១ របាក្សត្រ 16:1-17
១ របាក្សត្រ 16:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
គេយកហិបនៃព្រះមកដាក់នៅកណ្ដាលត្រសាល ដែលព្រះបាទដាវីឌបានដំឡើងទុក រួចក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះ។ កាលព្រះបាទដាវីឌបានថ្វាយតង្វាយដុត និងតង្វាយមេត្រីទាំងនោះរួចហើយ ទ្រង់ក៏ប្រទានពរដល់ប្រជាជន ដោយនូវព្រះនាមព្រះយេហូវ៉ា។ រួចទ្រង់ចែកនំបុ័ងមួយដុំ សាច់មួយដុំ និងផ្លែទំពាំងបាយជូរមួយផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។ ទ្រង់ក៏តម្រូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហិបនៃព្រះយេហូវ៉ា ដើម្បីរំឭក អរព្រះគុណ ហើយសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គឺអេសាភជាមេ ហើយបន្ទាប់មក មានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដុម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈិងឲ្យឮរងំ ឯបេណាយ៉ា និងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហិបនៃសេចក្ដីសញ្ញារបស់ព្រះ។ នៅថ្ងៃនោះ ព្រះបាទដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា តាមរយៈអេសាភ និងពួកបងប្អូនលោកថា៖ ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមព្រះអង្គចុះ ចូរសម្ដែងពីអស់ទាំងការនៃព្រះអង្គ នៅកណ្ដាលគ្រប់ទាំងសាសន៍ ចូរច្រៀងថ្វាយព្រះអង្គ ចូរច្រៀងសរសើរដល់ព្រះអង្គចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ព្រះអង្គ ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ព្រះអង្គ ចូរឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ព្រះអង្គ ចូររកព្រះភក្ត្រព្រះអង្គជានិច្ច ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ គឺពីការចំឡែករបស់ព្រះអង្គ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឧស្ឋ របស់ព្រះអង្គមក ឱពូជពង្សអ៊ីស្រាអែល ជាពួកបម្រើរបស់ព្រះអង្គ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ព្រះអង្គអើយ ព្រះអង្គជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តិទាំងប៉ុន្មានរបស់ព្រះអង្គ នៅពេញពាសលើផែនដី ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ព្រះអង្គជាដរាប គឺជាព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ ដល់មនុស្សទាំងពាន់តំណ ជាសេចក្ដីសញ្ញាដែលព្រះអង្គបានតាំង នឹងលោកអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលព្រះអង្គបានស្បថនឹងលោកអ៊ីសាក ព្រមទាំងបញ្ជាក់សេចក្ដីនោះឯងទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សម្រាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
១ របាក្សត្រ 16:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលដង្ហែហិបរបស់ព្រះជាម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅកណ្ដាលព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក រួចគេថ្វាយតង្វាយដុតទាំងមូល* និងយញ្ញបូជាមេត្រីភាព នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ កាលព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពចប់សព្វគ្រប់ហើយ ស្ដេចក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់។ បន្ទាប់មក ព្រះរាជាប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុស ទាំងស្រី ម្នាក់ៗទទួលបាននំបុ័ងមួយដុំ ដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរក្រៀមមួយដុំ។ ព្រះបាទដាវីឌចាត់ក្រុមលេវីខ្លះឲ្យបម្រើការងារនៅខាងមុខហិបរបស់ព្រះអម្ចាស់ ដើម្បីធ្វើពិធីរំឭក លើកតម្កើង និងច្រៀងសរសើរព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល គឺមានលោកអេសាភជាមេដឹកនាំ បន្ទាប់មក មានលោកសាការីជាមេដឹកនាំរង ព្រមទាំងលោកយីអែល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកម៉ាធិធា លោកអេលាប លោកបេណាយ៉ា លោកអូបេដអេដុម និងលោកយេអែល ដែលសុទ្ធតែជាអ្នកលេងភ្លេង គឺមានឃឹម និងពិណ ហើយលោកអេសាភជាអ្នកវាយឈិង។ លោកបូជាចារ្យបេណាយ៉ា និងលោកយ៉ាហាសៀល ផ្លុំត្រែ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់ជានិច្ច។ គឺថ្ងៃនោះហើយដែលព្រះបាទដាវីឌបានចាត់លោកអេសាភ ព្រមទាំងបងប្អូនរបស់គាត់ ឲ្យប្រារព្ធពិធីលើកតម្កើងព្រះអម្ចាស់ជាលើកដំបូងបង្អស់។ «ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា! ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ! ចូរខ្ពស់មុខឡើង ព្រោះអ្នករាល់គ្នា ជាប្រជារាស្ត្ររបស់ព្រះដ៏វិសុទ្ធ! អស់អ្នកស្វែងរកព្រះអម្ចាស់អើយ ចូរសប្បាយចិត្តចុះ! ចូរស្វែងរកព្រះអម្ចាស់ប្រកបដោយព្រះចេស្ដា ចូរស្វែងរកព្រះភ័ក្ត្រព្រះអង្គ ឥតឈប់ឈរឡើយ! ចូរនឹកដល់ការអស្ចារ្យផ្សេងៗ ដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និងការជំនុំជម្រះ ទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។ អ្នករាល់គ្នាជាពូជពង្សរបស់លោកអ៊ីស្រាអែល ដែលជាអ្នកបម្រើរបស់ព្រះអង្គ អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុប ដែលព្រះអង្គបានជ្រើសរើស! មានតែព្រះអម្ចាស់ទេ ដែលជាព្រះរបស់យើង ព្រះអង្គគ្រប់គ្រងលើផែនដីទាំងមូល។ ចូរនឹកដល់សម្ពន្ធមេត្រីរបស់ព្រះអង្គជានិច្ច គឺជាព្រះបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ គឺសម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយ លោកអប្រាហាំ ព្រមទាំងព្រះបន្ទូលដែលព្រះអង្គបានសន្យា ជាមួយលោកអ៊ីសាក។ ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រី អស់កល្បជានិច្ចជាមួយជនជាតិអ៊ីស្រាអែល។
១ របាក្សត្រ 16:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គេនាំយកហឹបនៃព្រះមក ដាក់នៅកណ្តាលត្រសាល ដែលដាវីឌបានដំឡើងទុកសំរាប់ រួចក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះ កាលដាវីឌបានថ្វាយដង្វាយដុត នឹងដង្វាយមេត្រីទាំងនោះរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ពួកជន ដោយនូវព្រះនាមព្រះយេហូវ៉ា រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ នឹងផ្លែទំពាំងបាយជូរ១ផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។ ទ្រង់ក៏ដំរូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហឹបនៃព្រះយេហូវ៉ា ដើម្បីនឹងរំឭក អរព្រះគុណ ហើយនឹងសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម នឹងយីអែល សុទ្ធតែកាន់ពិណ នឹងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ ឯបេណាយ៉ា នឹងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះ។ នៅថ្ងៃនោះឯង ដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា ដោយសារអេសាភ នឹងពួកបងប្អូនលោកថា ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍ ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់ ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នក ដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង ចូរសង្កិនរកព្រះយេហូវ៉ា នឹងឥទ្ធានុភាពរបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច ចូរនឹកចាំពីអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើ គឺពីការចំឡែករបស់ទ្រង់ នឹងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឱស្ឋទ្រង់មក ឱអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ជាពួកបំរើទ្រង់ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ទ្រង់អើយ ទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តទាំងប៉ុន្មាននៃទ្រង់ នៅពេញពាសលើផែនដី ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ ជាសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងអ័ប្រាហាំ ហើយជាសេចក្ដីសំបថ ដែលទ្រង់បានស្បថនឹងអ៊ីសាក ព្រមទាំងបញ្ជាក់សេចក្ដីនោះឯង ទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សំរាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច