១ របាក្សត្រ 21:1-4

១ របាក្សត្រ 21:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សាតាំង​ក៏​ឈរ​ឡើង​ទាស់​នឹង​ពួក​អ៊ីស្រា‌អែល បណ្ដាល​ឲ្យ​ព្រះបាទ​ដាវីឌ​រាប់​ចំនួន​ប្រជា​រាស្ត្រ​ទាំង‌ឡាយ។ ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​យ៉ូអាប់ និង​ពួក​ជា​ប្រធាន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រា‌អែល ចាប់​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់ រួច​មក​ប្រាប់​យើង​ឲ្យ​បាន​ដឹង​ចំនួន​ផង»។ យ៉ូអាប់​តប​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចម្រើនប្រជា​រាស្ត្រ​របស់​ព្រះ‌អង្គ ឲ្យ​បាន​មួយ​រយ​ដង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ បណ្ដាល​ឲ្យ​អ៊ីស្រា‌អែល​មាន​ទោស?» ប៉ុន្តែ បង្គាប់​របស់​ស្តេច​បាន​ទាស់​នឹង​លោក​យ៉ូអាប់ លោក​ក៏​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ។

១ របាក្សត្រ 21:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មារ*​សាតាំង​បាន​ក្រោក​ឡើង​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ជំរុញ​ព្រះ‌បាទ​ដាវីឌ​ឲ្យ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូអាប់ និង​មន្ត្រី​ឯ​ទៀតៗ​របស់​ប្រជា‌ជន​ថា៖ «ចូរ​ទៅ​រាប់​ចំនួន​ប្រជា‌ជន​អ៊ីស្រា‌អែល ចាប់​តាំង​ពី​ក្រុង​បៀរ‌សេបា រហូត​ដល់​ក្រុង​ដាន់ រួច​ធ្វើ​របាយ‌ការណ៍​ឲ្យ​យើង ដ្បិត​យើង​ចង់​ដឹង​ចំនួន​ប្រជា‌ជន»។ លោក​យ៉ូអាប់​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា ជា​អម្ចាស់! សូម​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ! ពួក​គេ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទាំង​អស់​គ្នា​ហើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ចង់​ជ្រាប​អំពី​ចំនួន​របស់​ពួក​គេ​ទៀត? ធ្វើ​ដូច្នេះ ក្រែង​លោ​បណ្ដាល​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ទោស»។ ប៉ុន្តែ ដោយ​ស្ដេច​ចេញ​បញ្ជា​យ៉ាង​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់​ត្រូវ​តែ​អនុវត្ត​តាម។ លោក​យ៉ូអាប់​ចាក​ចេញ​ទៅ ហើយ​ធ្វើ​ដំណើរ​គ្រប់​ទិស‌ទី​ក្នុង​ស្រុក​អ៊ីស្រា‌អែល រួច​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ។

១ របាក្សត្រ 21:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គ្រា​នោះ សាតាំង​ក៏​ឈរ​ឡើង ទាស់​នឹង​ពួក​អ៊ីស្រាអែល បណ្តាល​ឲ្យ​ដាវីឌ​រាប់​ចំនួន​បណ្តា‌រាស្ត្រ​ទាំង‌ឡាយ ដាវីឌ​ទ្រង់​មាន​បន្ទូល​ទៅ​យ៉ូអាប់ នឹង​ពួក​ជា​ប្រធាន​លើ​បណ្តាជន​ថា ចូរ​ទៅ​រាប់​ចំនួន​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ក្រុង​ដាន់​ទៅ រួច​មក​ប្រាប់​យើង ឲ្យ​បាន​ដឹង​ចំនួន​ផង យ៉ូអាប់​តប​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ចំរើន​ពួក​ជន​របស់​ទ្រង់ ឲ្យ​បាន​១​ជា​១០០​ភាគ​ឡើង តែ​បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ តើ​គេ​មិន​មែន​សុទ្ធ​តែ​ជា​អ្នក​បំរើ​របស់​ទ្រង់​ព្រះ‌ករុណា​ទេ​ឬ​អី ចុះ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ករុណា​បង្គាប់​ឲ្យ​ធ្វើ​ការ​នេះ ទ្រង់​ចង់​បណ្តាល​ឲ្យ​អ៊ីស្រាអែល មាន​ទោស​ធ្វើ​អី ប៉ុន្តែព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​វិញ បាន​ជា​យ៉ូអាប់​លោក​បង្គំ​លា​ចេញ​ទៅ ដើរ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រាអែល រួច​ត្រឡប់​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ