យេរូសាឡឹមត្រូវវេទនាជាពុំខាន ព្រោះអ្នកក្រុងនេះជាជនបះបោរ ប្រព្រឹត្តអំពើពុករលួយ ជិះជាន់សង្កត់សង្កិនគ្នា។ ពួកគេមិនស្ដាប់ព្រះសូរសៀងរបស់ព្រះអម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះអង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះអម្ចាស់ ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។ មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។ ព្យាការីរបស់ពួកគេជាមនុស្សក្អេងក្អាង ហើយក្បត់មុខងាររបស់ខ្លួន។ បូជាចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ ដែលជាទីសក្ការៈ ព្រមទាំងបំពានលើក្រឹត្យវិន័យ។ ប៉ុន្តែ ព្រះអម្ចាស់គង់នៅក្នុងចំណោមពួកគេ ព្រះអង្គសុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ព្រះអង្គបង្ហាញយុត្តិធម៌ ឲ្យពួកគេឃើញច្បាស់ មិនដែលអាក់ខានទេ។ ប៉ុន្តែ មនុស្សប្រព្រឹត្តល្មើសមិនចេះខ្មាសឡើយ។ ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានកម្ទេចប្រជាជាតិនានា យើងបំផ្លាញប៉មការពារក្រុងរបស់ពួកគេ យើងធ្វើឲ្យផ្លូវរបស់គេនៅស្ងាត់ជ្រងំ គ្មានមនុស្សដើរ! ក្រុងរបស់គេនឹងត្រូវអន្តរាយ លែងមានប្រជាជនរស់នៅទៀត។ យើងគិតថា “អ្នករាល់គ្នាគង់តែកោតខ្លាច និងព្រមទទួលការស្ដីប្រដៅពីយើង ដូច្នេះ ទីលំនៅអ្នករាល់គ្នាមុខជាមិនត្រូវ វិនាសអន្តរាយទេ”។ ប៉ុន្តែ ពេលណាយើងដាក់ទោសពួកគេ ពួកគេគិតតែពីរូតរះប្រព្រឹត្តអំពើថោកទាប គ្រប់បែបយ៉ាង។ ហេតុនេះ ចូរចាំយើងសិន! ចូររង់ចាំថ្ងៃយើងចោទប្រកាន់អ្នករាល់គ្នា។ យើងនឹងប្រមូលប្រជាជាតិ និងនគរទាំងឡាយ យើងនឹងជះកំហឹងដ៏ខ្លាំងរបស់យើង ទៅលើពួកគេ ដូចភ្លើងឆាបឆេះ ដ្បិតភ្លើងនៃកំហឹងរបស់យើងនឹងឆាបឆេះ ផែនដីទាំងមូល -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពេលនោះ យើងនឹងជម្រះបបូរមាត់ ជាតិសាសន៍នានាឲ្យបរិសុទ្ធ ដើម្បីឲ្យពួកគេទាំងអស់គ្នាអង្វររក នាមយើងជាព្រះអម្ចាស់ ហើយព្រមព្រៀងគ្នាគោរពបម្រើយើង។ អ្នកថ្វាយបង្គំយើង ដែលយើងកម្ចាត់កម្ចាយ ឲ្យទៅនៅខាងនាយទន្លេស្រុកអេត្យូពី នឹងនាំគ្នាយកតង្វាយមកឲ្យយើង។ នៅថ្ងៃនោះ អ្នកនឹងលែងអាម៉ាស់ ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នកបានប្រព្រឹត្ត គឺអំពើបាបប្រឆាំងនឹងយើង ដ្បិតយើងដកមនុស្សក្អេងក្អាង ចេញពីចំណោមអ្នក ហើយអ្នកក៏លែងវាយឫកខ្ពស់នៅលើ ភ្នំដ៏វិសុទ្ធរបស់យើងទៀតដែរ។ យើងនឹងទុកប្រជាជនមួយចំនួន ដែលទន់ទាប ហើយក្រខ្សត់ ឲ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង ដែលជាព្រះអម្ចាស់។ ជនជាតិអ៊ីស្រាអែលដែលនៅសេសសល់ លែងប្រព្រឹត្តបទល្មើស លែងនិយាយកុហក និងលែងនិយាយបោកបញ្ឆោតទៀតហើយ ពួកគេរស់នៅយ៉ាងសុខសាន្ត គ្មាននរណាមកបំភ័យពួកគេទៀតឡើយ»។
អាន សេផានា 3
ស្ដាប់នូវ សេផានា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សេផានា 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ