១ របាក្សត្រ 23:1-27
១ របាក្សត្រ 23:1-27 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលព្រះបាទដាវីឌមានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ ទ្រង់តាំងសាឡូម៉ូនជាបុត្រា ឡើងជាស្តេចលើពួកអ៊ីស្រាអែល។ ទ្រង់បានប្រមូលពួកអ្នកកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ និងពួកលេវីមក។ ឯពួកលេវីរាប់ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួនបីម៉ឺនប្រាំបីពាន់នាក់។ ក្នុងពួកនោះ មានពីរម៉ឺនបួនពាន់នាក់ ដែលត្រូវត្រួតត្រាកិច្ចការក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ហើយមានប្រាំមួយពាន់នាក់ ដែលជាចៅក្រម និងសុភា មានបួនពាន់នាក់ ជាអ្នកឆ្មាំទ្វារ បួនពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសម្រាប់ការច្រៀងសរសើរ។ រួចព្រះបាទដាវីឌញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ កូនរបស់គើសុន មានឡាអាដាន និងស៊ីម៉ាយ។ កូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម និងយ៉ូអែល ទាំងអស់បីនាក់។ ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល និងហារ៉ាន ទាំងអស់បីនាក់ នេះហើយជាមេក្នុងពួកវង្សខាងឡាអាដាន។ ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស និងបេរាអ្នកទាំងបួននេះ ជាកូនស៊ីម៉ាយ ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស និងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែមួយ។ ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ទាំងអស់បួននាក់។ ឯកូនរបស់អាំរ៉ាម គឺលោកអើរ៉ុន និងលោកម៉ូសេ ហើយលោកអើរ៉ុន និងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជារៀងរហូត ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយព្រះអង្គ ហើយសរសើរតម្កើងដល់ព្រះនាមព្រះអង្គតទៅ។ តែកូនរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ នោះបានរាប់បញ្ចូលក្នុងកុលសម្ព័ន្ធលេវី។ ឯកូនរបស់លោកម៉ូសេ គឺគើសុន និងអេលាស៊ើរ ឯកូនរបស់គើសុន គឺសេបួល ជាមេ កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់។ ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារាជាអ្នកទីពីរ យ៉ាហាសៀលទីបី និងយេកាមាមទីបួន។ ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ាជាទីពីរ។ ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី និងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ និងគីស ឯអេលាសារស្លាប់ទៅដោយឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេ ក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ។ ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ និងយេរេម៉ូត ទាំងអស់បីនាក់។ ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ។ ដ្បិតព្រះបាទដាវីឌបានមានរាជឱង្ការថា៖ «ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានប្រោសប្រទានឲ្យប្រជារាស្ត្រព្រះអង្គបានសេចក្ដីស្រាកស្រាន្ត ហើយព្រះអង្គនឹងគង់នៅក្រុងយេរូសាឡិមជារៀងរហូត។ ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សម្រាប់ការងារនៃរោងនោះទៀតឡើយ»។ ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ព្រះបាទដាវីឌ គេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ
១ របាក្សត្រ 23:1-27 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។ គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០នាក់។ ព្រះបាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ៦ ០០០នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។ ពួកគេ ៤ ០០០នាក់ ទៀតជាអ្នកយាមទ្វារព្រះដំណាក់ ៤ ០០០នាក់ ជាអ្នកចម្រៀងលើកតម្កើងព្រះអម្ចាស់ និងកាន់ឧបករណ៍ភ្លេងដែលស្ដេចបានធ្វើសម្រាប់ប្រគំកំដរ។ ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ កូនរបស់លោកគើរសុនមាន: ឡាអាដាន និងស៊ីម៉ៃ។ កូនរបស់លោកឡាអាដានមានបីនាក់គឺ យេហ៊ីអែលជាមេដឹកនាំ សេថាម និងយ៉ូអែល។ កូនរបស់លោកស៊ីម៉ៃមានបីនាក់គឺ សឡូមីត ហាស៊ាល និងហារ៉ាន។ អ្នកទាំងនេះសុទ្ធតែជាមេលើក្រុមគ្រួសារឡាអាដាន។ លោកស៊ីម៉ៃមានកូនបួននាក់ទៀតគឺ យ៉ាហាត់ ស៊ីណា យេអ៊ូស និងបេរា។ លោកយ៉ាហាតជាមេដឹកនាំ ហើយលោកស៊ីណាជាមេដឹកនាំទីពីរ។ លោកយេអ៊ូស និងលោកបេរា គ្មានកូនប្រុសច្រើនទេ ដូច្នេះ ពួកគេក៏បញ្ចូលគ្នាជាក្រុមគ្រួសារតែមួយ។ កូនរបស់លោកកេហាត់មានបួននាក់គឺ អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាល។ កូនរបស់លោកអាំរ៉ាមមានលោកអើរ៉ុន និងលោកម៉ូសេ។ គេបានញែកលោកអើរ៉ុន និងកូនចៅរបស់លោក ដើម្បីបម្រើការក្នុងទីសក្ការៈវិសុទ្ធបំផុត រហូតតទៅ ព្រមទាំងថ្វាយគ្រឿងក្រអូបចំពោះព្រះអម្ចាស់ បម្រើការងាររបស់ព្រះអង្គ និងជូនពរប្រជាជនក្នុងនាមព្រះអង្គ រហូតតរៀងទៅ។ រីឯលោកម៉ូសេវិញ លោកជាអ្នកជំនិតរបស់ព្រះជាម្ចាស់ គេរាប់បញ្ចូលកូនៗរបស់លោកក្នុងចំណោមពួកលេវីឯទៀតៗដែរ។ កូនរបស់លោកម៉ូសេគឺ គើរសុន និងលោកអេលាស៊ើរ។ កូនរបស់លោកគើរសុនមាន លោកសេបួល ដែលជាមេដឹកនាំ។ លោកអេលាស៊ើរមានកូនប្រុសតែមួយ ឈ្មោះរេហាបយ៉ា គឺលោកគ្មានកូនផ្សេងទៀតទេ។ ប៉ុន្តែ លោករេហាបយ៉ាមានកូនជាច្រើន។ កូនរបស់លោកយីតសារមានលោកសឡូមីត ជាមេដឹកនាំ។ កូនរបស់លោកហេប្រូនមានលោកយេរីយ៉ា ជាមេដឹកនាំ លោកអម៉ារាជាមេដឹកនាំទីពីរ លោកយ៉ាហាសៀលជាមេដឹកនាំទីបី និងលោកយេកាមាមជាមេដឹកនាំទីបួន។ កូនរបស់លោកអ៊ូស៊ាលគឺ លោកមីកា ជាមេដឹកនាំ និងលោកយីសយ៉ា ជាមេដឹកនាំទីពីរ។ កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ កូនរបស់លោកម៉ាស់លីមាន អេឡាសារ និងលោកគីស។ លោកអេឡាសារទទួលមរណភាពទៅ ទាំងគ្មានកូនប្រុស គឺមានតែកូនស្រី។ កូនស្រីទាំងនោះបានរៀបការជាមួយកូនរបស់លោកគីស ដែលត្រូវជាបងប្អូនជីដូនមួយ។ កូនរបស់លោកមូស៊ីមានបីនាក់គឺ ម៉ាស់លី អេឌើរ និងយេរេម៉ូត។ អ្នកទាំងនោះសុទ្ធតែជាកូនចៅលេវី និងជាមេដឹកនាំលើក្រុមគ្រួសាររបស់គេរៀងៗខ្លួន ដែលមានចុះឈ្មោះក្នុងបញ្ជីជំរឿន។ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ពួកគេមានភារកិច្ចបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល បានប្រោសប្រទានសេចក្ដីសុខសាន្តដល់ប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះអង្គគង់នៅក្រុងយេរូសាឡឹមរហូតតទៅ។ ដូច្នេះ ពួកលេវីមិនចាំបាច់សែងព្រះពន្លា និងគ្រឿងបរិក្ខារទាំងប៉ុន្មាន ដែលសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លាទៀតឡើយ»។ គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ។
១ របាក្សត្រ 23:1-27 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯដាវីឌ កាលទ្រង់មានវ័យកន្លង បានស្កប់ស្កល់នឹងព្រះជន្មទ្រង់ហើយ នោះទ្រង់តាំងសាឡូម៉ូន ជាព្រះរាជបុត្រាឡើង ជាស្តេចលើពួកអ៊ីស្រាអែល ទ្រង់បានប្រមូលពួកអ្នក ដែលជាកំពូលលើសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ព្រមទាំងពួកសង្ឃ នឹងពួកលេវីមក ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់ ក្នុងពួកនោះ មាន២ម៉ឺន៤ពាន់នាក់ ដែលត្រូវត្រួតត្រាការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយមាន៦ពាន់នាក់ ដែលជាចៅក្រម នឹងសុភា មាន៤ពាន់នាក់ ជាអ្នកឆ្មាំទ្វារ ៤ពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសំរាប់ការច្រៀងសរសើរ រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។ ក្នុងពួកកូនរបស់គើសុន មានឡាអាដាន នឹងស៊ីម៉ាយ ឯកូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម នឹងយ៉ូអែល ទាំងអស់៣នាក់ ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល នឹងហារ៉ាន ទាំងអស់៣នាក់ នេះហើយជាមេ ក្នុងពួកវង្សខាងឡាអាដាន ឯកូនស៊ីម៉ាយ គឺយ៉ាហាត ស៊ីណា យេអ៊ូស នឹងបេរា អ្នកទាំង៤នេះ ជាកូនស៊ីម៉ាយ ហើយយ៉ាហាត ជាមេស៊ីណា ជាអ្នកបន្ទាប់ តែយេអ៊ូស នឹងបេរា គេមិនសូវមានកូនច្រើនទេ បានជាគេរាប់ទុកជាវង្សាតែ១វិញ។ ឯកូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន នឹងអ៊ូស៊ាល ទាំងអស់៤នាក់នេះ ឯកូនរបស់អាំរ៉ាម គឺអើរ៉ុន នឹងម៉ូសេ ហើយអើរ៉ុន នឹងកូនលោកទាំងប៉ុន្មានបានត្រូវញែកចេញ ទុកជាបរិសុទ្ធបំផុតជាដរាបទៅ ដើម្បីនឹងដុតគ្រឿងក្រអូប នៅចំពោះព្រះយេហូវ៉ា ព្រមទាំងធ្វើការងារថ្វាយទ្រង់ ហើយសរសើរដំកើងដល់ព្រះនាមទ្រង់ជាដរាបទៅ តែឯកូនរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ នោះបានរាប់បញ្ចូល ក្នុងពូជអំបូរលេវី ឯកូនរបស់ម៉ូសេ គឺគើសុន នឹងអេលាស៊ើរ ឯកូនរបស់គើសុន គឺសេបួល ជាមេ កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់ ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទី២ យ៉ាហាសៀលទី៣ នឹងយេកាមាមទី៤ ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ នឹងយីសយ៉ា ជាទី២។ ឯកូនរបស់ម្រ៉ារី គឺម៉ាស់លី នឹងមូស៊ី កូនរបស់ម៉ាស់លី គឺអេលាសារ នឹងគីស ឯអេលាសារគាត់ស្លាប់ទៅ ឥតមានកូនប្រុសទេ មានតែកូនស្រីៗ ហើយកូនចៅគីស ជាបងប្អូនគេក៏យកនាងទាំងនោះ ធ្វើជាប្រពន្ធ ឯកូនរបស់មូស៊ី គឺម៉ាស់លី អេឌើរ នឹងយេរេម៉ូត ទាំងអស់៣នាក់។ ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ដ្បិតដាវីឌទ្រង់បានមានបន្ទូលថា ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានប្រោសប្រទាន ឲ្យរាស្ត្រទ្រង់បានសេចក្ដីស្រាកស្រាន្ត ហើយទ្រង់នឹងគង់នៅក្រុងយេរូសាឡិម ជារៀងរាបដរាបទៅ ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ នឹងគ្រឿងប្រដាប់ សំរាប់ការងារនៃរោងនោះទៀតឡើយ ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ដាវីឌ នោះគេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ