រ៉ូម 6:6-13

រ៉ូម 6:6-13 គខប

យើង​ដឹង​ថា ចរិត​ចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជា​មួយ​ព្រះអង្គ​រួច​ហើយ ដើម្បី​ឲ្យ​ខ្លួន​យើង​ ​ដែល​ជាប់​បាប​នេះ​ត្រូវ​វិនាស​សាប‌សូន្យ កុំ​ឲ្យ​យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​បាប​ត​ទៅ​ទៀត ដ្បិត​អ្នក​ដែល​ស្លាប់​មិន​ទាក់​ទាម​នឹង​បាប​ទៀត​ទេ។ ដូច្នេះ ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌គ្រិស្ត យើង​ក៏​ជឿ​ថា យើង​នឹង​មាន​ជីវិត​រួម​ជា​មួយ​ព្រះអង្គ​ដែរ ព្រោះ​យើង​ដឹង​ថា ព្រះ‌គ្រិស្ត​ដែល​រស់​ឡើង​វិញ​នោះ ទ្រង់​លែង​សោយ​ទិវង្គត​ហើយ មច្ចុរាជ​គ្មាន​អំណាច​លើ​ព្រះអង្គ​ទៀត​ទេ ដ្បិត​ព្រះអង្គ​បាន​សោយ​ទិវង្គត​នោះ គឺ​សោយ​ទិវង្គត​ឲ្យ​បាន​រួច​ផុត​ពី​អំណាច​បាប​ ម្ដង​ជា​សូរេច។ ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌ជន្ម​រស់​នោះ គឺ​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់។ រីឯ​បងប្អូន​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ចាត់​ទុក​ថា​ខ្លួន​បាន​ស្លាប់ រួច​ផុត​ពី​អំណាច​បាប ហើយ​បងប្អូន​មាន​ជីវិត​រស់​សម្រាប់​ព្រះ‌ជា‌ម្ចាស់ ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បងប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជា‌ម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ទៅ​បម្រើ​ព្រះ‌ជា‌ម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ