បទចម្រៀង 4:9-16

បទចម្រៀង 4:9-16 គខប

អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ ដោយ‌សារ​កែវ​ភ្នែក​របស់​អូន និង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន អូន​បាន​ធ្វើ​ឲ្យ​បេះ‌ដូង​បង​ញាប់‌ញ័រ។ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ សេចក្ដី​ស្រឡាញ់​របស់​អូន​ទន់‌ភ្លន់​ណាស់ សេចក្ដី​ស្រឡាញ់​របស់​អូន ប្រសើរ​ជាង ស្រា​ទំពាំង‌បាយជូរ ហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប ទាំង​ប៉ុន្មាន​ទៅ​ទៀត។ សម្លាញ់​ចិត្ត​បង​អើយ បបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ដម​របស់​ផ្កា នៅ​ក្រោម​អណ្ដាត​របស់​អូន ក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោ ហើយ​សម្លៀក‌បំពាក់​របស់​អូន​មាន​ក្លិន​ក្រអូប ដូច​ព្រៃ​ព្រឹក្សា​នៅ​ស្រុក​លីបង់។ អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​ជា​សួន​ឧទ្យាន​តែ​មួយ​គត់​របស់​បង អូន​ជា​អណ្ដូង​ទឹក​របស់​បង និង​ជា​ប្រភព​ទឹក​របស់​បង។ ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស។ ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ ដើម​ទេព្វិរូ និង​រមៀត ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប ជ័រ​ល្វីង‌ទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស គ្រប់​យ៉ាង។ អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់ និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។ ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ ដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប! សូម​ម្ចាស់​ចិត្ត​របស់​អូន ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ!