១ របាក្សត្រ 16:14-22
១ របាក្សត្រ 16:14-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ នៅពេញពាសលើផែនដី ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គជាដរាប គឺជាព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ ដល់មនុស្សទាំងពាន់តំណ ជាសេចក្ដីសញ្ញាដែលព្រះអង្គបានតាំង នឹងលោកអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងលោកអ៊ីសាក ព្រមទាំងបញ្ជាក់សេចក្ដីនោះឯងទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សម្រាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច ដោយព្រះបន្ទូលថា យើងនិងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមត៌ករបស់ឯង ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង គេចេញដំណើរពីនគរមួយទៅនគរមួយ ហើយពីសាសន៍មួយដល់សាសន៍មួយទៀត ព្រះអង្គមិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ព្រះអង្គបានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង ដោយព្រះបន្ទូលថា កុំពាល់ពួកដែលយើងបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់យើងដែរ
១ របាក្សត្រ 16:14-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ លោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក។ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។ គឺព្រះអង្គមានព្រះបន្ទូលថា: «យើងនឹងប្រគល់ស្រុកកាណានឲ្យអ្នក ទុកជាចំណែកមត៌ក»។ នៅគ្រានោះ អ្នករាល់គ្នាជាក្រុមមួយដ៏តូច ដែលចូលមករស់នៅលើទឹកដីស្រុកកាណាន។ អ្នករាល់គ្នាធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ ពីនគរមួយទៅនគរមួយទៀត។ ប៉ុន្តែ ព្រះអង្គមិនអនុញ្ញាតឲ្យនរណាម្នាក់ សង្កត់សង្កិនអ្នករាល់គ្នាទេ ដើម្បីការពារអ្នករាល់គ្នា ព្រះអង្គបានបន្ទោសស្ដេចនានាថា: «កុំប៉ះពាល់អស់អ្នកដែលយើងបានចាក់ប្រេង អភិសេកនេះឡើយ កុំធ្វើបាបព្យាការីរបស់យើងឲ្យសោះ!»។
១ របាក្សត្រ 16:14-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តទាំងប៉ុន្មាននៃទ្រង់ នៅពេញពាសលើផែនដី ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ ជាសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងអ័ប្រាហាំ ហើយជាសេចក្ដីសំបថ ដែលទ្រង់បានស្បថនឹងអ៊ីសាក ព្រមទាំងបញ្ជាក់សេចក្ដីនោះឯង ទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សំរាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច ដោយបន្ទូលថា អញនឹងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង ដោយបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ