្រ៉ារី។ ហើយក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះ ហើយលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ចំណែកឯកូនចៅរបស់ឡាអាដាន គឺជាកូនចៅនៃពួកគើសុន ដែលកើតដោយសារឡាអាដាន ជាពួកមេលើវង្សរបស់ឪពុកគេរៀងខ្លួន ដែលត្រូវខាងឡាអាដាន ជាពួកគើសុន នោះមានយីអែលី ឯកូនរបស់យីអែលី គឺសេថាម នឹងយ៉ូអែល ជាប្អូនគេ បានត្រួតលើទ្រព្យវិសេសនៃព្រះវិហាររបស់ព្រះយេហូវ៉ា ហើយក្នុងពួកអាំរ៉ាម ពួកយីតសារ ពួកហេប្រុន នឹងពួកអ៊ូស៊ាល ព្រមទាំងសេបួល ជាកូនគើសុន ដែលជាកូនម៉ូសេ នោះសុទ្ធតែជាអ្នកត្រួតលើទ្រព្យវិសេសទាំងអស់ ឯបងប្អូនគាត់ដែលកើតដោយសារអេលាស៊ើរ នោះគឺរេហាបយ៉ា ដែលបង្កើតយេសាយ៉ាៗបង្កើតយ៉ូរ៉ាម យ៉ូរ៉ាមបង្កើតសីកគ្រីៗបង្កើតសឡូមិត គឺសឡូមិតនេះ នឹងបងប្អូនគាត់ ជាអ្នកត្រួតលើឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន ជារបស់ដែលស្តេចដាវីឌ អស់ទាំងមេលើពួកវង្សានុវង្ស ពួកមេលើទាហាន១ពាន់នាក់ នឹងលើ១០០នាក់ ហើយពួកមេទ័ពធំបានថ្វាយ គឺជារបស់គេថ្វាយ ពីរបឹបដែលចាប់យកបានក្នុងចំបាំង សំរាប់នឹងជួសជុលព្រះវិហារនៃព្រះយេហូវ៉ា ហើយរបស់ទាំងប៉ុន្មាន ដែលសាំយូអែល ជាអ្នកមើលឆុត សូល ជាបុត្រគីស អ័ប៊ីនើរ ជាកូននើរ នឹងយ៉ូអាប់ ជាកូនសេរូយ៉ា បានថ្វាយដែរ របស់អ្វីដែលអ្នកណាបានថ្វាយក៏ដោយ នោះសុទ្ធតែនៅក្រោមអំណាចរបស់សឡូមិត នឹងបងប្អូនគាត់ទាំងអស់។ ខាងឯពួកយីតសារ នោះកេណានា នឹងកូនចៅគាត់ ជាអ្នកសំរាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម នឹងសុភា ក្នុងពួកហេប្រុនមានហាសាបយ៉ា នឹងបងប្អូនគាត់ ដែលសុទ្ធតែជាមនុស្សក្លាហាន ចំនួន១៧០០នាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិច សំរាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា នឹងសំរាប់ការខាងស្តេចផង ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុននោះ តាមអស់ទាំងដំណនៃវង្សរបស់ឪពុកគេ នៅឆ្នាំទី៤០ក្នុងរាជ្យដាវីឌ នោះគេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត ឯបងប្អូនយេរីយ៉ា ដែលសុទ្ធតែជាមនុស្សក្លាហាន នោះមានចំនួន២៧០០នាក់ជាមេលើវង្សឪពុកគេ ជាអ្នកដែលស្តេចដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ខាងឯគ្រប់ការរបស់ព្រះ នឹងការរបស់ស្តេចទាំងប៉ុន្មានផង។