១ របាក្សត្រ 10:1-14
១ របាក្សត្រ 10:1-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពួកភីលីស្ទីនច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែលក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនទៅ គេដួលស្លាប់នៅលើភ្នំគីលបោ។ ពួកភីលីស្ទីនបានដេញតាមសូល និងពួកបុត្រារបស់ព្រះអង្គយ៉ាងប្រកិត គេបានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ និងម៉ាលគី-ស៊ូអា ជាបុត្រារបស់ព្រះបាទសូល។ ចម្បាំងនោះបានធ្វើឲ្យស្ដេចសូលលំបាកណាស់ ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយគេធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។ បន្ទាប់មក ព្រះបាទសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកគេមកមើលងាយយើង» តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ។ ពេលអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ។ គឺយ៉ាងនោះ ដែលសូល និងបុត្រាទ្រង់ទាំងបី ព្រមទាំងពួកវង្សរបស់ទ្រង់ទាំងអស់ បានបាត់បង់ជីវិតទៅជាមួយគ្នា។ កាលពួកសាសន៍អ៊ីស្រាអែលដែលនៅជ្រលងភ្នំបានឃើញថា ពួកពលបានបាក់ទ័ពរត់ ហើយថា ព្រះបាទសូល និងពួកបុត្រារបស់ទ្រង់បានសុគតអស់ហើយ គេក៏បោះបង់ចោលទីក្រុងរបស់គេ ហើយរត់ភៀសខ្លួន រួចពួកភីលីស្ទីនបានចូលមករស់នៅក្នុងទីក្រុងទាំងនោះ។ ដល់ស្អែកឡើង ពេលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រារបស់ទ្រង់ទាំងបី ដែលបានដួលសុគត នៅលើភ្នំគីលបោ។ ពួកគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធ ហើយចាត់គេឲ្យនាំដំណឹងទៅស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្ដាជនផង គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិររបស់ទ្រង់ព្យួរនៅក្នុងព្រះវិហារនៃព្រះដាកុន។ ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល និងពួកបុត្រារបស់ទ្រង់ ត្រឡប់ទៅក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់រយៈពេលប្រាំពីរថ្ងៃ។ ដូច្នេះ ស្ដេចសូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងដោយព្រោះទ្រង់បានសួរគ្រូខាប ឲ្យទស្សន៍ទាយ ហើយមិនបានទូលសួរព្រះយេហូវ៉ាឡើយ។ ហេតុនេះ ព្រះយេហូវ៉ាក៏ធ្វើឲ្យស្ដេចសុគត រួចបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។
១ របាក្សត្រ 10:1-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ ពួកភីលីស្ទីនបានដេញតាមព្រះបាទសូល និងបុត្រៗរបស់ស្ដេចយ៉ាងប្រកិត។ ពួកគេសម្លាប់សម្ដេចយ៉ូណាថាន សម្ដេចអប៊ីណាដាប់ និងសម្ដេចម៉ាល់គីស៊ូអា ជាបុត្ររបស់ព្រះបាទសូល។ បន្ទាប់មក គេសម្រុកទៅលើព្រះបាទសូល។ ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះបាទសូល ធ្វើឲ្យទ្រង់តក់ស្លុតយ៉ាងខ្លាំង។ ស្ដេចមានរាជឱង្ការទៅសេនា ដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ឲ្យសាសន៍ដទៃសម្លាប់យើង ហើយប្រមាថមើលងាយយើងទេ»។ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះបាទសូលក៏ហូតដាវ ហើយផ្ដួលខ្លួនលើមុខដាវនោះទៅ។ កាលសេនាដែលកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេចឃើញស្ដេចសោយទិវង្គតដូច្នេះ គាត់ក៏ហូតដាវ រួចផ្ដួលខ្លួនលើមុខដាវដែរ។ ដូច្នេះ ព្រះបាទសូល និងបុត្រាទាំងបីអង្គ ព្រមទាំងញាតិវង្សទាំងអស់ បាត់បង់ជីវិតក្នុងពេលជាមួយគ្នា។ កាលជនជាតិអ៊ីស្រាអែលទាំងអស់ ដែលស្ថិតនៅក្នុងជ្រលងភ្នំ ឃើញថាអ៊ីស្រាអែលបាក់ទ័ព ហើយព្រះបាទសូល ព្រមទាំងបុត្រា សុគតអស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់ទៅ។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។ ស្អែកឡើង ពួកភីលីស្ទីននាំគ្នាមកប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសពរបស់ព្រះបាទសូល និងបុត្រាទាំងបីអង្គ នៅលើភ្នំគីលបោ។ ពួកគេក៏ដោះអ្វីៗទាំងអស់ចេញពីសពរបស់ស្ដេច ព្រមទាំងកាត់ក និងយកគ្រឿងសស្ត្រាវុធទៅជាមួយ រួចផ្ញើដំណឹងនេះទៅគ្រប់ទីកន្លែង ក្នុងស្រុកភីលីស្ទីនទាំងមូល ឲ្យប្រកាសនៅតាមវិហារនៃព្រះរបស់គេ និងប្រកាសប្រាប់ប្រជាជន។ បន្ទាប់មក ពួកគេយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្ដេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ កាលអ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ ដឹងអំពីហេតុការណ៍ទាំងប៉ុន្មាន ដែលពួកភីលីស្ទីនបានប្រព្រឹត្តចំពោះសពរបស់ព្រះបាទសូល ទាហានដ៏ចំណានទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាចេញដំណើរទៅយកសពរបស់ព្រះបាទសូល និងបុត្រា នាំមកក្រុងយ៉ាបេសវិញ។ ពួកគេរើសធាតុយកទៅបញ្ចុះក្រោមដើមជ្រៃមួយនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារចំនួនប្រាំពីរថ្ងៃ។ ព្រះបាទសូលសោយទិវង្គត ព្រោះតែស្ដេចបានប្រព្រឹត្តខុស ដោយក្បត់នឹងព្រះអម្ចាស់ គឺស្ដេចពុំកាន់តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ឡើយ ផ្ទុយទៅវិញ ស្ដេចបានទៅរកគ្រូអន្ទងខ្មោចទស្សន៍ទាយឲ្យ។ ស្ដេចពុំបានទូលសួរព្រះអម្ចាស់ទេ ហេតុនេះ ព្រះអង្គធ្វើឲ្យស្ដេចសោយទិវង្គត ហើយផ្ទេររាជសម្បត្តិទៅឲ្យព្រះបាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយវិញ។
១ របាក្សត្រ 10:1-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែល ក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ ពួកភីលីស្ទីនក៏ដេញតាមសូល នឹងពួកបុត្រាទ្រង់យ៉ាងប្រកិត បានធ្វើគុតយ៉ូណាថាន អ័ប៊ីណាដាប់ នឹងម៉ាលគី-ស៊ូអា ជាបុត្រាសូលទៅ ចំបាំងនោះបានប្រែជាសាហាវណាស់ដល់សូល ពួកពលធ្នូក៏តាមទ្រង់ទាន់ ហើយទ្រង់មានសេចក្ដីវេទនាដោយព្រោះគេ ដូច្នេះ សូលមានបន្ទូលទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធទ្រង់ថា ចូរហូតដាវឯងមកចាក់ទំលុះអញទៅ ក្រែងពួកមិនកាត់ស្បែកនេះ គេមកមើលងាយអញ តែអ្នកនោះមិនហ៊ានទេ ដ្បិតគាត់ភ័យខ្លាចជាខ្លាំង ដូច្នេះ សូលក៏ហូតយកដាវរបស់ទ្រង់ ផ្តួលអង្គទៅលើ រួចកាលអ្នកកាន់គ្រឿងសស្ត្រាវុធទ្រង់ បានឃើញថាសូលសុគតហើយដូច្នោះ នោះគាត់ក៏ផ្តួលខ្លួនទៅលើដាវរបស់ខ្លួន ស្លាប់ទៅដែរ គឺយ៉ាងនោះ ដែលសូល នឹងបុត្រាទ្រង់ទាំង៣ ព្រមទាំងពួកវង្សទ្រង់ទាំងអស់ បានស្លាប់ទៅជាមួយគ្នា។ កាលពួកសាសន៍អ៊ីស្រាអែល ដែលនៅច្រកភ្នំបានឃើញថា ពួកពលបែករត់ទៅ ហើយថា សូល នឹងពួកបុត្រាទ្រង់បានសុគតហើយ នោះគេលះចោលទីក្រុងរបស់គេ រត់ទៅដែរ រួចពួកភីលីស្ទីនបានមកអាស្រ័យនៅក្នុងទីក្រុងទាំងនោះ ដល់ថ្ងៃស្អែក កាលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ ពីខ្មោចទាំងនោះ ក៏ឃើញសពសូល នឹងបុត្រាទ្រង់ទាំង៣ ដែលបានដួលសុគត នៅលើភ្នំគីលបោ រួចគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ នឹងគ្រឿងសស្ត្រាវុធទ្រង់ ចាត់គេឲ្យនាំដំណឹងទៅឯស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ នឹងពួកបណ្តាជនផង គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន កាលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើដល់សូល នោះពួកមនុស្សក្លាហានទាំងប៉ុន្មាន ក៏ក្រោកឡើងទៅយកព្រះសពរបស់សូល នឹងពួកបុត្រាទ្រង់ នាំត្រឡប់ទៅឯក្រុងយ៉ាបេសវិញ រួចបញ្ចុះអដ្ឋិទ្រង់ ក្រោមដើមម៉ៃសាក់ នៅត្រង់ក្រុងយ៉ាបេស ហើយនាំគ្នាតមអស់៧ថ្ងៃ។ ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រី ជាគ្រូខាប ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឲ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឲ្យដាវីឌ ជាបុត្រអ៊ីសាយវិញ។