ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ត ជាព្រះសង្គ្រោះរបស់យើង ដើម្បីឲ្យយើងបានសុចរិត* ដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ ពាក្យនេះគួរឲ្យជឿ ខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀត បញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះជាម្ចាស់ ខិតខំយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក! ចូរចៀសវាងការជជែកវែកញែកដ៏លេលា ជជែកអំពីបញ្ជីវង្សត្រកូល ចៀសវាងទាស់ទែងគ្នា និងឈ្លោះប្រកែកគ្នាអំពីក្រឹត្យវិន័យ* ដ្បិតការទាំងនេះឥតមានផលប្រយោជន៍ ឥតបានការអ្វីទាំងអស់។ ចំពោះអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា ត្រូវព្រមានគេមួយលើកជាពីរលើក ហើយបណ្ដេញគេឲ្យចេញទៅ ដោយដឹងថា ជនប្រភេទនេះជាមនុស្សខូច គេប្រព្រឹត្តអំពើបាប និងដាក់ទោសខ្លួនឯង។ ខ្ញុំចាត់លោកអើតេម៉ាស ឬលោកទីឃីកុសឲ្យមករកអ្នក។ កាលណាគាត់មកដល់ ចូរលៃលកទៅរកខ្ញុំនៅក្រុងនីកូប៉ូលកុំបីខាន ដ្បិតខ្ញុំបានសម្រេចចិត្តថា នឹងស្នាក់នៅទីនោះក្នុងរដូវត្រជាក់។ ចូរលៃលកផ្គត់ផ្គង់លោកមេធាវីសេណាស និងលោកអប៉ូឡូស ឲ្យបន្តដំណើរទៅផង កុំឲ្យលោកទាំងពីរខ្វះខាតអ្វីឡើយ។ ត្រូវឲ្យបងប្អូនយើងរៀនប្រព្រឹត្តអំពើល្អឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។ ពួកបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកអ្នក។ សូមជម្រាបសួរបងប្អូនរួមជំនឿដ៏ជាទីស្រឡាញ់របស់យើងផង។ សូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះគុណ។
អាន ទីតុស 3
ស្ដាប់នូវ ទីតុស 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទីតុស 3:5-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ