១ របាក្សត្រ 22:1-14
១ របាក្សត្រ 22:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌក៏មានរាជឱង្ការថា៖ «នេះគឺជាព្រះវិហាររបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃតង្វាយដុតសម្រាប់ពួកអ៊ីស្រាអែលហើយ»។ គ្រានោះ ទ្រង់បង្គាប់ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សម្រាប់ស្អាងព្រះដំណាក់នៃព្រះ ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោល សម្រាប់សន្លឹកទ្វារ ហើយសម្រាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបាន ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុសគេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ។ ទ្រង់មានរាជឱង្ការថា៖ «សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា ត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលម្អ និងល្បីឮទួទៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យបានគ្រប់គ្រាន់»។ ព្រះបាទដាវីឌក៏ត្រៀមប្រដាប់ប្រដាទុកជាបរិបូរមុនដែលទ្រង់អស់ព្រះជន្មទៅ។ បន្ទាប់មក ព្រះបាទដាវីឌហៅសាឡូម៉ូន ជាបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។ ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនថា៖ «កូនអើយ ក្នុងចិត្តយើងមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងហើយ តែព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់យើងថា "អ្នកបានកម្ចាយឈាមជាច្រើន ហើយមានចម្បាំងច្រើន ឯងមិនត្រូវស្អាងព្រះវិហារសម្រាប់ឈ្មោះយើងទេ ព្រោះបានកម្ចាយឈាមជាច្រើននៅលើផែនដី នៅចំពោះយើង។ មើល៍ នឹងមានកូនប្រុសមួយកើតដល់អ្នក កូននោះនឹងបានជាមនុស្សសន្ដិភាព។ យើងនឹងឲ្យកូននោះមានសន្ដិភាព ពីអស់ទាំងខ្មាំងសត្រូវដែលនៅជុំវិញ ដ្បិតកូននឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅគ្រារបស់គេ យើងនឹងប្រទានឲ្យអ៊ីស្រាអែលមានសន្ដិភាព និងសុខសាន្តត្រាណ។ កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះយើងវិញ គេនឹងធ្វើជាកូនរបស់យើង យើងក៏នឹងធ្វើជាឪពុកដល់គេ ហើយនឹងតាំងរាជ្យគេលើនគរអ៊ីស្រាអែលជាដរាបទៅ"។ ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយឯង ហើយសូមឲ្យឯងបានចម្រើនឡើង ដើម្បីស្អាងព្រះវិហាររបស់ព្រះយេហូវ៉ាជាព្រះនៃឯង ដូចជាព្រះអង្គបានមានព្រះបន្ទូលពីដំណើរឯងហើយ។ សូមឲ្យព្រះយេហូវ៉ាប្រទានប្រាជ្ញា និងយោបល់ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង។ យ៉ាងនោះ ឯងនឹងបានចម្រើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ និងបញ្ញត្តិទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាបានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែល ចូរឲ្យឯងមានកម្លាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំខ្លាច ឬរសាយចិត្តឡើយ។ ឥឡូវនេះ ក្នុងទុក្ខលំបាករបស់យើង យើងបានចាត់ចែងទុក ជាមាសមួយសែនហាប និងប្រាក់មួយលានហាប ព្រមទាំងលង្ហិន ដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ និងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន។
១ របាក្សត្រ 22:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទីនេះជាព្រះដំណាក់របស់ព្រះជាអម្ចាស់ ហើយទីនេះក៏ជាអាសនៈថ្វាយតង្វាយដុតសម្រាប់ជនជាតិអ៊ីស្រាអែលដែរ!»។ ព្រះបាទដាវីឌចេញបញ្ជាឲ្យប្រមូលជនបរទេសដែលរស់នៅក្នុងស្រុកអ៊ីស្រាអែល ហើយស្ដេចក៏ចាត់ពួកគេឲ្យធ្វើជាអ្នកដាប់ថ្ម សម្រាប់សង់ព្រះដំណាក់ថ្វាយព្រះជាម្ចាស់។ ស្ដេចបានត្រៀមដែកយ៉ាងសន្ធឹកសន្ធាប់ ដើម្បីធ្វើដែកគោលសម្រាប់សន្លឹកទ្វារ និងធ្វើតម្ពក់។ ស្ដេចក៏បានត្រៀមលង្ហិនយ៉ាងច្រើន ដែលពុំអាចថ្លឹងបាន ព្រមទាំងឈើតាត្រៅច្រើនឥតគណនា ដ្បិតអ្នកក្រុងស៊ីដូន និងអ្នកក្រុងទីរ៉ុស បាននាំឈើតាត្រៅយ៉ាងច្រើនសន្ធឹកសន្ធាប់មកថ្វាយស្ដេច។ ព្រះបាទដាវីឌទ្រង់ព្រះតម្រិះថា៖ «សាឡូម៉ូន ជាបុត្ររបស់យើង នៅក្មេងខ្ចី ហើយខ្វះបទពិសោធផង រីឯព្រះដំណាក់ដែលសង់ថ្វាយព្រះអម្ចាស់ ត្រូវតែថ្កុំថ្កើងរុងរឿង ហើយល្បីល្បាញជាងគេទាំងអស់ ក្នុងចំណោមស្រុកនានា។ ហេតុនេះ យើងត្រូវតែត្រៀមសម្ភារៈសាងសង់សម្រាប់បុត្ររបស់យើង»។ ព្រះបាទដាវីឌបានត្រៀមសម្ភារៈសាងសង់ជាច្រើន មុនពេលស្ដេចសោយទិវង្គត។ ព្រះបាទដាវីឌត្រាស់ហៅសម្ដេចសាឡូម៉ូន ជាបុត្រមកផ្ដែផ្ដាំឲ្យសង់ព្រះដំណាក់ថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ស្ដេចមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់បិតាថា “អ្នកបានបង្ហូរឈាមច្រើនណាស់ ហើយអ្នកក៏បានធ្វើសង្គ្រាមដ៏ធំៗផង។ ដូច្នេះ អ្នកមិនត្រូវសង់ដំណាក់សម្រាប់នាមរបស់យើងទេ ដ្បិតអ្នកបានបង្ហូរឈាមយ៉ាងច្រើនលើផែនដី នៅចំពោះមុខយើង។ អ្នកនឹងបង្កើតបុត្រមួយអង្គ ជាមនុស្សដែលនិយមសុខសន្តិភាព ហើយយើងនឹងផ្ដល់សុខសន្តិភាពដល់គេ ដោយមិនឲ្យខ្មាំងសត្រូវនៅជុំវិញមកយាយីឡើយ។ បុត្រនោះនឹងមានឈ្មោះថា សាឡូម៉ូន ដ្បិតក្រោមរាជ្យរបស់គេ យើងនឹងផ្ដល់ឲ្យអ៊ីស្រាអែលមានសន្តិភាព និងសុខសាន្តត្រាណ។ គឺបុត្រនោះហើយ ដែលនឹងសង់ដំណាក់មួយសម្រាប់នាមយើង។ គេនឹងធ្វើជាកូនរបស់យើង ហើយយើងធ្វើជាឪពុករបស់គេដែរ។ យើងនឹងពង្រឹងរាជបល្ល័ង្ករបស់គេឲ្យនៅស្ថិតស្ថេរលើស្រុកអ៊ីស្រាអែល រហូតតទៅ!”។ ឥឡូវនេះ សូមព្រះអម្ចាស់គង់ជាមួយបុត្រ ដើម្បីឲ្យបុត្រសង់ព្រះដំណាក់របស់ព្រះអង្គ បានសម្រេចដោយជោគជ័យ ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងទុកពីបុត្រ។ សូមព្រះអម្ចាស់ប្រោសប្រទានឲ្យបុត្រចេះគិតពិចារណា និងមានប្រាជ្ញាឈ្លាសវៃ នៅពេលដែលព្រះអង្គប្រទានឲ្យបុត្រគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដោយកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ជាព្រះរបស់បុត្រ។ ប្រសិនបើបុត្រកាន់ ហើយប្រតិបត្តិតាមច្បាប់ វិន័យ និងបទបញ្ជា ដែលព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ សម្រាប់ជនជាតិអ៊ីស្រាអែល នោះបុត្រនឹងបានចម្រុងចម្រើនមិនខាន។ ចូរមានកម្លាំង និងចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! បិតាខ្នះខ្នែងត្រៀមមាសមួយសែនហាប និងប្រាក់មួយលានហាប សម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់។ រីឯលង្ហិន និងដែក មានច្រើនសន្ធឹកសន្ធាប់ ពុំអាចថ្លឹងបានទេ។ បិតាបានត្រៀមឈើ និងថ្មដែរ បើបុត្រចង់បន្ថែមទៀតក៏បាន។
១ របាក្សត្រ 22:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌក៏មានបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃដង្វាយដុតសំរាប់ពួកអ៊ីស្រាអែលហើយ។ គ្រានោះ ទ្រង់បង្គាប់ ឲ្យប្រមូលពួកសាសន៍ដទៃទាំងអំបាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សំរាប់ស្អាងព្រះវិហារនៃព្រះ ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសំរាប់សន្លឹក នឹងក្របទ្វារ ហើយសំរាប់ត្រចៀកទ្វារផង នឹងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន នឹងពួកអ្នកក្រុងទីរ៉ុស គេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ ហើយទ្រង់មានបន្ទូលថា សាឡូម៉ូន បុត្រយើង នៅក្មេងខ្ចីពេកណាស់ ហើយព្រះវិហារដែលត្រូវស្អាងថ្វាយព្រះយេហូវ៉ា នោះត្រូវតែបានរុងរឿងយ៉ាងក្រៃលែង ព្រមទាំងមានសិរីលំអ នឹងល្បីឮទួទៅ នៅគ្រប់ទាំងនគរផង ដូច្នេះ យើងនឹងរៀបចំឲ្យ យ៉ាងនោះដាវីឌក៏ត្រៀមប្រដាប់ទុកជាបរិបូរ មុនដែលទ្រង់អស់ព្រះជន្មទៅ។ រួចមកទ្រង់ហៅសាឡូម៉ូន ជាព្រះរាជបុត្រា មកផ្តាំឲ្យស្អាងព្រះវិហារ ថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដាវីឌក៏មានបន្ទូលនឹងសាឡូម៉ូនថា កូនអើយ ក្នុងចិត្តអញមានគំនិតចង់ស្អាងព្រះវិហារ ថ្វាយដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះនៃអញហើយ តែព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់អញថា ឯងបានកំចាយឈាមជាច្រើន ហើយបានច្បាំងចំបាំងយ៉ាងធំ មិនត្រូវឲ្យឯងស្អាងព្រះវិហារ សំរាប់ឈ្មោះអញទេ ពីព្រោះបានកំចាយឈាមជាច្រើន នៅលើផែនដី នៅចំពោះអញ មើល នឹងមានកូនប្រុស១កើតដល់ឯង កូននោះនឹងបានជាមនុស្សទំនេរនៅ ហើយអញនឹងឲ្យវាមានសេចក្ដីសំរាក ពីពួកខ្មាំងសត្រូវនៅជុំវិញ ដ្បិតវានឹងមានឈ្មោះថា សាឡូម៉ូន ហើយនៅជំនាន់វា អញនឹងឲ្យពួកអ៊ីស្រាអែលបានសេចក្ដីសុខសាន្ត នឹងសេចក្ដីស្រាកស្រាន្ត កូននោះនឹងស្អាងព្រះវិហារ សំរាប់ឈ្មោះអញវិញ វានឹងធ្វើជាកូនរបស់អញ អញក៏នឹងធ្វើជាឪពុកដល់វា ហើយនឹងតាំងរាជ្យវា លើនគរអ៊ីស្រាអែលជាដរាបទៅ ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលពីដំណើរឯងហើយ សូមតែឲ្យព្រះយេហូវ៉ា ទ្រង់ប្រទានប្រាជ្ញា នឹងយោបល់ ដល់ឯង ហើយបង្គាប់បញ្ជាឯងពីដំណើរសាសន៍អ៊ីស្រាអែល ដើម្បីឲ្យឯងបានកាន់តាមក្រិត្យវិន័យរបស់ព្រះយេហូវ៉ា ជាព្រះនៃឯង យ៉ាងនោះ ឯងនឹងបានចំរើនឡើង គឺបើឯងរក្សា ហើយប្រព្រឹត្តតាមច្បាប់ នឹងបញ្ញត្តទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បានបង្គាប់ដល់លោកម៉ូសេ ពីដំណើរពួកអ៊ីស្រាអែលជាពិត ចូរឲ្យឯងមានកំឡាំងចុះ ហើយឲ្យចិត្តក្លាហានដែរ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ឥឡូវនេះ មើល ក្នុងអស់ទាំងសេចក្ដីទុក្ខលំបាករបស់អញ នោះអញបានចាត់ចែងទុក ជាមាស១សែនហាប នឹងប្រាក់១លានហាប ព្រមទាំងលង្ហិន នឹងដែកដែលថ្លឹងមិនបានផង ដ្បិតច្រើនហួសកំណត់ណាស់ ក៏បានចាត់ចែងឈើ នឹងថ្មដែរ ហើយឯងនឹងចង់បន្ថែមទៀតក៏បាន