១ របាក្សត្រ 13:1-14
១ របាក្សត្រ 13:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបាទដាវីឌបានពិគ្រោះជាមួយពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់។ ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ក្រុមជំនុំអ៊ីស្រាអែលទាំងអស់ថា៖ «ប្រសិនបើអ្នករាល់គ្នា យល់ថានេះជាការប្រសើរ ហើយក៏ជាបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ ចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើងដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ដល់ពួកសង្ឃ ពួកលេវី ដែលនៅតាមទីក្រុងនានា ដែលមានវាលស្មៅ ដើម្បីឲ្យគេនាំគ្នាមកជួបជុំជាមួយយើងផង។ បន្ទាប់មក ចូរយើងនាំហិបរបស់ព្រះនៃយើងមកវិញដែរ ដ្បិតនៅជំនាន់ស្ដេចសូល យើងរាល់គ្នាមិនបាននឹកដល់ហិបនោះសោះ»។ ក្រុមជំនុំទាំងអស់គ្នាក៏យល់ព្រមធ្វើដូច្នោះ ដ្បិតប្រជាជនពេញចិត្តនឹងការនោះ។ ដូច្នេះ ព្រះបាទដាវីឌបានប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់ពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីយកហិបរបស់ព្រះពីក្រុងគារយ៉ាត់-យារីម។ ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីយកហិបរបស់ព្រះយេហូវ៉ាដ៏ជាព្រះមក ដែលព្រះអង្គគង់នៅកណ្ដាលចេរូប៊ីមទាំងពីរ ដែលហិបនោះបានហៅតាមព្រះនាមរបស់ព្រះអង្គ។ គេយកហិបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីណាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរ ជាអ្នកបរ។ ព្រះបាទដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា បានប្រគំភ្លេងនៅចំពោះព្រះ អស់ពីកម្លាំង ព្រមទាំងច្រៀងចម្រៀង ដោយស៊ុង ពិណ ក្រាប់ ឈិង និងត្រែ។ ពេលពួកគេទៅដល់លានស្រូវរបស់គីដូន អ៊ុសាលូកដៃទៅចាប់ទប់ហិប ព្រោះគោកញ្ជ្រោលឡើង។ ដូច្នេះ ព្រះយេហូវ៉ាមានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហិប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ។ ព្រះបាទដាវីឌមានព្រះហឫទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "ពេរេស-អ៊ុសា " រហូតដល់សព្វថ្ងៃ។ នៅថ្ងៃនោះ ព្រះបាទដាវីឌមានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានរាជឱង្ការថា៖ «ធ្វើដូចម្តេចឲ្យយើងយកហិបរបស់ព្រះមកឯយើងបាន?» ដូច្នេះ ព្រះបាទដាវីឌមិនបានយកហិបមកក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម នៅក្រុងកាថវិញ។ ហិបរបស់ព្រះបាននៅជាមួយគ្រួសារអូបិឌ-អេដុម គឺនៅក្នុងផ្ទះរបស់គាត់អស់រយៈពេលបីខែ ព្រះយេហូវ៉ាក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម និងអ្វីៗទាំងអស់ដែលគាត់មានផង។
១ របាក្សត្រ 13:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះបាទដាវីឌបានប្រជុំពិភាក្សាជាមួយពួកមេបញ្ជាការកងពលធំ និងពួកមេបញ្ជាការកងពលតូច ព្រមទាំងមេដឹកនាំទាំងអស់។ ស្ដេចមានរាជឱង្ការទៅកាន់អង្គប្រជុំអ៊ីស្រាអែលទាំងមូលថា៖ «ប្រសិនបើអ្នករាល់គ្នាយល់ឃើញថាជាការប្រសើរ ហើយបើការនេះមកពីព្រះអម្ចាស់ ជាព្រះនៃយើងមែន ចូរផ្ញើសារទៅជូនបងប្អូនយើងនៅគ្រប់ទីកន្លែង ក្នុងស្រុកអ៊ីស្រាអែលទាំងមូល និងជូនពួកបូជាចារ្យ ពួកលេវី ដែលរស់នៅតាមក្រុងនានារបស់ពួកគេ ដើម្បីអញ្ជើញពួកគេមកជួបជុំជាមួយយើងទាំងអស់គ្នា។ បន្ទាប់មក យើងនាំគ្នាដង្ហែហិបរបស់ព្រះនៃយើងយកមកវិញ ដ្បិតនៅរជ្ជកាលរបស់ព្រះបាទសូល យើងពុំបាននឹកដល់ហិបនេះមកទេ»។ អង្គប្រជុំទាំងមូលក៏យល់ស្រប ព្រោះប្រជាជនទាំងមូលពេញចិត្តនឹងសំណើនេះ។ ព្រះបាទដាវីឌបានប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ចាប់តាំងពីជ្រោះស្រុកអេស៊ីបរហូតដល់ច្រកចូលក្រុងហាម៉ាត់ ដើម្បីដង្ហែហិបរបស់ព្រះជាម្ចាស់ពីគារយ៉ាត់-យារីម។ ព្រះរាជាយាងទៅក្រុងបាឡា គឺគារយ៉ាត់-យារីម ដែលស្ថិតនៅស្រុកយូដាជាមួយជនជាតិអ៊ីស្រាអែលទាំងមូល ដើម្បីដង្ហែហិបព្រះជាម្ចាស់ គឺព្រះអម្ចាស់ដែលគង់នៅកណ្ដាលពួកចេរូប៊ីន* ហើយហិបនោះជាកម្មសិទ្ធិរបស់ព្រះអង្គផ្ទាល់។ គេដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដង្ហែពីផ្ទះរបស់លោកអប៊ីណាដាប់ ដោយមានលោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាអ្នកបររទេះនោះ។ ព្រះបាទដាវីឌ និងជនជាតិអ៊ីស្រាអែលទាំងមូល សប្បាយរីករាយ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេនាំគ្នារាំតាមចង្វាក់ពិណ ឃឹម ស្គរ ឈិង ព្រមទាំងផ្លុំត្រែយ៉ាងរំពង និងស្រែកច្រៀងផង។ កាលមកដល់លានស្រូវរបស់លោកគីដុន លោកអ៊ូសាលើកដៃទៅទប់ហិប ព្រោះគោធ្វើឲ្យហិបនោះផ្អៀងចង់ធ្លាក់។ ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងលោកអ៊ូសា ហើយប្រហារជីវិតលោក ព្រោះលោកបានលើកដៃពាល់ហិប។ លោកអ៊ូសាបាត់បង់ជីវិតនៅទីនោះ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។ ព្រះបាទដាវីឌរំជួលព្រះហឫទ័យយ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់ប្រហារជីវិតលោកអ៊ូសាដូច្នេះ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា “ពេរេស-អ៊ូសា” រហូតដល់សព្វថ្ងៃ។ នៅថ្ងៃនោះ ព្រះបាទដាវីឌភ័យខ្លាចព្រះជាម្ចាស់ ហើយមានរាជឱង្ការថា៖ «យើងយកហិបរបស់ព្រះជាម្ចាស់ចូលទៅក្នុងដំណាក់របស់យើងមិនកើតទេ»។ ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ ទៅដំណាក់ នៅបុរីព្រះបាទដាវីឌទេ តែស្ដេចបានឲ្យគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេឌអេដុម ជាអ្នកស្រុកកាថ។ ហិបរបស់ព្រះអម្ចាស់ស្ថិតនៅផ្ទះរបស់លោកអូបេឌ-អេដុម គឺនៅជាមួយគ្រួសាររបស់គាត់ចំនួនបីខែ។ ព្រះអម្ចាស់ប្រទានពរដល់ក្រុមគ្រួសាររបស់លោកអូបេដអេដុម និងអ្វីៗទាំងអស់ដែលគាត់មាន។
១ របាក្សត្រ 13:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដាវីឌទ្រង់បានពិគ្រោះជាមួយនឹងពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់ ហើយទ្រង់មានបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ នឹងពួកលេវី ដែលនៅអស់ទាំងទីក្រុង នឹងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ ពួកជំនុំទាំងអស់គ្នា ក៏យល់ព្រមនឹងធ្វើដូច្នោះ ដ្បិតការនោះជាទីពេញចិត្តដល់ពួកជនទាំងឡាយ ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហឹបនៃព្រះ ពីក្រុងគារយ៉ាត់-យារីមមក ដាវីឌ នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅឯក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីនឹងយកហឹបនៃព្រះយេហូវ៉ាដ៏ជាព្រះមក ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីនទាំង២ ដែលហឹបនោះបានហៅតាមព្រះនាមទ្រង់ គេក៏យកហឹបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីន៉ាដាប់មក មានអ៊ុសា នឹងអ័ហ៊ីយ៉ូរជាអ្នកបរ ឯដាវីឌនឹងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកំឡាំង ព្រមទាំងច្រៀងចំរៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង នឹងត្រែ។ តែកាលគេទៅដល់លានស្រូវរបស់គីដូន នោះអ៊ុសាលូកដៃទៅចាប់ទប់ហឹប ពីព្រោះគោកញ្ជ្រោលឡើង ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់បង់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហឹប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះ ឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ នៅថ្ងៃនោះ ដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានបន្ទូលថា ធ្វើដូចម្តេចឲ្យយើងនាំយកហឹបនៃព្រះមកឯយើងបាន ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដំម ជាអ្នកក្រុងកាថវិញ ហើយហឹបនៃព្រះ ក៏នៅជាមួយនឹងគ្រួអូបិឌ-អេដំម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរ ដល់គ្រួរបស់អូបិឌ-អេដំម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។