១ របាក្សត្រ 15:1-29
១ របាក្សត្រ 15:1-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌបានសង់ដំណាក់ផ្ទាល់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែងសម្រាប់ហិបរបស់ព្រះ គឺបានដំឡើងត្រសាលសម្រាប់ហិបនោះ។ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។ ដូច្នេះ ព្រះបាទដាវីឌប្រមូលពួកអ៊ីស្រាអែលទាំងអស់មកក្រុងយេរូសាឡិម ដើម្បីយកហិបនៃព្រះយេហូវ៉ា មកកន្លែងដែលទ្រង់បានរៀបចំ។ ទ្រង់ក៏ប្រមូលពួកកូនចៅលោកអើរ៉ុន និងពួកលេវី គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ និងបងប្អូនលោកមួយរយម្ភៃនាក់ ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ និងបងប្អូនលោកពីររយម្ភៃនាក់ ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ និងបងប្អូនលោកមួយរយសាមសិបនាក់ ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ និងបងប្អូនលោកពីររយនាក់ ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ និងបងប្អូនលោកប៉ែតសិបនាក់ ក្នុងពួកកូនចៅអ៊ូស៊ាល មានអ័មីណាដាប់ជាមេ និងបងប្អូនលោកមួយរយដប់ពីរនាក់។ ព្រះបាទដាវីឌក៏ហៅសង្ឃសាដុក និងសង្ឃអ័បៀថើរមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល និងអ័មីណាដាប់ផង ស្ដេចមានរាជឱង្ការទៅគេថា៖ «អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកកន្លែងដែលយើងបានរៀបចំ ព្រោះលើកមុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះរបស់ពួកយើង ព្រះអង្គបានប្រហារពួកយើង គឺព្រោះពួកយើងមិនបានស្វែងរកព្រះអង្គ ឲ្យត្រូវតាមក្បួន»។ ដូច្នេះ ពួកសង្ឃ និងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីយកហិបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក។ ពួកកូនចៅលេវីបានសែងហិបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេលើពួកលេវី ដើម្បីឲ្យគេតម្រូវពួកចម្រៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង និងឈិង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ។ ពួកលេវីក៏តម្រូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។ ដូច្នេះ ពួកអ្នកចម្រៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈិងលង្ហិន សម្រាប់វាយឲ្យឮរងំ ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សម្រាប់ដេញតាមសំឡេងស្រួច ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែប្រាំបី សម្រាប់ចាប់នាំមុខពួកចម្រៀង ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចម្រៀង គឺលោកដែលបង្ហាត់ការនោះ ព្រោះលោកជាអ្នកប្រសប់ ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហិបចូល សេបានា យ៉ូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហិបនៃព្រះ ឯអូបិឌ-អេដុម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សម្រាប់បើកឲ្យហិបចេញ។ ដូច្នេះ ព្រះបាទដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដុម មកដោយអរសប្បាយ។ ដោយព្រោះព្រះប្រោសមេត្តាដល់ពួកលេវី ដែលសែងហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា បានជាគេថ្វាយកូនគោប្រាំពីរ និងពពែប្រាំពីរ ទុកជាយញ្ញបូជា។ ឯព្រះបាទដាវីឌព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហិប ពួកចម្រៀង និងកេណានា ជាមេលើពួកចម្រៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ។ គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បានយកហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាឡើងមក ដោយសម្រែកអរសប្បាយ និងសូរស្នែង ត្រែ ឈិង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។ កាលហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញព្រះបាទដាវីឌកំពុងលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះហឫទ័យប្រមាថមើលងាយដល់ទ្រង់។
១ របាក្សត្រ 15:1-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌបានសង់ដំណាក់ជាច្រើននៅបុរីព្រះបាទដាវីឌ។ ស្ដេចក៏រៀបចំកន្លែងមួយសម្រាប់ហិបរបស់ព្រះជាម្ចាស់ ព្រមទាំងដំឡើងព្រះពន្លា ដើម្បីតម្កល់ហិបនេះផង។ ពេលនោះ ស្ដេចមានរាជឱង្ការថា៖ «មានតែក្រុមលេវីទេដែលមានសិទ្ធិសែងហិបរបស់ព្រះជាម្ចាស់ ដ្បិតព្រះអម្ចាស់បានជ្រើសរើសពួកគេ ដើម្បីសែងហិបរបស់ព្រះអង្គ និងមើលថែទាំ រហូតតទៅ»។ ព្រះបាទដាវីឌបានប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះអម្ចាស់ មកតម្កល់នៅកន្លែងដែលស្ដេចបានរៀបចំទុក។ ព្រះបាទដាវីឌក៏បានប្រមូលកូនចៅលោកអើរ៉ុន ព្រមទាំងក្រុមលេវី គឺក្នុងចំណោមកូនចៅលោកកេហាត់ មានលោកអ៊ូរាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១២០នាក់ ក្នុងចំណោមកូនចៅលោកម៉្រារី មានលោកអសាយ៉ាជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២២០នាក់ ក្នុងចំណោមកូនចៅលោកគើសុន មានលោកយ៉ូអែលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១៣០នាក់ ក្នុងចំណោមកូនចៅលោកអេលីសាផាន មានលោកសេម៉ាយ៉ាជាមេដឹកនាំ និងបងប្អូនរបស់គាត់ ២០០នាក់ ក្នុងចំណោមកូនចៅលោកហេប្រូន មានលោកអេលាលជាមេដឹកនាំ និងបងប្អូនរបស់គាត់ ៨០នាក់ ក្នុងចំណោមកូនចៅលោកអ៊ូស៊ាល មានលោកអមីណាដាប់ជាមេដឹកនាំ និងបងប្អូនរបស់គាត់ ១១២នាក់។ ព្រះបាទដាវីឌកោះហៅលោកបូជាចារ្យសាដុក និងលោកបូជាចារ្យអបៀថើរ ព្រមទាំងក្រុមលេវី គឺមានលោកអ៊ូរាល លោកអសាយ៉ា លោកយ៉ូអែល លោកសេម៉ាយ៉ា លោកអេលាល និងលោកអមីណាដាប់។ ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះ ចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។ កាលពីលើកមុន អស់លោកមិនបានចូលរួមទេ ព្រះអម្ចាស់ជាព្រះរបស់ពួកយើង បានប្រហារពួកយើង ដ្បិតពួកយើងពុំបានទៅដង្ហែហិបមក តាមក្បួនតម្រារបស់ព្រះអង្គឡើយ»។ ក្រុមបូជាចារ្យ និងក្រុមលេវីនាំគ្នាញែកខ្លួនជាវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែល។ កូនចៅលេវីបានយកឈើស្នែងមកស៊ក ហើយសែងហិបរបស់ព្រះអម្ចាស់លើស្មា ដូចលោកម៉ូសេបានបង្គាប់ ស្របតាមព្រះបន្ទូលរបស់ព្រះអម្ចាស់។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់មេដឹកនាំរបស់ក្រុមលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យយកឧបករណ៍ភ្លេង មាន ឃឹម ពិណ និងឈិង មកប្រគំយ៉ាងពីរោះ ដើម្បីសម្តែងនូវអំណរសប្បាយ។ ក្រុមលេវីបានចាត់គ្នាឲ្យបំពេញមុខងាររបស់ខ្លួន គឺលោកហេម៉ានជាកូនរបស់លោកយ៉ូអែល ហើយក្នុងចំណោមបងប្អូនរបស់គាត់ មានលោកអេសាភជាកូនរបស់លោកបេរេគា បន្ទាប់មក ក្នុងចំណោមកូនចៅរបស់លោកម៉្រារី ជាបងប្អូនរបស់ពួកគេ មានលោកអេថានជាកូនរបស់លោកគូសាយ៉ា។ បន្ទាប់មកទៀត មានក្រុមលេវីដែលនៅក្រោមបង្គាប់លោកទាំងនោះ គឺលោកសាការី លោកបេន លោកយាស៊ាល លោកសេមីរ៉ាម៉ូត លោកយេហ៊ីអែល លោកអ៊ូនី លោកអេលាប លោកបេណាយ៉ា លោកម៉ាសេយ៉ា លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេឌអេដុម និងលោកយីអែល ដែលសុទ្ធតែជាឆ្មាំទ្វារ។ ក្រុមចម្រៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។ រីឯលោកសាការី លោកយ៉ាសាល លោកសេមីរ៉ាម៉ូត លោកយីអែល លោកអ៊ូនី លោកអេលាប លោកម៉ាសេយ៉ា និងលោកបេណាយ៉ា ជាអ្នកកាន់ពិណដែលមានសំឡេងខ្ពស់។ លោកម៉ាធិធា លោកអេលីផាលេ លោកមីកនេយ៉ា លោកអូបេដអេដុម លោកយេអែល លោកអសាស៊ា ជាអ្នកកាន់ពិណដែលមានខ្សែប្រាំបីសម្រាប់នាំមុខចម្រៀង។ លោកកេណានា ជាមេដឹកនាំក្រុមលេវីផ្នែកខាងលីសែង បានទទួលបន្ទុកមើលការខុសត្រូវលើការសែងហិបនេះ ព្រោះគាត់មានសមត្ថភាព។ លោកបេរេគា និងលោកអែលកាណា ជាឆ្មាំឈរនៅជិតហិប។ លោកបូជាចារ្យសេបានា យ៉ូហូសាផាត នេថានេល អម៉ាសាយ សាការី បេណាយ៉ា និងអេលាស៊ើរ ជាអ្នកផ្លុំត្រែ នៅខាងមុខហិបរបស់ព្រះជាម្ចាស់។ លោកអូបេដអេដុម និងលោកយេហ៊ីយ៉ា ក៏ជាឆ្មាំដែលឈរនៅជិតហិបដែរ។ បន្ទាប់មក ព្រះបាទដាវីឌ ព្រមទាំងពួកព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល និងពួកមេទ័ព នាំគ្នាចេញទៅដង្ហែហិបនៃសម្ពន្ធមេត្រី*របស់ព្រះអម្ចាស់ពីផ្ទះរបស់លោកអូបេដអេដុមយ៉ាងសប្បាយរីករាយ។ ព្រះជាម្ចាស់ជួយការពារក្រុមលេវី ដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយគេបានយកគោបាប្រាំពីរក្បាល និងចៀមឈ្មោលប្រាំពីរក្បាល ថ្វាយជាយញ្ញបូជា។ ព្រះបាទដាវីឌពាក់អាវធំធ្វើពីក្រណាត់ព្រែ ហើយក្រុមលេវីដែលសែងហិប ក្រុមចម្រៀង និងលោកកេណានាជាមេដឹកនាំក្រុមសែង ក៏ស្លៀកពាក់ដូច្នោះដែរ។ ព្រះបាទដាវីឌពាក់អាវអេផូដ*ធ្វើពីក្រណាត់ទេសឯក។ ប្រជាជនអ៊ីស្រាអែលទាំងមូលដង្ហែហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ដោយសម្រែកជយឃោសសំឡេងប៉ី ត្រែ និងឈិង ព្រមទាំងប្រគំឃឹម និងពិណយ៉ាងរំពងផង។ កាលហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ហែចូលមកដល់បុរីព្រះបាទដាវីឌ ព្រះនាងមិកាល់ ជាបុត្រីរបស់ស្ដេចសូល បានអើតតាមបង្អួច ឃើញព្រះបាទដាវីឌលោតកព្ឆោង ព្រះនាងក៏មានចិត្តមើលងាយព្រះបាទដាវីឌ។
១ របាក្សត្រ 15:1-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌទ្រង់ក៏សង់ដំណាក់ សំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ហើយក៏រៀបចំកន្លែង សំរាប់ហឹបនៃព្រះ គឺបានដំឡើងត្រសាល សំរាប់ហឹបនោះ រួចដាវីឌទ្រង់មានបន្ទូលថា មិនត្រូវឲ្យអ្នកណាសែងហឹបនៃព្រះឡើយ លើកតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាទ្រង់បានរើសគេ ទុកជាអ្នកសែងហឹបនៃព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់ជាដរាប ដូច្នេះ ដាវីឌទ្រង់ប្រមូលពួកអ៊ីស្រាអែលទាំងអស់មកឯក្រុងយេរូសាឡិម ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា មកឯកន្លែងដែលទ្រង់បានរៀបសំរាប់ ទ្រង់ក៏ប្រមូលពួកកូនចៅអើរ៉ុន នឹងពួកលេវី គឺក្នុងពួកកូនចៅកេហាត់ មានអ៊ូរាលជាមេ នឹងបងប្អូនលោក១២០នាក់ ក្នុងពួកកូនចៅម្រ៉ារី មានអ័សាយ៉ាជាមេ នឹងបងប្អូនលោក២២០នាក់ ក្នុងពួកកូនចៅគើសុន មានយ៉ូអែលជាមេ នឹងបងប្អូនលោក១៣០នាក់ ក្នុងពួកកូនចៅអេលីសាផាន មានសេម៉ាយ៉ាជាមេ នឹងបងប្អូនលោក២០០នាក់ ក្នុងពួកកូនចៅហេប្រុន មានអេលាលជាមេ នឹងបងប្អូនលោក៨០នាក់ ក្នុងពួកកូនចៅអ៊ូស៊ាលមានអ័មីន៉ាដាប់ជាមេ នឹងបងប្អូនលោក១១២នាក់ ដាវីឌទ្រង់ក៏ហៅសាដុក នឹងអ័បៀថើរ ដ៏ជាសង្ឃមក ព្រមទាំងពួកលេវី គឺអ៊ូរាល អ័សាយ៉ា យ៉ូអែល សេម៉ាយ៉ា អេលាល នឹងអ័មីន៉ាដាប់ផង ទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាជាប្រធានលើវង្សានុវង្សរបស់ឪពុកនៃពួកលេវីទាំងប៉ុន្មាន ដូច្នេះ ចូរញែកខ្លួនចេញជាបរិសុទ្ធចុះ ព្រមទាំងបងប្អូនអ្នករាល់គ្នាផង ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល មកឯកន្លែងដែលយើងបានរៀបចំ ដ្បិតដោយព្រោះកាលពីជាន់មុន អ្នករាល់គ្នាមិនបានសែងទេ បានជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា ទ្រង់បានប្រហារពួកយើងទៅ គឺពីព្រោះយើងរាល់គ្នាមិនបានរកទ្រង់ ឲ្យត្រូវតាមច្បាប់ ដូច្នេះ ពួកសង្ឃ នឹងពួកលេវី ក៏ញែកខ្លួនជាបរិសុទ្ធ ដើម្បីនឹងនាំយកហឹបនៃព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលឡើងមក ពួកកូនចៅលេវីបានសែងហឹបនៃព្រះទៅដោយឈើស្នែង ដូចជាលោកម៉ូសេបានបង្គាប់មក តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។ ដាវីឌក៏ប្រាប់ ឲ្យមេពួកលេវីដំរូវ ឲ្យពួកចំរៀង ជាបងប្អូនគេ កាន់ប្រដាប់ភ្លេង គឺពិណ ស៊ុង នឹងឈឹង លេងឲ្យឮសូរក្រលួច ហើយឡើងសំឡេងច្រៀងដោយអំណរ ពួកលេវីក៏ដំរូវឲ្យមានពួកអ្នកនេះ គឺហេម៉ាន ជាកូនយ៉ូអែល ហើយក្នុងពួកបងប្អូនរបស់លោក គឺអេសាភ ជាកូនរេបេគា ឯក្នុងពួកម្រ៉ារី ជាបងប្អូនលោក គឺអេថាន ជាកូនគូសាយ៉ា ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម នឹងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ នឹងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា នឹងបេណាយ៉ា ក៏កាន់ពិណ សំរាប់ដេញ តាមសំឡេងស្រួច ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម យីអែល នឹងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សំរាប់នឹងចាប់នាំមុខពួកចំរៀង ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចំរៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់ ឯបេរេគា នឹងអែលកាណា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចូល សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហឹបនៃព្រះ ឯអូបិឌ-អេដំម នឹងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចេញ។ ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ នឹងពពែ៧ ទុកជាយញ្ញបូជា ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហឹប ពួកចំរៀង នឹងកេណានា ជាមេលើពួកចំរៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសំរែកអរសប្បាយ នឹងសូរស្នែង ត្រែ ហើយនឹងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។ កាលហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានចូលមកក្នុងទីក្រុងដាវីឌហើយ នោះមីកាល ជាបុត្រីសូល នាងទតទៅតាមបង្អួច ឃើញស្តេចដាវីឌកំពុងតែលោតកញ្ឆេង ហើយលេងភ្លេង រួចនាងមានព្រះទ័យប្រមាថមើលងាយដល់ទ្រង់។