១ របាក្សត្រ 16:23-34

១ របាក្សត្រ 16:23-34 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​លោកីយ៍​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សម្ដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់ៗ​ថ្ងៃ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​របស់​ព្រះ‌អង្គ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ​សុទ្ធ​តែ​ជា​រូប​ទទេ តែ​ឯ​ព្រះ‌យេហូវ៉ា​វិញ ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លម្អ នោះ​នៅ​ចំពោះ​ព្រះ‌អង្គ ឥទ្ធា‌នុភាព និង​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ព្រះ‌អង្គ ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​មាន​សិរី‌ល្អ និង​ព្រះ‌ចេស្តា ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​មួយ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ‌អង្គ ដោយ​សិរី​លម្អ​នៃ​សេចក្ដី​បរិសុទ្ធ គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​សោយ‌រាជ្យ ចូរ​ឲ្យ​សមុទ្រ និង​បណ្ដា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចម្ការ និង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ដើម្បី​ជំនុំ​ជម្រះ​ផែនដី ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រោះ​សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ​នៅ​អស់​កល្ប​ជា‌និច្ច

១ របាក្សត្រ 16:23-34 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់! ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។ ចូរ​ប្រកាស​អំពី​សិរី‌រុងរឿង​របស់​ព្រះអង្គ នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា ហើយ​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់ ព្រះអង្គ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់! ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ព្រះអង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។ ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​ព្រះ‌អម្ចាស់ ព្រះអង្គ​បាន​បង្កើត​ផ្ទៃ​មេឃ។ មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច​ចាំង​ចេញ​ពី ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ពោរ‌ពេញ​ទៅ​ដោយ ឫទ្ធិ‌បារមី និង​អំណរ​សប្បាយ។ ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ហើយ​ថ្លែង​អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះអង្គ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ចុះ! ពិភព​លោក​រឹង‌មាំ ឥត​រង្គើ​សោះ​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ និង​ឲ្យ​ផែនដី​បាន​រីក‌រាយ​ដ៏​លើស‌លុប! ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា ព្រះ‌អម្ចាស់​គ្រង​រាជ្យ! ចូរ​ឲ្យ​សមុទ្រ និង​អ្វីៗ​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង! ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​នៅ​ទី​នោះ ត្រេក​អរ​សប្បាយ! ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន​ស្រែក​ហ៊ោ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់! ដ្បិត​ព្រះអង្គ​យាង​មក​គ្រប់‌គ្រង​ផែនដី។ ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​សប្បុរស ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

១ របាក្សត្រ 16:23-34 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​លោកីយ​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សំដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​រាល់ៗ​ថ្ងៃ ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ទ្រង់ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ធំ ក៏​គួរ​សរសើរ​ណាស់ ហើយ​គួរ​ស្ញែង​ខ្លាច​លើស​ជាង​អស់​ទាំង​ព្រះ ពី​ព្រោះ​អស់​ទាំង​ព្រះ​នៃ​សាសន៍​ដទៃ សុទ្ធ​តែ​ជា​រូប​ទទេ តែ​ឯ​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ ឯ​សេចក្ដី​រុងរឿង ហើយ​សិរី​លំអ នោះ​នៅ​ចំពោះ​ទ្រង់ ឥទ្ធា‌នុភាពនឹង​សេចក្ដី​អំណរ​ក៏​នៅ​ទី​កន្លែង​របស់​ទ្រង់ ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​នាំ​យក​ដង្វាយ​១​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ដោយ​សិរី​លំអ​នៃ​សេចក្ដី​បរិសុទ្ធ គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​សេចក្ដី​អំណរ ហើយ​ឲ្យ​ផែនដី​បាន​ត្រេក‌អរ​ឡើង ឲ្យ​បាន​ថ្លែង​នៅ​គ្រប់​ទាំង​សាសន៍​ថា ព្រះ‌យេហូវ៉ា​ទ្រង់​សោយ‌រាជ្យ ចូរ​ឲ្យ​សមុទ្រ នឹង​បណ្តា​ដែល​នៅ​ក្នុង​នោះ​ទាំង​ប៉ុន្មាន បាន​ឮ​កង​រំពង​ឡើង ចូរ​ឲ្យ​ស្រែ​ចំការ នឹង​របស់​ដែល​មាន​នៅ​ទី​នោះ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ផង ចូរ​ឲ្យ​ដើម​ឈើ​នៅ​ព្រៃ​បញ្ចេញ​សូរ​យ៉ាង​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​យាង​មក ដើម្បី​ជំនុំ‌ជំនះ​ផែនដី ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ទ្រង់​ល្អ ពី​ព្រោះ​សេចក្ដី​សប្បុរស​នៃ​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច

១ របាក្សត្រ 16:23-34

១ របាក្សត្រ 16:23-34 គខប