សេផានា 1:2-7

សេផានា 1:2-7 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​អ្វីៗ​ឲ្យ​អស់​ពី​ផែនដី យើង​នឹង​លុប​បំបាត់​ទាំង​មនុស្ស ទាំង​សត្វ យើង​នឹង​លុប​បំបាត់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ព្រម​ទាំង​ត្រី​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ។ យើង​នឹង​កម្ទេច​អ្វីៗ​ដែល​នាំ​ឲ្យ មនុស្ស​អាក្រក់​ជំពប់​ដួល ព្រម​ទាំង​លុប​បំបាត់​មនុស្ស​ឲ្យ​អស់​ពី​ផែនដី - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា និង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម យើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់ សម្រាប់​គោរព​ព្រះ​បាល ព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ ព្រះ​នោះ​ទៀត។ យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ផ្កាយ ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផង ស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។ យើង​នឹង​កម្ទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើង ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង ហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។ ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀបចំ​យញ្ញ‌បូជា ព្រះអង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។