១ របាក្សត្រ 22:7-13

១ របាក្សត្រ 22:7-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​សាឡូម៉ូន​ថា៖ «កូន​អើយ ក្នុង​ចិត្ត​យើង​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ហើយ តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​យើង​ថា "អ្នក​បាន​កម្ចាយ​ឈាម​ជា​ច្រើន ហើយ​មាន​ចម្បាំងច្រើន ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​ទេ ព្រោះ​បាន​កម្ចាយ​ឈាម​ជា​ច្រើន​នៅ​លើ​ផែនដី នៅ​ចំពោះ​យើង។ មើល៍ នឹង​មាន​កូន​ប្រុស​មួយ​កើត​ដល់​អ្នក កូន​នោះ​នឹង​បាន​ជា​មនុស្ស​សន្ដិភាព។ យើង​នឹង​ឲ្យ​កូន​នោះ​មាន​សន្ដិភាព ពី​អស់​ទាំង​ខ្មាំង​សត្រូវដែល​នៅ​ជុំ‌វិញ ដ្បិត​កូន​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ហើយ​នៅ​គ្រា​របស់​គេ យើង​នឹង​ប្រទានឲ្យ​អ៊ីស្រា‌អែលមាន​សន្ដិភាព និង​សុខ​សាន្ត​ត្រាណ។ កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ​សម្រាប់​ឈ្មោះ​យើង​វិញ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង យើង​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​គេ ហើយ​នឹង​តាំង​រាជ្យ​គេ​លើ​នគរ​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ"។ ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចម្រើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​ឯង​ហើយ។ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រទាន​ប្រាជ្ញា និង​យោបល់​ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។ យ៉ាង​នោះ ឯង​នឹង​បាន​ចម្រើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រា‌អែល ចូរ​ឲ្យ​ឯង​មាន​កម្លាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ។

១ របាក្សត្រ 22:7-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​សម្ដេច​សាឡូម៉ូន​ថា៖ «បុត្រ​អើយ! បិតា​មាន​បំណង​សង់​ព្រះ‌ដំណាក់​សម្រាប់​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បិតា។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​បិតា​ថា “អ្នក​បាន​បង្ហូរ​ឈាម​ច្រើន​ណាស់ ហើយ​អ្នក​ក៏​បាន​ធ្វើ​សង្គ្រាម​ដ៏​ធំៗ​ផង។ ដូច្នេះ អ្នក​មិន​ត្រូវ​សង់​ដំណាក់​សម្រាប់​នាម​របស់​យើង​ទេ ដ្បិត​អ្នក​បាន​បង្ហូរ​ឈាម​យ៉ាង​ច្រើន​លើ​ផែនដី នៅ​ចំពោះ​មុខ​យើង។ អ្នក​នឹង​បង្កើត​បុត្រ​មួយ​អង្គ ជា​មនុស្ស​ដែល​និយម​សុខ​សន្តិ‌ភាព ហើយ​យើង​នឹង​ផ្ដល់​សុខ​សន្តិ‌ភាព​ដល់​គេ ដោយ​មិន​ឲ្យ​ខ្មាំង​សត្រូវ​នៅ​ជុំ‌វិញ​មក​យាយី​ឡើយ។ បុត្រ​នោះ​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ដ្បិត​ក្រោម​រាជ្យ​របស់​គេ យើង​នឹង​ផ្ដល់​ឲ្យ​អ៊ីស្រា‌អែល​មាន​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ។ គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ត​ទៅ!”។ ឥឡូវ​នេះ សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បុត្រ ដើម្បី​ឲ្យ​បុត្រ​សង់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​ទុក​ពី​បុត្រ។ សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បុត្រ​ចេះ​គិត​ពិចារណា និង​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ពេល​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​បុត្រ​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល ដោយ​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុត្រ។ ប្រសិន​បើ​បុត្រ​កាន់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ វិន័យ និង​បទ‌បញ្ជា ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នោះ​បុត្រ​នឹង​បាន​ចម្រុង‌ចម្រើន​មិន​ខាន។ ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ!

១ របាក្សត្រ 22:7-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដាវីឌ​ក៏​មាន​បន្ទូល​នឹង​សាឡូម៉ូន​ថា កូន​អើយ ក្នុង​ចិត្ត​អញ​មាន​គំនិត​ចង់​ស្អាង​ព្រះ‌វិហារ ថ្វាយ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អញ​ហើយ តែ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​អញ​ថា ឯង​បាន​កំចាយ​ឈាម​ជា​ច្រើន ហើយ​បាន​ច្បាំង​ចំបាំង​យ៉ាង​ធំ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​ទេ ពី​ព្រោះ​បាន​កំចាយ​ឈាម​ជា​ច្រើន នៅ​លើ​ផែនដី នៅ​ចំពោះ​អញ មើល នឹង​មាន​កូន​ប្រុស​១​កើត​ដល់​ឯង កូន​នោះ​នឹង​បាន​ជា​មនុស្ស​ទំនេរ​នៅ ហើយ​អញ​នឹង​ឲ្យ​វា​មាន​សេចក្ដី​សំរាក ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ ដ្បិត​វា​នឹង​មាន​ឈ្មោះ​ថា សាឡូម៉ូន ហើយ​នៅ​ជំនាន់​វា អញ​នឹង​ឲ្យ​ពួក​អ៊ីស្រាអែល​បាន​សេចក្ដី​សុខ‌សាន្ត នឹង​សេចក្ដី​ស្រាក‌ស្រាន្ត កូន​នោះ​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ឈ្មោះ​អញ​វិញ វា​នឹង​ធ្វើ​ជា​កូន​របស់​អញ អញ​ក៏​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​នឹង​តាំង​រាជ្យ​វា លើ​នគរ​អ៊ីស្រាអែល​ជា​ដរាប​ទៅ ដូច្នេះ កូន​អើយ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​ឯង ហើយ​សូម​ឲ្យ​ឯង​បាន​ចំរើន​ឡើង ដើម្បី​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​ពី​ដំណើរ​ឯង​ហើយ សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា ទ្រង់​ប្រទាន​ប្រាជ្ញា នឹង​យោបល់ ដល់​ឯង ហើយ​បង្គាប់​បញ្ជា​ឯង​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល ដើម្បី​ឲ្យ​ឯង​បាន​កាន់​តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង យ៉ាង​នោះ ឯង​នឹង​បាន​ចំរើន​ឡើង គឺ​បើ​ឯង​រក្សា ហើយ​ប្រព្រឹត្ត​តាម​ច្បាប់ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ដល់​លោក​ម៉ូសេ ពី​ដំណើរ​ពួក​អ៊ីស្រាអែល​ជា​ពិត ចូរ​ឲ្យ​ឯង​មាន​កំឡាំង​ចុះ ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ដែរ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ