១ របាក្សត្រ 18:1-17

១ របាក្សត្រ 18:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ក្រោយ​នោះ​មក ព្រះបាទ​ដាវីឌ​វាយ​បង្ក្រាប​ពួក​ភីលី‌ស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន​នោះ។ ទ្រង់​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ​អាករ​ផង។ ព្រះបាទ​ដាវីឌ​ក៏​វាយព្រះ​បាទ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​កំពុង​ទៅ​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត។ ព្រះបាទ​ដាវីឌ​ចាប់​បាន​រទេះ​ចម្បាំង​មួយ​ពាន់ និង​ទ័ព​សេះ​ប្រាំពីរ​ពាន់​នាក់ ពល​ថ្មើរ​ជើង​ពីរ​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សម្រាប់​រទេះ​ចម្បាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​មួយរយ​ប៉ុណ្ណោះ។ កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា នោះ​ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ​អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។ បន្ទាប់​មក ព្រះ​បាទ​ដាវីឌ​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យព្រះ​បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ស្ដេច​យាង​ទៅ។ ព្រះ​បាទ​ដាវីឌ​យក​ខែល​មាស​ទាំង​អស់​របស់​ពួក​ទាហាន​នៃ​ហាដា‌រេស៊ើរ នាំ​មក​ក្រុង​យេរូ‌សាឡិម។ នៅ​ក្រុង​បេថាស និង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដា‌រេស៊ើរ ព្រះបាទ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ និង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។ កាល​ថូអ៊ី​ជា​ស្តេច​ក្រុង​ហាម៉ាត​បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ នោះ​លោក​ក៏​ចាត់​យេ‌ហូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ព្រះបាទ​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចម្រើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដា‌រេស៊ើរ ដ្បិត​ហាដា‌រេស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជា‌និច្ច។ យេ‌ហូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ និង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ។ ព្រះបាទ​ដាវីឌ​ក៏​ថ្វាយ​របស់​ទាំង​នោះ​ដល់​ព្រះ‌យេហូវ៉ា​ជា‌មួយ​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដុម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលី‌ស្ទីន និង​សាសន៍​អាម៉ា‌ឡេក។ ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដុម​អស់​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដុម ដូច្នេះ ពួក​អេដុម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។ ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សម្រេច​ការ​ទាំង​អស់​ដល់​បណ្ដា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត។ មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្ដា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សាផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវ‌តារ សាដុក​ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ាលេក​ជា​កូន​អ័បៀរថើរ ធ្វើ​ជា​សង្ឃ សេរ៉ា‌យ៉ា​ជា​ស្មៀន​ហ្លួង។ បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ព្រះបាទ​ដាវីឌ​ក៏​ធ្វើ​ជា​សេនា‌បតី។

១ របាក្សត្រ 18:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រោយ​មក ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ជន‌ជាតិ​ភីលីស្ទីន ហើយ​បង្ក្រាប​ពួក​គេ ព្រម​ទាំង​ដណ្ដើម​យក​ក្រុង​កាថ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​គេ។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ជន‌ជាតិ​ម៉ូអាប់​ដែរ។ ជន‌ជាតិ​ម៉ូអាប់​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌បាទ​ដាវីឌ​វាយ​ឈ្នះ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា នៅ​ក្រុង​ហា‌ម៉ាត់ ក្នុង​ពេល​ដែល​ព្រះ‌បាទ​ហាដា‌រេស៊ើរ​កំពុង​តែ​ទៅ​កាន់​កាប់​តំបន់​ទន្លេ​អឺប្រាត។ ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​បាន​រទេះ​ចម្បាំង​ចំនួន​១ ០០០​គ្រឿង​ពី​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រម​ទាំង​ទ័ព​សេះ ៧ ០០០​នាក់ និង​ទ័ព​ថ្មើរ​ជើង​ចំនួន​២០ ០០០​នាក់។ ស្ដេច​ទុក​សេះ​ប្រមាណ​មួយ​រយ​ក្បាល ហើយ​កាត់​សរសៃ​កែង​ជើង​សេះ​ទាំង​ប៉ុន្មាន​ទៀត។ ពេល​នោះ ជន‌ជាតិ​ស៊ីរី​នៅ​ក្រុង​ដាម៉ាស លើក​គ្នា​មក​ជួយ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ស្រុក​សូបា។ ព្រះ‌បាទ​ដាវីឌ​ក៏​វាយ​ឈ្នះ​ពួក​គេ ហើយ​សម្លាប់​អស់​ចំនួន​២២ ០០០​នាក់។ ព្រះ‌បាទ​ដាវីឌ​បាន​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​ស៊ីរី ហើយ​ជន‌ជាតិ​ស៊ីរី​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ ហើយ​ត្រូវ​ថ្វាយ​សួយសារ‌អាករ​ផង។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។ ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​ខែល​មាស​ពី​ពួក​មេ‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ហើយ​នាំ​យក​មក​ក្រុង​យេរូ‌សាឡឹម។ ព្រះ‌បាទ​ដាវីឌ​រឹប​អូស​យក​លង្ហិន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ក្រុង​បេថាស និង​ក្រុង​គូន ដែល​ជា​ក្រុង​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ។ ក្រោយ​មក ព្រះ‌បាទ​សាឡូម៉ូន​បាន​យក​លង្ហិន​ទាំង​នោះ​ទៅ​សិត​ធ្វើ​អាង​ធំ សសរ និង​គ្រឿង​ប្រដាប់​ប្រដា​លង្ហិន​នៅ​ក្នុង​ព្រះ‌វិហារ។ កាល​ព្រះ‌បាទ​ថូអ៊ី ជា​ស្ដេច​ក្រុង​ហា‌ម៉ាត់ ជ្រាប​ថា ព្រះ‌បាទ​ដាវីឌ​បាន​វាយ​ឈ្នះ​កង‌ទ័ព​ទាំង​មូល​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ ជា​ស្ដេច​ក្រុង​សូបា ស្ដេច​ក៏​ចាត់​សម្ដេច​យ៉ូរ៉ាម ជា​បុត្រ ឲ្យ​ចូល​មក​គាល់​ព្រះ‌បាទ​ដាវីឌ ទាំង​នាំ​យក​វត្ថុ​អំពី​មាស​ប្រាក់ និង​លង្ហិន​មក​ជា​មួយ​ផង ដើម្បី​អប‌អរ‌សាទរ​ចំពោះ​ជ័យ‌ជម្នះ​លើ​ព្រះ‌បាទ​ហាដា‌រេស៊ើរ ព្រោះ​ព្រះ‌បាទ​ថូអ៊ី​ធ្វើ​សឹក​សង្គ្រាម​ទល់​នឹង​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ដែរ។ ព្រះ‌បាទ​ដាវីឌ​យក​វត្ថុ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​មាស​ប្រាក់​ដែល​ស្ដេច​យក​បាន​ពី​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែរ គឺ​មាន​ជន‌ជាតិ​អេដុម ជន‌ជាតិ​ម៉ូអាប់ ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាម៉ា‌ឡេក។ លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។ លោក​ដាក់​ទេសា‌ភិបាល​ឲ្យ​ត្រួត‌ត្រា​លើ​ស្រុក​អេដុម​ទាំង​មូល ហើយ​ជន‌ជាតិ​អេដុម​ធ្លាក់​ខ្លួន​ចំណុះ​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ព្រះ‌បាទ​ដាវីឌ​មាន​ជ័យ‌ជម្នះ នៅ​គ្រប់​កន្លែង​ដែល​ស្ដេច​យាង​ទៅ។ ព្រះ‌បាទ​ដាវីឌ​សោយ​រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​គ្រប់‌គ្រង​ប្រជា‌រាស្ត្រ​ដោយ​សុចរិត និង​យុត្តិធម៌។ លោក​យ៉ូអាប់ កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​មេ​បញ្ជា​ការ​កង‌ទ័ព។ លោក​យេហូ‌សាផាត កូន​របស់​លោក​អហ៊ី‌លូដ ជា​អ្នក​នាំ​ពាក្យ​របស់​ស្ដេច។ លោក​សាដុក កូន​របស់​លោក​អហ៊ី‌ទូប និង​លោក​អហ៊ី‌ម៉ាឡេក កូន​របស់​លោក​អបៀ‌ថើរ ជា​បូជា‌ចារ្យ។ លោក​សេរ៉ាយ៉ា​ជា​លេខា‌ធិការ​របស់​ស្ដេច។ លោក​បេណា‌យ៉ា​កូន​របស់​លោក​យេហូ‌យ៉ាដា ជា​មេ​បញ្ជា​ការ​លើ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម។ រីឯ​បុត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ដាវីឌ មាន​នាទី​ជា​ជំនួយ​ការ​ពិសេស​របស់​ស្ដេច។

១ របាក្សត្រ 18:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ក្រោយ​នោះ​មក ដាវីឌ​ទ្រង់​វាយ​បង្ក្រាប​ពួក​ភីលីស្ទីន ហើយ​ក៏​ចាប់​យក​ក្រុង​កាថ នឹង​ស្រុក​នៅ​ជុំវិញ​ពី​កណ្តាប់​ដៃ​នៃ​ពួក​ភីលីស្ទីន​នោះ ទ្រង់​ក៏​វាយ​ស្រុក​ម៉ូអាប់ ហើយ​សាសន៍​ម៉ូអាប់ គេ​ចំណុះ​ដល់​ដាវីឌ ព្រម​ទាំង​បង់​សួយ‌អាករ​ផង។ ដាវីឌ​ក៏​វាយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា រហូត​ដល់​ក្រុង​ហាម៉ាត ក្នុង​គ្រា​ដែល​លោក​កំពុង​ទៅ ដើម្បី​តាំង​អំណាច​នៅ​ទន្លេ​អ៊ើប្រាត ដាវីឌ​ទ្រង់​ចាប់​បាន​រទេះ​ចំបាំង​១​ពាន់ នឹង​ទ័ព​សេះ​៧​ពាន់​នាក់ ហើយ​ពល​ថ្មើរ​ជើង​២​ម៉ឺន​នាក់​របស់​ស្តេច​នោះ ទ្រង់​ក៏​កាប់​សរសៃ​ក​ជើង​សេះ​ដែល​សំរាប់​រទេះ​ចំបាំង​ទាំង​អស់ បាន​ទុក​ឲ្យ​ល្មម​តែ​ទឹម​រទេះ​១០០​ប៉ុណ្ណោះ។ កាល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​ដាម៉ាស បាន​មក​ជួយ​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា នោះ​ដាវីឌ​ក៏​ប្រហារ​ពួក​ស៊ីរី​នោះ អស់​២​ម៉ឺន​២​ពាន់​នាក់ រួច​ទ្រង់​តាំង​ឲ្យ​មាន​ពួក​ទាហាន​រក្សា​ស្រុក នៅ​ស្រុក​ស៊ីរី ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​ស៊ីរី​ក៏​ចំណុះ​ដាវីឌ ព្រម​ទាំង​ឡើង​សួយ‌អាករ​មក​ថ្វាយ​ផង ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ​នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ ដាវីឌ​ក៏​យក​អស់​ទាំង​ខែល​មាស របស់​ពួក​ទាហាន នៃ​ហាដារេ‌ស៊ើរ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពី​ក្រុង​បេថាស នឹង​ក្រុង​គូន ជា​ទី​ក្រុង​របស់​ហាដារេ‌ស៊ើរ នោះ​ដាវីឌ​ក៏​យក​លង្ហិន​សន្ធឹក​ដែរ ដែល​សាឡូម៉ូន​បាន​ប្រើ​ធ្វើ​សមុទ្រ​លង្ហិន សសរ នឹង​គ្រឿង​ប្រដាប់​លង្ហិន​ទាំង​ប៉ុន្មាន។ កាល​ថូអ៊ី ជា​ស្តេច​ក្រុង​ហាម៉ាត បាន​ឮ​ថា ដាវីឌ​បាន​ប្រហារ​ពួក​ទ័ព​របស់​ហាដារេ‌ស៊ើរ ជា​ស្តេច​សូបា ទាំង​អស់​ហើយ នោះ​លោក​ក៏​ចាត់​យ៉ូរ៉ាម ជា​បុត្រ​ទ្រង់ ឲ្យ​ទៅ​គាល់​ស្តេច​ដាវីឌ ដើម្បី​នឹង​គំនាប់ ហើយ​ចំរើន​ពរ​ថ្វាយ ដោយ​ព្រោះ​ទ្រង់​បាន​ច្បាំង​ឈ្នះ​ហាដារេ‌ស៊ើរ ដ្បិត​ហាដារេ‌ស៊ើរ​ចេះ​តែ​ច្បាំង​នឹង​ថូអ៊ី​ជានិច្ច យ៉ូរ៉ាម​ក៏​នាំ​យក​ប្រដាប់​មាស ប្រាក់ នឹង​លង្ហិន​គ្រប់​មុខ ទៅ​ថ្វាយ​ដែរ ស្តេច​ដាវីឌ​ទ្រង់​ក៏​ថ្វាយ​របស់​ទាំង​នោះ ដល់​ព្រះ‌យេហូវ៉ា​ជា​មួយ​នឹង​ប្រាក់ ហើយ​មាស​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​មក​ពី​អស់​ទាំង​សាសន៍​ដទៃ គឺ​ពី​សាសន៍​អេដំម សាសន៍​ម៉ូអាប់ ពួក​កូន​ចៅ​អាំម៉ូន សាសន៍​ភីលីស្ទីន នឹង​សាសន៍​អាម៉ា‌លេក។ ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដំម ដូច្នេះ ពួក​អេដំម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។ ឯ​ដាវីឌ ទ្រង់​បាន​សោយ‌រាជ្យ លើ​សាសន៍​អ៊ីស្រាអែល​ទាំង​មូល ហើយ​ក៏​សំរេច​ការ​ទាំង​អស់​ដល់​បណ្តាជន​ដោយ​យុត្តិ‌ធម៌ នឹង​សេចក្ដី​សុចរិត មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា​ពល‌ទ័ព​ទាំង​អស់ នឹង​យេហូ‌សា‌ផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌រថើរ ធ្វើ​ជា​សង្ឃ សេរ៉ាយ៉ា ជា​ស្មៀន​ហ្លួង បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។