១ របាក្សត្រ 21:1-8
១ របាក្សត្រ 21:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សាតាំងក៏ឈរឡើងទាស់នឹងពួកអ៊ីស្រាអែល បណ្ដាលឲ្យព្រះបាទដាវីឌរាប់ចំនួនប្រជារាស្ត្រទាំងឡាយ។ ព្រះបាទដាវីឌមានរាជឱង្ការទៅយ៉ូអាប់ និងពួកជាប្រធានថា៖ «ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់ពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ រួចមកប្រាប់យើងឲ្យបានដឹងចំនួនផង»។ យ៉ូអាប់តបថា៖ «សូមឲ្យព្រះយេហូវ៉ាចម្រើនប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានមួយរយដង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបម្រើរបស់ព្រះករុណាទេឬ? ចុះហេតុអ្វីបានជាព្រះករុណាបង្គាប់ឲ្យធ្វើការនេះ បណ្ដាលឲ្យអ៊ីស្រាអែលមានទោស?» ប៉ុន្តែ បង្គាប់របស់ស្តេចបានទាស់នឹងលោកយ៉ូអាប់ លោកក៏លាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកក្រុងយេរូសាឡិមវិញ។ យ៉ូអាប់ក៏បង្ហាញចំនួនប្រជាជនដែលបានរាប់ថ្វាយព្រះបាទដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ មានមួយលានមួយសែននាក់ ហើយពួកយូដាដែលចេះកាន់ដាវ មានបួនសែនប្រាំពីរម៉ឺននាក់។ តែគាត់មិនរាប់ពួកលេវី និងពួកបេនយ៉ាមីន ដ្បិតបញ្ជារបស់ស្តេចទាស់ចិត្តលោកយ៉ូអាប់។ ព្រះមិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះ ទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល។ ឯព្រះបាទដាវីឌទូលដល់ព្រះថា៖ «ទូលបង្គំបានធ្វើបាបធ្ងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្តចម្កួត»។
១ របាក្សត្រ 21:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មារ*សាតាំងបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដោយជំរុញព្រះបាទដាវីឌឲ្យជំរឿនប្រជាជនអ៊ីស្រាអែល។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងមន្ត្រីឯទៀតៗរបស់ប្រជាជនថា៖ «ចូរទៅរាប់ចំនួនប្រជាជនអ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរសេបា រហូតដល់ក្រុងដាន់ រួចធ្វើរបាយការណ៍ឲ្យយើង ដ្បិតយើងចង់ដឹងចំនួនប្រជាជន»។ លោកយ៉ូអាប់ទូលថា៖ «បពិត្រព្រះករុណា ជាអម្ចាស់! សូមព្រះអម្ចាស់ប្រោសប្រទានឲ្យប្រជារាស្ត្ររបស់ព្រះអង្គ កើនចំនួនឡើងមួយរយដងច្រើនជាងនេះ! ពួកគេសុទ្ធតែជាអ្នកបម្រើរបស់ព្រះករុណាទាំងអស់គ្នាហើយ ហេតុអ្វីបានជាព្រះករុណាចង់ជ្រាបអំពីចំនួនរបស់ពួកគេទៀត? ធ្វើដូច្នេះ ក្រែងលោបណ្ដាលឲ្យជនជាតិអ៊ីស្រាអែលមានទោស»។ ប៉ុន្តែ ដោយស្ដេចចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ត្រូវតែអនុវត្តតាម។ លោកយ៉ូអាប់ចាកចេញទៅ ហើយធ្វើដំណើរគ្រប់ទិសទីក្នុងស្រុកអ៊ីស្រាអែល រួចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញ។ លោកយ៉ូអាប់ចូលទៅទូលព្រះបាទដាវីឌអំពីចំនួនប្រជាជន គឺក្នុងស្រុកអ៊ីស្រាអែលទាំងមូល មានទាហានប្រដាប់អាវុធ ១ ១០០ ០០០នាក់ ហើយនៅស្រុកយូដាមាន ៤៧០ ០០០នាក់។ លោកពុំបានជំរឿនប្រជាជនក្នុងកុលសម្ព័ន្ធលេវី និងបេនយ៉ាមីនទេ ដ្បិតលោកមិនពេញចិត្តនឹងបញ្ជារបស់ស្ដេចទាល់តែសោះ។ ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងហេតុការណ៍នេះទេ ព្រះអង្គក៏ប្រហារជនជាតិអ៊ីស្រាអែល។ ព្រះបាទដាវីឌទូលព្រះជាម្ចាស់ថា៖ «ទូលបង្គំប្រព្រឹត្តអំពើបាបដ៏ធ្ងន់! ឥឡូវនេះ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំផង ដ្បិតទូលបង្គំប្រព្រឹត្តដូចមនុស្សវង្វេងស្មារតីទាំងស្រុង!»។
១ របាក្សត្រ 21:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គ្រានោះ សាតាំងក៏ឈរឡើង ទាស់នឹងពួកអ៊ីស្រាអែល បណ្តាលឲ្យដាវីឌរាប់ចំនួនបណ្តារាស្ត្រទាំងឡាយ ដាវីឌទ្រង់មានបន្ទូលទៅយ៉ូអាប់ នឹងពួកជាប្រធានលើបណ្តាជនថា ចូរទៅរាប់ចំនួនសាសន៍អ៊ីស្រាអែល ចាប់តាំងពីក្រុងបៀរ-សេបា រហូតដល់ក្រុងដាន់ទៅ រួចមកប្រាប់យើង ឲ្យបានដឹងចំនួនផង យ៉ូអាប់តបថា សូមឲ្យព្រះយេហូវ៉ាចំរើនពួកជនរបស់ទ្រង់ ឲ្យបាន១ជា១០០ភាគឡើង តែបពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំ តើគេមិនមែនសុទ្ធតែជាអ្នកបំរើរបស់ទ្រង់ព្រះករុណាទេឬអី ចុះហេតុអ្វីបានជាទ្រង់ព្រះករុណាបង្គាប់ឲ្យធ្វើការនេះ ទ្រង់ចង់បណ្តាលឲ្យអ៊ីស្រាអែល មានទោសធ្វើអី ប៉ុន្តែព្រះបន្ទូលនៃស្តេចបានឈ្នះវិញ បានជាយ៉ូអាប់លោកបង្គំលាចេញទៅ ដើរគ្រប់ក្នុងស្រុកអ៊ីស្រាអែល រួចត្រឡប់មកឯក្រុងយេរូសាឡិមវិញ នោះយ៉ូអាប់ក៏បង្ហាញចំនួននៃជនទាំងឡាយ ដែលបានរាប់នោះថ្វាយដាវីឌ គឺពួកអ៊ីស្រាអែលទាំងអស់ ដែលចេះកាន់ដាវ នោះមាន១លាន១សែននាក់ ហើយពួកយូដា ដែលចេះកាន់ដាវ នោះមាន៤សែន៧ម៉ឺននាក់ តែពួកលេវីនឹងពួកបេនយ៉ាមីន លោកមិនបានរាប់ក្នុងពួកគេទេ ដ្បិតព្រះបន្ទូលនៃស្តេចជាទីទំនាស់ចិត្តដល់យ៉ូអាប់ ហើយព្រះក៏មិនសព្វព្រះហឫទ័យនឹងការនោះដែរ ហេតុដូច្នោះទ្រង់ក៏ប្រហារសាសន៍អ៊ីស្រាអែល ឯដាវីឌទ្រង់ទូលដល់ព្រះថា ទូលបង្គំបានធ្វើបាបមានទំងន់ណាស់ ដោយធ្វើការនេះ តែឥឡូវនេះ សូមទ្រង់អត់ទោសចំពោះការអាក្រក់របស់ទូលបង្គំផង ដ្បិតទូលបង្គំបានប្រព្រឹត្ត ដោយបែបចំកួតណាស់។