បទចម្រៀង 7:1-13

បទចម្រៀង 7:1-13 គខប

ម្ចាស់‌ក្សត្រិយ៍​អើយ អូន​ពាក់​ស្បែក​ជើង​ដូច្នេះ​ស្អាត​ណាស់! ចង្កេះ​របស់​អូន​រាង​មូល ដូច​ខ្សែ​ក ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ដ៏​ចំណាន។ ផ្ចិត​របស់​អូន​មាន​រាង​ដូច​ពែង ពេញ​ទៅ​ដោយ​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់​ជានិច្ច។ ពោះ​របស់​អូន​ប្រៀប​បាន​នឹង​គំនរ​ស្រូវ​សាលី ដែល​មាន​ផ្កា​ក្រវាន់​លំអ​ជុំ‌វិញ។ សុដន់​ទាំង​ពីរ​របស់​អូន ប្រៀប​បាន​នឹង​កូន​ភ្លោះ របស់​ប្រើស។ ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​ធ្វើ​ពី​ភ្លុក។ ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​ទឹក​ត្រពាំង នៅ​ក្រុង​ហេស‌បូន ដែល​ស្ថិត​នៅ​ក្បែរ​ទ្វារ​បាត-‌រ៉ាប៊ីម ច្រមុះ​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​លីបង់ ដែល​បែរ​ទៅ​រក​ក្រុង​ដាម៉ាស។ ក្បាល​របស់​អូន​ស្ថិត​នៅ​ពី​លើ​ដង​ខ្លួន ដូច​ភ្នំ​កើមែល។ សរសៃ​សក់​របស់​អូន​ប្រៀប​បី​ដូច​ក្រណាត់​ដ៏​ទន់។ ព្រះ‌រាជា​គាប់​ព្រះ‌ហឫទ័យ​នឹង ផ្នួង​សក់​របស់​អូន​ណាស់។ គូ​ស្នេហ៍​របស់​បង ព្រលឹង​មាស​បង​អើយ អូន​ល្អ​ស្អាត គួរ​ឲ្យ​ស្រឡាញ់​ណាស់។ រូប​រាង​របស់​អូន​ល្អ​ស្អាត​ដូច​ដើម​ទន្លាប់ សុដន់​របស់​អូន​ក៏​ដូច​ផ្លែ​ទន្លាប់​ដែរ។ បង​គិត​ថា ត្រូវ​តែ​ឡើង​ដើម​ទន្លាប់​នេះ ដើម្បី​បេះ​ផ្លែ​របស់​វា។ សូម​ឲ្យ​សុដន់​របស់​អូន​ប្រៀប​បាន​នឹង ចង្កោម​ទំពាំង‌បាយជូរ ហើយ​ឲ្យ​ដង្ហើម​របស់​អូន​សាយ​ក្លិន​ក្រអូប ដូច​ផ្លែ​ចន្ទន៍។ មាត់​របស់​អូន​ប្រៀប​បាន​នឹង​ស្រា​ទំពាំង‌បាយជូរ យ៉ាង​ឆ្ងាញ់! មែន​ហើយ សូម​ឲ្យ​ស្រា​ទំពាំង‌បាយជូរ​នេះ ហូរ​មក​សម្រាប់​ម្ចាស់​ចិត្ត​អូន សូម​ឲ្យ​ស្រា​ទំពាំង‌បាយជូរ​នេះ ស្រក់​លើ​បបូរ​មាត់​ដែល​កំពុង​តែ​លង់‌លក់។ ខ្ញុំ​ប្រគល់​រូប​កាយ​ជូន​ម្ចាស់​ចិត្ត​របស់​ខ្ញុំ ហើយ​គាត់​ចង់​បាន​ខ្ញុំ​ណាស់។ ម្ចាស់​ចិត្ត​អូន​អើយ សូម​អញ្ជើញ​មក យើង​ទៅ​ចម្ការ​ជា​មួយ​គ្នា យប់​នេះ យើង​សម្រាក​នៅ​តាម​ភូមិ។ ព្រលឹម​ឡើង យើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ ដើម្បី​មើល ក្រែង​លោ​ទំពាំង‌បាយជូរ​ពន្លក​ឡើង ហើយ​ចេញ​ផ្កា រួច​យើង​មើល ក្រែង​លោ​ដើម​ទទឹម​មាន​ផ្កា។ នៅ​ទី​នោះ អូន​នឹង​ប្រគល់​ស្នេហា​ជូន​បង។ ផ្លែ​ស្នេហ៍សាយ​ក្លិន​យ៉ាង​ក្រអូប នៅ​មាត់​ទ្វារ​របស់​យើង មាន​ផ្លែ​ដ៏​ល្អ​វិសេស​គ្រប់​មុខ គឺ​ទាំង​ផ្លែ​ចាស់ និង​ផ្លែ​ថ្មី។ ម្ចាស់​ចិត្ត​អូន​អើយ អូន​រក្សា​ផ្លែ​ទាំង​នោះ​ទុក​ជូន​បង។